ខេត្តកណ្តាល ៖ យុវជនម្នាក់ ត្រឡប់មកពីផ្ទះបងប្អូន បែកកកង់ម៉ូតូតាមផ្លូវ ទើបចុះបណ្តើរ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៤នាក់ បានស្ទុះទាញដាវកាប់ជនរងគ្រោះ បំណងប្លន់ម៉ូតូ បណ្តាលឱ្យរងរបួសដៃ តែត្រូវជន រងគ្រោះតដៃ ប្រតាយប្រតប់ជាមួយជនសង្ស័យម្នាក់ និងទាញដុំថ្មសំពងជនសង្ស័យ បណ្តាលឱ្យរយះក្បាល និងធ្លាក់ចូលទឹក ទាំង២នាក់ ធ្វើឱ្យជនសង្ស័យភ័យ ក៏រត់គេចបាត់។ លុះជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែជួបជនសង្ស័យ បានចូលទៅដេរមុខរបួសដែរ ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង ខណៈបក្ខពួកជនសង្ស័យ ៣នាក់ទៀត បានរត់គេចខ្លួនបាត់អស់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើមហាវិថីស៊ី ជីងពីង ម្តុំស្ពានព្រែកចាបយំ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះផាត លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ (រងរបួសប្រអប់ដៃ ឆ្វេងដេរ ១០ថ្នេរ និងរបួសម្រាមដៃស្តាំ)។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកុសល ភារុណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ រីឯបក្ខពួក ៣នាក់ទៀត រួមមាន ទី១-ឈ្មោះសឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះនី ប្រុសពៅ ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៣-ឈ្មោះសាន់ ខួច ភេទប្រុស អាយុ២២ឆ្នាំ កំពុងរត់គេចខ្លួន។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ទូរស័ព្ទដៃ ១គ្រឿង និងដាវដែក ដងឈើ ១ដើម (ជារបស់ជនសង្ស័យ)។

លោកអធិការក្រុង បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីផ្ទះបងថ្លៃវិញ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបែកកង់ ក៏ចុះបណ្តើរ។ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ ១ គ្រឿង មកដល់ រួចបានលោតចុះយកដាវដេញកាប់ជនរងគ្រោះ។ ភ្លាមៗនោះ ជនរងគ្រោះបានតដៃ និងចាប់ ដាវ ប្រតាយប្រតប់គ្នា រហូតធ្លាក់ទឹក ហើយជនរងគ្រោះបានរើសដុំថ្មវាយក្បាលជនសង្ស័យម្នាក់ ធ្វើឱ្យជន សង្ស័យភ័យ លែងដាវចោល និងហែលទឹក គេចខ្លួនទៅត្រើយម្ខាង។
លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ស្រាប់តែបានជួបជនសង្ស័យដែលចូលមកព្យាបាលរបួសក្បាលដូចគ្នា ទើបប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបានភ្លាមៗតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ប្លន់ម៉ូតូប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕