
ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ការកសាងតម្លៃជាតិ ត្រូវធ្វើដោយតុល្យភាព ផ្អែកលើច្បាប់ និងនីតិរដ្ឋ។ ភាពរឹងមាំរបស់កម្ពុជា អាស្រ័យលើឯកភាព និងសមត្ថភាពរបស់ប្រជាជាតិខ្មែរ។ កម្លាំងជាតិពិតប្រាកដ កើតចេញពីការគាំទ្រប្រជាពលរដ្ឋ ការការពារទឹកដី និងការដឹកនាំដែលបម្រើប្រយោជន៍សាធារណៈ ។ សង្គមដែលគោរពច្បាប់ និងនីតិរដ្ឋ គឺជាគ្រឹះសម្រាប់សន្តិភាព និងអនាគតរឹងមាំរបស់កម្ពុជា។ ជាមួយនេះ អ្នកវិភាគ បានលើកឡើងថា ការរក្សាទុកអយុត្តិធម៌សង្គម គឺស្មើនឹងរក្សាទុក្ខឲ្យរដ្ឋាភិបាលខ្លួនឯង ព្រោះគ្មានអំណាចណាប្រសើរជាងអំណាចដែលទទួលបានពីប្រជាពលរដ្ឋឡើយ។ នៅពេលមេដឹកនាំ ធ្លាក់ខ្លួនទៅជាអ្នកអសមត្ថភាព គ្រប់សកម្មភាពនឹងរងការវាយតម្លៃអវិជ្ជមានជានិច្ច។ ដូច្នេះអ្នកដែលស្រឡាញ់កិត្តិយសខ្លួនឯង ត្រូវរក្សាខ្លួនឱ្យឆ្ងាយពីអំពើស្មោកគ្រោកក្នុងសង្គមអយុត្តិធម៌។ បើគ្មានយុត្តិធម៌ នោះក៏គ្មានកិត្តិយសសម្រាប់អនាគតដែរ។
លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ការបន្តរក្សាទុកអយុត្តិធម៌ក្នុងសង្គម គឺស្មើនឹងការរក្សាទុក្ខឲ្យរដ្ឋាភិបាលខ្លួនឯង។ អំពើខុសច្បាប់ គួរត្រូវបានបំផ្លាញចោល ហើយត្រូវរក្សាភាពត្រឹមត្រូវ ដើម្បីអនាគតនៃការដឹកនាំសង្គមប្រកបដោយនីតិរដ្ឋ។ ការគាំទ្រអំពើពុករលួយ ស្មើនឹងការបំផ្លាញនីតិរដ្ឋដោយខ្លួនឯង។ គ្មានអំណាចណាខ្ពង់ខ្ពស់ជាងអំណាចយុត្តិធម៌ឡើយ។ សង្គមរបស់យើង នៅពេលគ្មានអំពើពុករលួយ ប្រៀបដូចផ្កាឈូក ដែលរីកចេញពីបឹងភក់។ ការរក្សាទុកភាពងងឹតនៃអយុត្តិធម៌ ស្មើនឹងការសន្សំទុក្ខដាក់ឲ្យប្រទេស។ ប្រទេសអាចស្អាតស្អំ និងមេដឹកនាំអាចល្បីល្បាញលើពិភពលោក ប៉ុន្តែបើមេដឹកនាំគ្មានសមត្ថភាពបំបាត់អយុត្តិធម៌ក្នុងសង្គម នោះស្មើនឹងការបន្ទាបកិត្តិយសមេដឹកនាំឲ្យស្ថិតក្រោមស្តង់ដារសង្គម»។
លោក សេក សុជាតិ បន្តថា «គ្មានអំណាចណាប្រសើរជាងអំណាចដែលទទួលបានពីប្រជាពលរដ្ឋឡើយ។ នៅពេលមេដឹកនាំធ្លាក់ខ្លួនទៅជាអ្នកអសមត្ថភាព គ្រប់សកម្មភាពនឹងរងការវាយតម្លៃអវិជ្ជមានជានិច្ច។ អ្នកដែលស្រឡាញ់កិត្តិយសខ្លួនឯង ត្រូវរក្សាខ្លួនឱ្យឆ្ងាយពីអំពើស្មោកគ្រោកក្នុងសង្គមអយុត្តិធម៌។ បើគ្មានយុត្តិធម៌ នោះក៏គ្មានកិត្តិយសសម្រាប់អនាគតដែរ។ ការស្តាប់ការពិតម្តងម្កាល អាចធ្វើឲ្យចិត្តមនុស្សច្របូកច្របល់ និងមិនសុខចិត្ត ប៉ុន្តែការប្រឈមមុខនឹងការពិត គឺជាគន្លងនៃការយល់ដឹងខ្លួនឯង។ អ្នកដែលស្គាល់ខ្លួនឯងច្បាស់ នឹងមិនអនុញ្ញាតឲ្យខ្លួនឯងធ្លាក់ចុះដល់កម្រិតទាបឡើយ។ យុត្តិធម៌ អាចជារឿងពិបាកទទួលយកសម្រាប់មនុស្សជាច្រើន ប៉ុន្តែមានតែមនុស្សតិចប៉ុណ្ណោះ ដែលអាចរក្សាភាពស្អាតស្អំ ដោយឈរមុខប្រឆាំងនឹងភាពងងឹតនៃអយុត្តិធម៌សង្គម។ ស្គាល់និងគោរពយុត្តិធម៌ ទើបមនុស្សជាតិអាចរស់នៅក្នុងសន្តិភាពបាន…“ ។

លោក សេក សុជាតិ បានសរសេរបន្ថែមថា “ខ្ញុំមិនគាំទ្រភាពកំសាកនោះទេ ប៉ុន្តែក៏មិនលើកទឹកចិត្តភាពរឹងត្អឹងដែរ។ ការកសាងតម្លៃជាតិ គួរធ្វើដោយតុល្យភាព មិនភ័យខ្លាចហួសហេតុ និងមិនព្រហើនលើសកម្រិត។ គ្រប់វិវាទទាំងក្នុងនិងក្រៅប្រទេស គួរត្រូវបានដោះស្រាយដោយផ្អែកលើច្បាប់ និងនីតិរដ្ឋ ជាគោលការណ៍មូលដ្ឋាន។
ប្រជាជាតិខ្មែរ មានប្រវត្តិសាស្ត្រដែលបង្ហាញពីភាពស្មោះត្រង់ ភាពក្លាហាន និងការអត់ធ្មត់ខ្ពស់ ព្រមទាំងបានឆ្លងកាត់ឧបសគ្គធំៗជាច្រើន ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ និងផ្នត់គំនិតជាតិនិយមដែលបានបន្តមកពីវីរបុរសជាតិ ក្រោមមូលដ្ឋាននៃឯកភាពជាតិ។ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ គួរពង្រឹងស្ថាប័ន និងគោរពច្បាប់ ដើម្បីរក្សាអធិបតេយ្យ និងភាពជាម្ចាស់ប្រទេសយ៉ាងពិតប្រាកដ។
ភាពរឹងមាំ ឬភាពទន់ខ្សោយរបស់កម្ពុជា អាស្រ័យលើសមត្ថភាព និងឯកភាពរបស់ប្រជាជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងការចូលរួមសហការរបស់គ្រប់និន្នាការនយោបាយ។ ការគាំទ្រប្រជាពលរដ្ឋ និងការការពារទឹកដី ជាគ្រឹះនៃកម្លាំងជាតិពិតប្រាកដ។ អ្នកដឹកនាំជាតិ គួរត្រូវបានគាំទ្រ នៅពេលពួកគេប្តេជ្ញាបម្រើប្រយោជន៍សាធារណៈនិងជាតិ មិនមែនសម្រាប់អំណាចផ្ទាល់ខ្លួន ឬផលប្រយោជន៍ក្រុមណាមួយឡើយ។
តាមទ្រឹស្តីទំនាក់ទំនងអន្តរជាតិ ភាពទន់ខ្សោយរបស់រដ្ឋមួយ អាចបង្កើនហានិភ័យនៃសម្ពាធ ការគំរាមកំហែង ឬការរំលោភបំពានពីភាគីខាងក្រៅ។ ផ្ទុយទៅវិញ ភាពរឹងមាំដែលកើតចេញពីការគោរពច្បាប់ ស្ថាប័នមានប្រសិទ្ធភាព និងសមត្ថភាពជាតិរឹងមាំ គឺជាមូលដ្ឋានសំខាន់ក្នុងការបង្កើនសមត្ថភាពទប់ស្កាត់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ទោះជាយ៉ាងណា ភាពរឹងមាំ មិនមានន័យថា ការប្រើអារម្មណ៍ខ្លាំង ឬការបង្ហាញអំណាចលើសកម្រិតនោះទេ។ ជាក់ស្តែង ការអភិវឌ្ឍប្រកបដោយហេតុផល ការទទួលខុសត្រូវ និងការប្រើប្រាស់យន្តការច្បាប់ និងការទូតយ៉ាងឆ្លាតវៃ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពនិងចីរភាពជាង សម្រាប់ការរក្សាសន្តិភាព និងការពារផលប្រយោជន៍ជាតិ។
សង្គមដែលមានច្បាប់ និងនីតិរដ្ឋរឹងមាំ អាចបង្កើនកិត្តិយសនិងតួនាទីរបស់ប្រទេស នៅក្នុងស្ថាប័នអន្តរជាតិ។ ដូច្នេះការគោរពច្បាប់ ការកសាងស្ថាប័ន និងការរួបរួមជាតិ គឺជាគន្លងសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងអនាគតរឹងមាំរបស់កម្ពុជា។
សរុបមកវិញ ៖ ខ្ញុំមិនគាំទ្រភាពកំសាកនោះទេ ប៉ុន្តែក៏មិនលើកទឹកចិត្តភាពរឹងត្អឹងដែរ។ ការកសាងតម្លៃជាតិ ត្រូវធ្វើដោយតុល្យភាព និងផ្អែកលើច្បាប់ និងនីតិរដ្ឋ។ ភាពរឹងមាំរបស់កម្ពុជា អាស្រ័យលើឯកភាព និងសមត្ថភាពរបស់ប្រជាជាតិខ្មែរ។ កម្លាំងជាតិពិតប្រាកដ កើតចេញពីការគាំទ្រប្រជាពលរដ្ឋ ការការពារទឹកដី និងការដឹកនាំដែលបម្រើប្រយោជន៍សាធារណៈ។ សង្គមដែលគោរពច្បាប់ និងនីតិរដ្ឋ គឺជាគ្រឹះសម្រាប់សន្តិភាព និងអនាគតរឹងមាំរបស់កម្ពុជា“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក សេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា នៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជា គួរតែប្រយ័ត្ន ហើយកុំប្រើប្រាស់អារម្មណ៍មនោគមន៍វិជ្ជាជាតិនិយមជ្រុល កុំដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម ដោយមានស្ដង់ដារច្រើន ជាពិសេស កុំឲ្យមានការបែងចែកបក្ខពួក និន្នាការនយោបាយ ពីព្រោះបញ្ហាទាំងអស់នេះ វានាំឲ្យមន្រ្តី នឹងក្លាយទៅជាបុគ្គល ”អត្តា” ហើយហ៊ានប្រព្រឹត្តអំពើពុករលួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ជាពិសេសការអនុវត្តច្បាប់ មានភាពលម្អៀង ហើយកត្តាទាំងអស់នេះ វានឹងបំផ្លាញនូវមូលដ្ឋាននៃការអភិវឌ្ឍន៍ជាតិ សន្តិភាពជាតិ ហើយនិងសង្គមរបស់យើង នឹងញាំញីដោយអំពើពុករលួយ អំពើឧក្រិដ្ឋផ្សេងៗ ។ ជាមួយគ្នានេះ យើងចង់ឃើញការបង្រួបបង្រួម ការផ្សះផ្សាជាតិ ក្នុងនាមជាខ្មែរតែមួយ ដើម្បីធ្វើឲ្យប្រទេសរបស់យើងខ្លាំងក្លា រយៈពេលវែង ហើយមិនខ្លបខ្លាចចំពោះការឈ្លានពានរបស់សត្រូវដែលប៉ុនប៉ងរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ។
លោក សេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ទាក់ទងនឹងការកសាងតម្លៃជាតិ យើងដឹងហើយថា ប្រទេសមួយ ដែលអាចរក្សាបាននូវស្នូល ដែលមានតុល្យភាព គឺធ្វើឲ្យរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើការអនុវត្តច្បាប់ ផ្អែកទៅលើការអនុវត្តរបស់មន្រ្តី ដែលស្របទៅនឹងអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ ។ ពោលគឺការអនុវត្តនីតិរដ្ឋ របស់ប្រទេសមួយ បើសិនជាទន់ខ្សោយពេក ឬក៏រឹងត្អឹងពេក គឺសុទ្ធសឹងតែនាំឲ្យប្រទេស មានហានិភ័យ ហើយចំណុចសំខាន់ទាំងអស់ហ្នឹង យើងដឹងហើយ វាមិនមែនជាការលើកឡើងរបស់ក្រុមណា ឬក៏បុគ្គលណាម្នាក់ទេ ប៉ុន្តែវាគឺជាទ្រឹស្ដីនយោបាយនិងទំនាក់ទំនងអន្តរជាតិ ដែលបានចែករំលែកជាច្រើនសតវត្សរ៍មកហើយ ពីព្រោះភាពទន់ខ្សោយពេក ឬក៏ភាពរឹងត្អឹងពេក វានឹងនាំឲ្យប្រទេសជួបបញ្ហាមិនចេះចប់មិនចេះហើយ ។ ដូច្នេះតម្លៃជាតិដែលមានស្ថិរភាព គឺត្រូវតែពឹងផ្អែកទៅលើច្បាប់ ហើយនិងនីតិរដ្ឋ ជាពិសេសគឺការពង្រឹងស្ថាប័ន ហើយនិងការទទួលខុសត្រូវរបស់អ្នកដែលមានតួនាទី មានកាតព្វកិច្ចអនុវត្ត ហើយមន្រ្តីដែលអនុវត្តទាំងអស់នោះមិនអាចប្រើប្រាស់អារម្មណ៍ ឬក៏អាចបង្ហាញពីឥទ្ធិពលនិងអំណាចហួសហេតុពេកនោះទេ ។ យើងដឹងថា តម្លៃជាតិពិតប្រាកដ កើតចេញពីការគោរពច្បាប់ ស្ថាប័នមានច្បាស់លាស់ រឹងមាំ មានការឯកភាពជាតិ ឯកភាពផ្ទៃក្នុង ហើយប្រើប្រាស់ដោយយោងទៅលើភាពច្បាស់លាស់ ឬក៏យោងទៅលើនីតិវិធីដែលបានកំណត់ ។ មានន័យថា ការអនុវត្តស្ដង់ដារ មានតែមួយ ហើយមន្រ្តីទាំងអស់មិនលើកតម្កើងខ្លួនឯងជ្រុល ដែលធ្វើឲ្យសាធារណជនមើលឃើញអំពីការក្ដោបអំណាច ឬការបង្ហាញពីអំណាចដែលវាមិនធ្វើឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋអីអ៊ីចឹងជាដើម ហើយការលើកឡើងនៅក្នុងន័យនេះ គឺសំដៅទៅលើបរិបទកម្ពុជា ពីព្រោះយើងដឹងហើយថា កាលណាយើងគិតទៅដល់អារម្មណ៍ ឬក៏មនោគមន៍ជាតិនិយម រាល់ការដោះស្រាយបញ្ហាផ្សេងៗ ដោយមិនឈរទៅលើមូលដ្ឋានច្បាប់ ហើយបែងចែកនិន្នាការបក្ខពួក ឬក៏បែងចែកសង្គម ពេលនោះហើយ នឹងធ្វើឲ្យស្ថានភាព ឬក៏ស្នូលនយោបាយនៃជាតិមួយ មិនមានលំនឹង ។ មានន័យថា មនុស្សម្នាក់ៗ វិលទៅរកក្រុមរៀងៗខ្លួន ដែលបញ្ហានេះ នឹងធ្វើឲ្យមានភាពល្អក់កករ ឬក៏មានបញ្ហាប្រឈមខ្លាំងទៅដល់ការអនុវត្តច្បាប់ ហើយនិងនីតិរដ្ឋ នៃប្រទេស នៅចំពោះសហគមន៍ជាតិ និងអន្តរជាតិ ដែលបញ្ហាទាំងអស់នេះ វាធ្វើឲ្យសង្គមរបស់យើងចុះខ្សោយទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ដែលអាចបង្ហាញឲ្យមនុស្សទាំងអស់វាយតម្លៃថា ប្រទេសមួយទន់ខ្សោយនៅក្នុងរយៈពេលវែងទៅទៀត“ ។
លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះនៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជាគួរតែប្រយ័ត្ន ហើយនិងកុំប្រើប្រាស់អារម្មណ៍មនោគមន៍វិជ្ជាជាតិនិយមជ្រុល ហើយកុំដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម ដោយមានស្ដង់ដារច្រើន ជាពិសេសគឺកុំឲ្យមានការបែងចែកបក្ខពួក និន្នាការនយោបាយ ពីព្រោះបញ្ហាទាំងអស់នេះ វានាំឲ្យមន្រ្តី នឹងក្លាយទៅជាបុគ្គលអត្តា ហើយហ៊ានប្រព្រឹត្តអំពើពុករលួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស ហើយនិងសេចក្ដីថ្លៃថ្នូរ ជាពិសេសគឺការអនុវត្តច្បាប់ មានភាពលម្អៀង ហើយកត្តាទាំងអស់នេះ វានឹងបំផ្លាញនូវមូលដ្ឋាននៃការអភិវឌ្ឍន៍ជាតិ សន្តិភាពជាតិ ហើយនិងសង្គមរបស់យើងនឹងញាំញីដោយអំពើពុករលួយ អំពើឧក្រិដ្ឋផ្សេងៗ ។ ដូច្នេះយើងត្រូវលើកតម្កើងតម្លៃជាតិ ដោយធ្វើយ៉ាងណាបង្កើតនូវវប្បធម៌មួយ រក្សាឲ្យបានតុល្យភាពនៅក្នុងការអនុវត្តផ្អែកទៅលើច្បាប់ ហើយនិងនីតិរដ្ឋ ដើម្បីឲ្យជាតិរបស់យើងរឹងមាំ ហើយចុងក្រោយ គឺយើងចង់ឃើញការបង្រួបបង្រួម ការផ្សះផ្សាជាតិ ក្នុងនាមជាខ្មែរតែមួយ ដើម្បីធ្វើឲ្យប្រទេសរបស់យើងខ្លាំងក្លា រយៈពេលវែង ហើយមិនខ្លបខ្លាចចំពោះការឈ្លានពានរបស់សត្រូវ ដែលប៉ុនប៉ងរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា របស់យើងហ្នឹង“ ៕ កុលបុត្រ