ខេត្តព្រះសីហនុៈ រថយន្តប្រភេទទួរីស ១គ្រឿង មានដឹកផ្លែឈើពេញ បើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកពីក្រោយរថយន្តធុនធំ ១គ្រឿង ដែលកំពុងឈប់ចតនៅចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឱ្យបុរស ចំនួន៣នាក់ ដែលជិះក្នុងរថយន្តដឹកផ្លែឈើ បានស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរថយន្តធុនធំ ក្រោយកើតហេតុ បានគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩២-១៩៣ ស្ថិតក្នុងភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។
ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិត រួមមាន ទី១-ឈ្មោះម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកបើកបររថយន្តដឹកផ្លែឈើ) ទី២-ឈ្មោះសុខ ជា ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នករួមដំណើរ) និងទី៣-ឈ្មោះជីវ៉ា ភេទប្រុស (ជាអ្នករួមដំណើរ)។ ចំណែកភាគីអ្នកបើកបររថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកផ្លែឈើ ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស បើកបរដោយឈ្មោះម៉េង និងមានអ្នករួមដំណើរចំនួន២នាក់ (ឈ្មោះសុខ ជា និងឈ្មោះជីវ៉ា) បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ លុះដល់ចំណុចខាងលើ ស្រាប់តែបានជ្រុលបុកពីខាងក្រោយរថយន្តធុនធ្ងន់ ១គ្រឿង ម៉ាក SHACMAN ពាក់ស្លាកលេខ ភ្នំពេញ 3G-4063 ដែលឈប់ចតនៅចិញ្ចើមផ្លូវ (ទិសដៅស្របគ្នា) បណ្តាលឱ្យមនុស្ស៣នាក់ ក្នុងរថយន្តដឹកផ្លែឈើ ស្លាប់ទាំងអស់គ្នា នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕