ខេត្តរតនគិរីៈ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ បានចុះចាប់ឈើសុក្រំ ចំនួន២២ដុំ ដែលឈ្មួញជាអ្នកកាសែត ដឹកមកលក់ តាមរោងសិប្បកម្មនានា ក្នុងក្រុងបានលុង។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាពស្នងការនគរ បាលខេត្តរតនគិរី នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ បានចុះចាប់ឈើសុក្រំ ចំនួន២២ដុំ ដែលឈ្មួញដឹកមកលក់ តាមរោងសិប្បកម្មនានា នៅក្រុងបានលុង នៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ។

លោកវរសេនីយ៍ទោ លឹម ឡេងលីហួរ នាយការិយាល័យប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា អ្នករកស៊ីដឹកឈើយ៉ាងសកម្មនេះ មានឈ្មោះឈៀង តុងហាន មានលំនៅ ទល់មុខវត្តអូរជុំ ស្រុកអូរជុំ មានមុខរបរជាអ្នកកាសែត (កាន់បណ្ណព័ត៌មានច្រើនអង្គភាព) ចំណែកឈើសុក្រំ ដែលត្រូវបានដកហូត មានចំនួន២២ដុំ ស្មើនឹង០,៦៥៨ម៉ែត្រគូប។
លោកបន្តថា ឈើសុក្រំ ដែលកម្លាំងបង្ក្រាបបានខាងលើនេះ ត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃលំផាត់ ដើម្បីចាត់ចែងតាមច្បាប់៕