Monday, December 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋបាលខេត្តឧត្តរមានជ័យ ណែនាំវិធានការធានាសុវត្ថិភាពពលរដ្ឋភៀសសឹក វិលទៅលំនៅឋាន

រដ្ឋបាលខេត្តឧត្តរមានជ័យ ណែនាំវិធានការធានាសុវត្ថិភាពពលរដ្ឋភៀសសឹក វិលទៅលំនៅឋាន

ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានដាក់ចេញវិធាន ១១ចំណុច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកវិល ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការត្រៀមបម្រុងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក វិលត្រឡប់មកលំនៅឋានវិញ និងដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន មានខ្លឹមសារថា «យោងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំ ដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានផាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤ ភាគីទាំងពីរបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន និងស្មារតីនៃកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (ZOOM) ស្តីពីកិច្ចការព្រំដែន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្រសួងមហាផ្ទៃ។

ដើម្បីចូលរួមអនុវត្តវិធានការខាងលើ ឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផលនៃសេចក្តីប្រកាសរួម ឱ្យបានពេញលេញ សំដៅធានាបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលនឹងត្រូវវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ប្រកបដោយសុវត្ថិភាព និងបើកដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក រដ្ឋបាលខេត្តឧត្តរមានជ័យ សូមធ្វើការណែនាំនូវកិច្ចការចាំបាច់ចំពោះមុខ មួយចំនួន ដូចខាងក្រោម ៖

១- រដ្ឋបាលខេត្ត បានរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចពិនិត្យ វាយតម្លៃតំបន់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

២- រដ្ឋបាលក្រុង ស្រុកត្រូវកំណត់និងបែងចែកតំបន់ដែលរងផលប៉ះពាល់ជា ៣ (បី) តំបន់រួមមាន ៖

តំបន់ក្រហម ៖ សំដៅលើតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនដែលកងកម្លាំងបានកំពុងឈរជើងប្រចាំការ (មិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់វិញឡើយ)

តំបន់លឿង ៖ សំដៅលើតំបន់ដែលផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតអង្គភាពយោធា (អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ អាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់)

តំបន់សុវត្ថិភាព ៖ សំដៅលើតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន (បងប្អូនប្រជាពលរដ្ឋភៀសសឹក អាចវិញត្រឡប់ទៅលំនៅឋានបានធម្មតា)។

៣- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងបញ្ជីស្ថិតិប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងបីខាងលើ ឱ្យបានឆាប់រហ័ស ដើម្បីអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញបាន។

៤- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវចុះពិនិត្យទីតាំងគ្រាប់ធ្លាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឃ្លុំទុកបណ្តោះអាសន្ន និងផ្តល់ព័ត៌មានដល់កងឯកភាពកម្ចាត់មីន (ស៊ីម៉ាក់) ធ្វើការពិនិត្យ និងបោសសម្អាត។

៥- មន្ទីរសុខាភិបាលត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវទីតាំងសុខាភិបាលដែលបានផ្អាក លើកលែងតែទីតាំងណាដែលរងការខូចខាត និងជាប់ខ្សែបន្ទាត់ព្រំដែន។

៦- មន្ទីរអប់រំយុវជន យុវជននិងកីឡា ត្រូវពិនិត្យ ងរៀបចំដំណើរការឡើងវិញនូវសាលារៀនដែលបានផ្អាក លើកលែងតែទីតាំងសាលារៀននៅតាមខ្សែបន្ទាត់ព្រំដែន និងសាលាដែលរងការខូចខាតពីគ្រាប់ផ្លោង ដោយត្រូវការជួសជុល និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។

៧- ស្នងការរដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រព័ន្ធ Hotline (២៤/២៤ម៉ោង) ដើម្បីទទួលពាក្យបណ្តឹង និងសំណូមពរនានាពីបងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ។

៨- ស្នងការនគរបាលខេត្ត ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុករៀបចំទីតាំងប៉ុស្តិ៍ត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ នៅតាមគោលដៅច្រកចូលក្រុង ស្រុក ដើម្បីបង្ការ និងទប់ស្កាត់សមាសភាពមិនល្អចូលមូលដ្ឋាន។

៩- កងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងការពារសន្តិសុខ និងថែរក្សាការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានចាកចេញពីលំនៅឋាន នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលមិនទាន់បានវិលត្រឡប់មកវិញ។

១០- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកំណត់មុខសញ្ញាគ្រួសារដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីបន្តឧបត្ថម្ភស្បៀងអាហារ ក្នុងរយៈពេលខ្លី និងមធ្យម។

១១- ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច។

ទទួលបានសេចក្តីណែនាំនេះ សូមលោកស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តឧត្តរមានជ័យ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកស្រីមេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ជ្រាប និងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»៕

RELATED ARTICLES