ភ្នំពេញ ៖ ស្របពេលដែលបណ្តាក្រសួង ស្ថាប័ននានាទូទាំងប្រទេស ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បានញត្តិថ្កោលទោសយ៉ាងធ្ងន់បំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានបង្កឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ ប្រហារ និងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក មកលើផ្ទះប្រជាពលរដ្ឋ និងប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ មក ដែលបង្កឱ្យសិស្សសាលា និងប្រជាជនស៊ីវិល ស្លាប់ របួស រត់ចោលសាលារៀន និងផ្ទះសម្បែង យ៉ាងវេទនានោះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន ១៨៣ ក៏បានចេញលិខិតថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជានេះផងដែរ។

ក្នុងលិខិតថ្កោលទោសរួមគ្នារបស់អង្គការសង្គមស៊ីវិល ចំនួន ១៨៣ ដែលក្នុងនោះមានដូចជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM ), វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ជាដើម បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធ ឈ្លានពានយោធា និងការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តិទ្បើងដោយរដ្ឋាភិបាល-យោធាថៃ នៅក្នុងទឹកដីកម្ពុជា។ ទង្វើទាំង នេះ បង្កើតជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និងនីតិសកល។
លិខិតថ្កោលទោសរបស់អង្គការសង្គមស៊ីវិល ចំនួន ១៨៣ ចំពោះការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «អង្គការសង្គមស៊ីវិលកម្ពុជា ដែលបានគាំទ្រដូចមានខាងលើនេះ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំង យោធាប្រដាប់អាវុធ ឈ្លានពានយោធា និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តិឡើងដោយរដ្ឋាភិបាល-កយោធាថៃ នៅក្នុងទឹកដីកម្ពុជា។ ទង្វើទាំងនេះ បង្កើតជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និងនីតិសកល។

បន្ទាប់ពីរដ្ឋាភិបាលថៃ បានប្រកាសអំពីប្រតិបត្តិការយោធាដ៏ធ្ងន់ធ្ងរ ក្នុងគោលបំណងធ្វើឱ្យកងកម្លាំងកម្ពុជា ចុះខ្សោយ ក្នុងរយៈពេលវែង យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងប្រភពដែលគួរឲ្យទុកចិត្តមួយចំនួន គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ បានឲ្យដឹងថា សកម្មភាពយោធា រួមមានទាំងការវាយប្រហារតាមអាកាស (F-16) ការបាញ់ផ្លោងកាំភ្លើងធំ និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រាប់រំសេវផ្សេងៗ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជា យ៉ាងហោចណាស់ ២១នាក់ ស្លាប់ និងរងរបួស ៨៣នាក់។ ជនស៊ីវិលជាច្រើនបន្ថែមទៀត បានរងផលប៉ះពាល់ ហើយចំនួនជនភៀសសឹក (IDPs) បានកើនឡើងដល់ ៦០៧ ៩៨០ នាក់ ភាគច្រើនជាស្ត្រី មានចំនួនរហូតដល់ ៥២% និងកុមារ ៣២%។ ប្រជាជនទាំងនេះត្រូវបានជម្លៀសដោយបង្ខំ ដោយសារតែសកម្មភាពសង្គ្រាម និងអសន្តិសុខ ដែលបាននិងកំពុងបន្តកើតមានឡើង។ លើសពីនេះ ផ្ទះពលរដ្ឋ ចំនួន ១២៧ខ្នង សាលារៀននៅទីតាំងចំនួន ៥កន្លែង បណ្ឌលសុខភាពក្នុងស្រុក ចំនួន ៣កន្លែង និងផ្សារ ក្នុងស្រុកចំនួន ១កន្លែង ត្រូវបានបំផ្លាញ។
ការវាយប្រហារ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ អង្គការសង្គមស៊ីវិល ក៏បានសង្កេតឃើញករណីទាហានថៃ ចូលទៅក្នុងលំនៅឋានរបស់ប្រជាជនស៊ីវិល ដែលបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ទាក់ទងនឹងការបាត់បង់ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។
ប្រជាជនស៊ីវិល ជាកម្មវត្ថុដែលត្រូវបានការពារ ក្រោមច្បាប់អន្តរជាតិ រួមទាំងប្រាសាទប្រវត្តិសាស្ត្រដ៏មានតម្លៃ ផ្ទះសម្បែង ភូមិដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗផ្សេងទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានបំផ្លាញ ឬមិនអាចប្រើប្រាស់បានឡើយ។ ភូមិរាប់រយ នៅទូទាំងខេត្តចំនួនប្រាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃត្រូវបានបោះបង់ចោល ផ្ទះសម្បែងជាច្រើន ត្រូវបានបំផ្លិចបំផ្លាញដោយគ្រប់បែកទម្លាក់ពីយន្តហោះចម្បាំង កាំភ្លើងផ្លោងធុនធ្ងន់ៗ និងកាំភ្លើងយន្ត ហើយវាកំពុងបង្កឱ្យមានវិបត្តិមនុស្សធម៌ និងការការពារយ៉ាងធ្ងន់ធ្ងរ។
អង្គការសង្គមស៊ីវិល មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការចោទប្រកាន់ដែលគួរឱ្យជឿទុកចិត្តបាន អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងវអំពើហិង្សាផ្លូវភេទ ប្រឆាំងនឹងប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានចោទ ប្រកាន់ដោយក្រុមសមាជិកនៃយោធាថៃ ។ ទង្វើបែបនេះ នៅពេលដែលភ័ស្តុតាងត្រូវបានបញ្ជាក់ជាផ្លូវការ គឺអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ក្រោមច្បាប់អន្តរជាតិ ហើយទាមទារឱ្យមានការស៊ើបអង្កេតបន្ទាន់ ឯករាជ្យ យុត្តិធម៌ និងមានប្រសិទ្ធភាព ដោយអ្នកប្រព្រឹត្ត ត្រូវទទួលខុសត្រូវ។
សកម្មភាពទាំងនេះ បង្ហាញពីការរំលោភបំពានលើមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ ក៏ដូចជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ច្បាប់មនុស្សធម៌អន្តរជាតិ ខាងទំនៀមទម្លាប់ និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូល។ ពួកគេបានអនុវត្តផ្ទុយពីកាតព្វកិច្ចរបស់ថៃ ក្នុងនាមជាប្រទេសហត្ថលេ ខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការគោរពអធិបតេយ្យ ឯក រាជ្យភាព បូរណភាពទឹកដី ឯកភាពជាតិ និងសិទ្ធិមនុស្សរបស់កម្ពុជា។
អង្គការសង្គមស៊ីវិល សង្កត់ធ្ងន់ថា ការឈ្លានពាន និងការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធមិនអាចបង្កើតជាមធ្យោបាយស្របច្បាប់ ឬស្របច្បាប់ក្នុងការដោះស្រាយបញ្ហាទ្វេភាគីបានទេ។ ការបន្តកើនឡើងជាបន្តបន្ទាប់ នៃកម្លាំងប្រដាប់អាវុធ មិនត្រឹមតែបង្កគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញប្រជាជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញស្ថិរភាពក្នុងតំបន់ គោលការណ៍មូលដ្ឋានគ្រឹះរបស់អាស៊ាន និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រទេសទាំងពីរផងដែរ។
ដូច្នេះយើងស្នើឱ្យមាន ៖
1. ការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពសង្គ្រាមឈ្លានពាន និងការដកកងកម្លាំងយោធាប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ចេញពីទឹកដីកម្ពុជា ។
2. ត្រូវគោរពឲ្យពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងការការពារជនប្រជាជនស៊ីវិល និងកម្មវត្ថុនានាទាក់ទិននឹងប្រជាជនស៊ីវិល ។
3. ការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិឯករាជ្យ ដើម្បីស៊ើបអង្កេតលើការរំលោភបំពាន ការបំផ្លិចបំផ្លាញ រួមទាំងអំពើហិង្សាផ្លូវភេទ និងការសម្លាប់ដោយខុសច្បាប់ ។
4. គណនេយ្យភាពប្រកបដោយអត្ថន័យ ៖ តាមរយៈយន្តការជាតិ តំបន់ ឬអន្តរជាតិ សមស្រប រួមទាំងការចូលរួមជាមួយយន្តការពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ អន្តរជាតិ ដែលយុត្តាធិការអនុញ្ញាតឲ្យធ្វើទៅបាន និងស្ថាប័នយុត្តិធម៌។
5. ត្រូវការពារសិទ្ធិជនស៊ីវិល ពិសេសកុមារ ស្ត្រី ជនមានពិការភាព ពិសេសសជនចាស់ជរា ឲ្យស្របតាមច្បាប់អន្តរជាតិ។
អង្គការសង្គមស៊ីវិល ជំរុញឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន ចាត់វិធានការជាដុំកំភួន និងធ្វើសកម្មភាពយ៉ាងសកម្មផ្ទាល់ ជាជាងដោយប្រយោល។ ការឆ្លើយតបយឺតយ៉ាវ ឬមិនពេញលេញ ចំពោះការឈ្លានពានដែលគឃ្លើន វាមានតែបង្កើតនូវនិទ្ទណ្ឌភាព និងធ្វើឱ្យការរំលោភបំពាន ទៅជារឿងជាធម្មតា។ វិធានការប្រកបដោយភាពច្នៃប្រឌិត ស្របច្បាប់ និងចេញជាគោលការណ៍ រូមទាំងសម្ពាធការទូត ការចូលរួមបង្ការ ទប់ស្កាត់ ការដាក់ទណ្ឌកម្មតាមគោលដៅសមស្រប និងការត្រួតពិនិត្យជាអន្តរជាតិ ដោយភាពវៃឆ្លាត និងចាំបាច់ ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀត និងការពារប្រជាជនស៊ីវិល។

សន្តិភាព អធិបតេយ្យ និងសិទ្ធិមនុស្ស មិនអាចរក្សាបាន តាមរយៈភាពស្ងៀមស្ងាត់ ឬអសកម្មនោះទេ។ សកម្មភាពអន្តរជាតិភ្លាមៗ គោលការណ៍ និងសម្របសម្រួល ត្រូវបានទាមទារដើម្បីរក្សានីតិសកល ទប់ស្កាត់ការបង្កគ្រោះថ្នាក់បន្ថែមទៀត និងធានាថា គណនេយ្យភាព ដោយមិនត្រូវឲ្យនិទ្ទណ្ឌភាពឈ្នះឡើយ»៕ ខៀវទុំ