ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មកកម្សាន្តនៅក្រុងព្រះសីហនុ ក្នុងឱកាសឆ្លងឆ្នាំថ្មី ២០២៦ លុះឆ្លងឆ្នាំរួច បានដើរទៅបន្ទប់ទឹក ស្រាប់តែធ្លាក់ចូល ក្នុងទឹកលូ បណ្តាលឱ្យបាត់ខ្លួនអស់រយៈពេលជាង ៩ម៉ោង ទើបត្រូវបានក្រុមជួយសង្គ្រោះ រកឃើញ តែអកុសលជនរងគ្រោះ បានបាត់បង់ជីវិតបាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅចំណុចជាប់បន្ទប់ទឹក លេខ១ ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។បុរសរងគ្រោះ មានឈ្មោះស៊ុន តុលា អាយុ៤៤ឆ្នាំ បានធ្វើដំណើរមកលេងកម្សាន្តនៅក្រុងព្រះសីហនុ ជាមួយក្រុមគ្រួសារ ដើម្បីឆ្លងឆ្នាំថ្មី ២០២៦។

តាមប្រភពម្ចាស់អាហារដ្ឋានមួយកន្លែង នៅឆ្នេរអូរឈើទាល ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា បុរសរងគ្រោះ ឈ្មោះស៊ុន តុលា បានមកលេងកម្សាន្តឆ្លងឆ្នាំនៅក្រុងព្រះសីហនុ ជុំគ្រួសារ លុះមកដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះបានដើរឆ្លងកាត់លើគម្របលូ ហើយបានជាន់ដែកគម្របលូ ធ្វើឱ្យផុងធ្លាក់ចូលទៅក្នុងទឹកលូ លិចបាត់តាំងពីម៉ោង១ជាងរំលងអធ្រាត្រ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចនិងក្រុមសង្គ្រោះ ចុះមកអន្តរាគមន៍រុករក ប៉ុន្តែរកមិនឃើញ។ លុះរយៈពេល៩ម៉ោង ក្រោយមក ពោលគឺរហូតមកដល់ម៉ោងជាង ១០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ទើបក្រុមជួយសង្គ្រោះ រកឃើញសពបុរសរងគ្រោះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕


