Wednesday, December 17, 2025
Homeសង្គម និងជីវិតមានប្រវត្តិជាអ្នករើសអេតចាយលោកស្រី សោភា បុត្រឈ័រ ខ្នាស់ខ្នែងជួយជាតិ ខណ:ថៃឈ្លានពាន

មានប្រវត្តិជាអ្នករើសអេតចាយលោកស្រី សោភា បុត្រឈ័រ ខ្នាស់ខ្នែងជួយជាតិ ខណ:ថៃឈ្លានពាន

ប្រទេសអាល្លឺម៉ង់ៈ នៅគ្រាដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិ និងសង្គ្រាមឈ្លានពាន ប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងរស់នៅក្នុងភាពព្រួយបារម្ភ និងការខ្វះខាត ខណៈដែលសំឡេង និងទឹកចិត្តរបស់ជនជាតិខ្មែរនៅបរទេស ក៏មិនបានស្ងៀមស្ងាត់ឡើយ។ ពីលើទឹកដីអាល្លឺម៉ង់ លោកស្រី សោភា បុត្រឈ័រ បានបង្ហាញជាក់ស្តែងនូវទឹកចិត្តសប្បុរសធម៌ និងមនសិការជាតិខ្ពស់ តាមរយៈសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ជាបន្ត បន្ទាប់ ដើម្បីគាំទ្របងប្អូនខ្មែរនៅក្នុងប្រទេស និងឈរជាមួយមាតុភូមិ ក្នុងគ្រាលំបាកដ៏ធ្ងន់ធ្ងរនេះ។

ទង្វើនេះបង្ហាញឱ្យឃើញថា នៅពេលជាតិជួបវិបត្តិ មនុស្សខ្មែរនៅតែអាចរួបរួមគ្នា ដោយចិត្តមួយ សម្លេងមួយ និងបំណងមួយ គឺការពារជាតិ ការពារបងប្អូន និងរក្សាកិត្តិយសនៃមនុស្សធម៌ឱ្យនៅរស់រវើកជានិច្ច។

ទោះបីរស់នៅលើទឹកដីបរទេស មានជីវភាពសុខសាន្ត និងគ្រួសារដ៏កក់ក្ដៅយ៉ាងណាក៏ដោយ ក្តីស្រឡាញ់ចំ ពោះស្រុកកំណើត មិនដែលរលាយបាត់ពីបេះដូងជនជាតិខ្មែរនៅក្រៅប្រទេសឡើយ។ ចម្ងាយអាចបំបែកភូមិសាស្ត្រ ប៉ុន្តែមិនអាចបំបែកទឹកចិត្ត និងឫសគល់ជាតិបានទេ។ ក្នុងចំណោមបងប្អូនខ្មែរទាំងនោះ លោកស្រី សោភា បុត្រឈ័រ គឺជាគំរូដ៏អស្ចារ្យដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មាតុភូមិនិយម មិនមែនជាពាក្យសំដីទទេ ប៉ុន្តែជាសកម្មភាពដែលកើតចេញពីបេះដូង។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទោះរស់នៅប្រទេសអាល្លឺម៉ង់ ក៏លោកស្រីមិនដែលឱបដៃមើលរំលងទុក្ខលំបាករបស់ប្រជាជននៅស្រុកខ្មែរឡើយ។ ជំនួយមនុស្សធម៌ សកម្មភាពសប្បុរសធម៌ និងការជួយឧបត្ថម្ភផ្សេងៗជាច្រើន ត្រូវបានបន្តធ្វើឡើងឥតឈប់ឈរ ដោយមិនគិតពីការលំបាកផ្ទាល់ខ្លួន ឬចម្ងាយភូមិសាស្ត្រឡើយ។ គេកត់សម្គាល់ថា សកម្មភាពទាំងនេះ មិនមែនជាការបង្ហាញឈ្មោះ ឬស្វែងរកកេរ្តិ៍ឈ្មោះទេ ប៉ុន្តែជាការបញ្ចេញ ពីបេះដូងរបស់ស្ត្រីខ្មែរម្នាក់ ដែលមិនធ្លាប់ភ្លេចដើមកំណើត មិនធ្លាប់ភ្លេចដីដែលបង្កើតខ្លួន។

ជាពិសេស នៅពេលដែលប្រទេសកម្ពុជាកំពុងជាប់គាំងក្នុងស្ថានភាពតានតឹង និងសង្គ្រាមឈ្លានពានពីសំ ណាក់ប្រទេសជិតខាងយ៉ាងអមនុស្សធម៌ ទឹកចិត្តរបស់ជនជាតិខ្មែរនៅបរទេសរូបនេះ កាន់តែរឹងមាំ និងឈឺចាប់ជាងមុន។ សង្គ្រាមមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិដីធ្លី ឬជីវិតមនុស្សទេ ប៉ុន្តែវាបំបាក់បេះដូងកូនខ្មែរទាំងអស់ មិនថានៅជិត ឬនៅឆ្ងាយ ជាពិសេសកុមារដែលកំពុងទទួលរងឥទ្ធិពលនៃសង្គ្រាមនេះផ្ទាល់។  ពួកគេមិនអាចឈរមើលដោយស្ងៀមស្ងាត់បានឡើយ ព្រោះរាល់គ្រាប់កាំភ្លើងដែលផ្ទុះនៅលើដីកំណើត គឺដូចជាផ្ទុះនៅក្នុងចិត្តរបស់ពួកគេផងដែរ។

បើតាមលោកស្រី សោភា បុត្រឈ័រ បានសង្កត់ធ្ងន់ថា«ខ្មែរអាចរស់នៅឆ្ងាយពីស្រុកកំណើតបាន។ អាចកសាងជីវិតថ្មីនៅលើដីបរទេសបាន។  ប៉ុន្តែមិនអាចរស់ដោយគ្មានស្រុកកំណើតនៅក្នុងបេះដូងបានឡើយ។ ព្រោះប្រទេសកម្ពុជា មិនមែនជាទីកន្លែងសម្រាប់រស់នៅតែប៉ុណ្ណោះ ប៉ុន្តែជាឈាម ជាឫសគល់ ជាអត្តសញ្ញាណរបស់យើង ហើយនៅពេលប្រទេសកម្ពុជារងគ្រោះ កូនខ្មែរទាំងអស់មិនថានៅទីណា ក៏ឈឺចាប់ដូចគ្នា»។

សម្រាប់លោកស្រី សោភា បុត្រឈ័រ សង្គ្រាមមិនមែនជាព័ត៌មានឆ្ងាយភ្នែក មិនមែនជាចំណងជើងសារព័ត៌មានតែប៉ុណ្ណោះទេ ប៉ុន្តែជារបួសជ្រៅក្នុងចិត្ត។ រាល់ការឈឺចាប់របស់ប្រជាជនខ្មែរ គឺដូចជាការឈឺចាប់របស់ខ្លួនឯង រាល់ទឹកភ្នែករបស់កូនខ្មែរ គឺដូចជាទឹកភ្នែកដែលហូរចេញពីបេះដូងរបស់នាង។ នេះហើយជាមូលហេតុដែលធ្វើឱ្យសកម្មភាពមនុស្សធម៌របស់លោកស្រី កាន់តែសកម្ម រស់រវើក និងពោរពេញដោយអារម្មណ៍ទទួលខុសត្រូវចំពោះជាតិ និងមនុស្សជាតិ។

ដូច្នេះហើយ ទឹកប្រាក់រាប់សិបម៉ឺនដុល្លារត្រូវបានអ្នកជំនួញដែលមានប្រវត្តិជាអ្នករើសអេតចាយរូបនេះចាត់ចែងផ្ញើរមកកាន់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពសប្បុរសធម៌នានាជួយដល់គោលដៅជនភៀសសឹកជាច្រើន ជាមួយនឹងពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកម្ពុជា និងកំពុងខ្នាសខ្នែងជួយគ្នាក្នុងគ្រាលំបាកនេះ។ នេះមិនមែនជាអំណោយធម្មតា ប៉ុន្តែជាទឹកចិត្ត និងការឈឺចាប់រួមរបស់ជាតិមួយ ដែលមិនអាចមើលរំលងការបាត់បង់របស់ខ្លួនបានឡើយ។

នេះក៏សារមួយថ្លែងទៅកាន់ ជនជាតិខ្មែរនៅបរទេស មិនគួបោះបង់ប្រទេសកំណើតឡើយ។ ទោះរស់នៅឆ្ងាយ តែបេះដូងនៅជាមួយខ្មែរ ទឹកចិត្តនៅជាមួយជាតិ និងជំនឿនៅជាមួយអនាគតកម្ពុជា។ ក្នុងគ្រាលំបាក ដូចជាពេលមានសង្គ្រាមឈ្លានពាន ទឹកចិត្តខ្មែរនេះឯង គឺជាថាមពលសាមគ្គីដ៏មានតម្លៃ ដែលបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរ មិនដែលចោលខ្មែរ និងមាតុភូមិ មិនដែលឆ្ងាយពីបេះដូងកូនខ្មែរឡើយ។

លោកស្រី សោភា បុត្រឈ័រ ជាស្ត្រីខ្មែរដែលកើតឆ្នាំ ១៩៧៩ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ លោកស្រីធំឡើងក្នុងគ្រួសារក្រីក្រ បន្ទាប់ពីសម័យប្រល័យពូជសាសន៍ ដោយរស់នៅក្រោមការចិញ្ចឹមរបស់យាយតា និងប្រឈមនឹងជីវិតលំបាកតាំងពីក្មេង។

ក្រោយបញ្ចប់ការបណ្តុះបណ្តាលផ្នែកគណនេយ្យ និងកុំព្យូទ័រ លោកស្រីបានធ្វើការនៅវិស័យសេវាកម្ម និងមន្ទីរពេទ្យគុន្ធបុប្ផា ជាមួយវេជ្ជបណ្ឌិត Dr. Beat Richner ដែលបានបង្កើនការយល់ដឹងរបស់លោកស្រីអំពីសប្បុរសធម៌ និងការជួយមនុស្ស។

 បន្ទាប់ពីរៀបការនិងផ្លាស់ទៅរស់នៅអឺរ៉ុប លោកស្រីបានក្លាយជាសប្បុរសជនសកម្ម។ បច្ចុប្បន្ន លោកស្រី និងស្វាមីបានបរិច្ចាគប្រាក់ជាច្រើនលានអឺរ៉ូ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ ជួយកុមារ ក្រីក្រ អ្នកពិការ អ្នកគ្មានផ្ទះសម្បែង និងជនងាយរងគ្រោះ នៅកម្ពុជា អាល្លឺម៉ង់ និងប្រទេសផ្សេងៗ។

សកម្មភាពរបស់លោកស្រី ត្រូវបានមើលឃើញថា ជាគំរូនៃទឹកចិត្តសប្បុរសធម៌ និងមនសិការជាតិរបស់ជនជាតិខ្មែរនៅបរទេស ដែលមិនបំភ្លេចស្រុកកំណើត និងបន្តឈរជាមួយមាតុភូមិ ក្នុងគ្រាលំបាក៕

RELATED ARTICLES