ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសផ្អាកដំណើរការបង្រៀននិងរៀន ក្នុងស្រុកបាណន់ បន្ទាប់ពីយោធាថៃ បានឈ្លានពានលើភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ដោយបាញ់ផ្លោងជាច្រើនគ្រាប់។


យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយសារសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ សូមជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សា នុសិស្សទាំងអស់ ជ្រាបថា ដោយមានការឈ្លានពានពីសំណាក់យោធាថៃ មកលើភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជននិងកីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ក្នុងស្រុកបាណន់ ផ្អាកដំណើរការបង្រៀននិងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់ បញ្ចៀ សបាននូវគ្រោះថ្នាក់។


សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើ សូមគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា នៃស្រុកបាណន់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
