ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិជិះ ថាទៅទិញអីហូប រួចទៅចម្លងសោទុក លុះមានឱកាសល្អ បានលួចម៉ូតូ រត់គេចខ្លួនបាន២ថ្ងៃ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូមិត្តភក្តិនេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចរោងចក្រ មួយកន្លែង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។ រហូតមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសិលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះណាត មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា កន្លងទៅ ជនសង្ស័យធ្លាប់ធ្វើការជាមួយខ្លួន ហើយក៏ធ្លាប់ខ្ចីម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MB-6425 ដោយប្រាប់ថា ទៅរកទិញអីហូប តែបែរជាយកទៅលួចចម្លងសោទុកទៅវិញ។ លុះមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ស្រាប់តែជន សង្ស័យ បន្លំខ្លួនចូលទៅក្នុងរោងចក្រ លួចយកម៉ូតូរបស់ខ្លួន គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីសុំការអន្តរាគមន៍។ លុះមក ដល់ថ្ងៃកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យបាន យកមកចាត់ការតាមច្បាប់៕