ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ បានធ្វើសកម្មភាពចាប់ស្ត្រីជនជាតិវៀតណាម ម្នាក់ ចេញពីសណ្ឋាគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ រួចនាំយកមកបង្ខាំងទុកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយជំរិតទារប្រាក់ ចំនួន២ម៉ឺនដុល្លារ តែត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញសហការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានចំនួន២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅចំណុចសណ្ឋាគារជៀវជូវ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រហូតមកដល់វេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការរំដោះជនរងគ្រោះបាន និងឈានដល់ការឃាត់ខ្លួនជន សង្ស័យ ចំនួន២នាក់ នៅត្រង់ចំណុចផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ Zhang Wei អាយុ៣៦ឆ្នាំ ភេទប្រុស ជនជាតិចិន និងទី២-ឈ្មោះ Wang Yu Zhuo ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។ ចំណែកជនរងគ្រោះ មានឈ្មោះ Do Thi My Duyen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510។

តាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើកប្រតិបត្តិការបង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ និងរំដោះបានជនរងគ្រោះម្នាក់។
ប្រភពដដែល បន្តថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន ២ម៉ឺនដុល្លារ ទៅលើជនរងគ្រោះ ឈ្មោះ Do Thi My Duyen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុចសណ្ឋាគារជៀវជូវ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ចំនួន១ក្រុម។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេ នីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះមកដល់វេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃដដែល កម្លាំងជំនាញបានធ្វើការជួយរំដោះនារីរងគ្រោះ ជាជនជាតិវៀតណាម ខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន២នាក់ (១-ឈ្មោះ Zhang Wei ២-ឈ្មោះ Wang Yu Zhuo) នៅត្រង់ចំណុចផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕