Wednesday, January 21, 2026
Homeព័ត៌មានជាតិបក្សកម្លាំងជាតិ ប្រមូលស្នាមមេដៃ ប្តឹងថៃឈ្លានពាន ទៅ ICC

បក្សកម្លាំងជាតិ ប្រមូលស្នាមមេដៃ ប្តឹងថៃឈ្លានពាន ទៅ ICC

ភ្នំពេញ ៖ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីអំពាវនាវ ប្រមូលស្នាមមេដៃប្រជាពលរដ្ឋកម្ពុជា ដើម្បីដាក់ពាក្យប្ដឹងថៃ ដែលឈ្លានពានកម្ពុជា ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយបញ្ជាក់ថា ដើម្បីឱ្យពាក្យប្ដឹងនេះមានប្រសិទ្ធភាព និងទទួលបានការយកចិត្តទុកដាក់ត្រួតពិនិត្យ ឈានទៅដល់ការស៊ើបអង្កេតនិងវិនិច្ឆ័យពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គណបក្ស បាននិងកំពុងរៀបចំសំណុំឯកសារផ្លូវច្បាប់ ភ័ស្តុតាង ព្រមទាំងការចូលរួមពីសាធារណជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។ ដូច្នេះគណបក្សគណបក្ស សូមអំពាវនាវដល់សាធារណជនខ្មែរទាំងអស់ ធ្វើជាដើមបណ្តឹង ផ្តិតមេដៃគាំទ្រលើពាក្យបណ្តឹងដែលគណបក្សរៀបចំ ឱ្យបានច្រើន ដើម្បីជាសក្ខីភាពបញ្ជាក់ថា កម្ពុជាយើង ជាជនរងគ្រោះ ដោយត្រូវបានថៃ ឈ្លានពាន និងបង្កវិនាសកម្មពិតប្រាកដ ។

សេចក្តីអំពាវនាវរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “គណបក្សកម្លាំងជាតិ សូមជម្រាបសាធារណជន និងសមាជិក សមាជិកាគណបក្ស ជ្រាបថា គណបក្ស នឹងដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ករណីថៃ ឈ្លានពានកម្ពុជា។

ដើម្បីឱ្យពាក្យប្ដឹងនេះមានប្រសិទ្ធភាព និងទទួលការយកចិត្តទុកដាក់ត្រួតពិនិត្យ ឈានទៅដល់ការស៊ើបអង្កេតនិងវិនិច្ឆ័យ ពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គណបក្ស បាននិងកំពុងរៀបចំសំណុំឯកសារផ្លូវច្បាប់ ភ័ស្តុតាង ព្រមទាំងការចូលរួមពីសាធារណជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ។

គណបក្សកម្លាំងជាតិ សូមអំពាវនាវដល់សាធារណជនខ្មែរទាំងអស់ ធ្វើជាដើមបណ្តឹង ក្នុងនាមជាខ្មែរ រងគ្រោះពីការឈ្លានពានរបស់ថៃ ដោយផ្តិតមេដៃគាំទ្រលើពាក្យប្ដឹងដែលគណបក្សរៀបចំ ឱ្យបានច្រើន ដែលជាសក្ខីភាពបញ្ជាក់ប្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ថាប្រទេសកម្ពុជា និងប្រជាពលរដ្ឋយើង ជាជនរងគ្រោះ ដោយត្រូវបានថៃ ឈ្លានពាន និងបង្កវិនាសកម្មពិតប្រាកដ។

អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស និងសមាជិក សមាជិកាគណបក្សកម្លាំងជាតិ ជ្រាបនិងចូលរួមឱ្យបានច្រើនកុះករ និងសូមអាជ្ញាធរគ្រប់ថ្នាក់ សហការជាមួយគណបក្សកម្លាំងជាតិ ក្នុងការយកស្នាមមេដៃ“ ។

គួរបញ្ជាក់ថា សេចក្ដីអំពាវនាវប្រកាសមូលស្នាមេដៃ ប្ដឹងថៃឈ្លានពាន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) របស់គណបក្សកម្លាំងជាតិ បានធ្វើឡើងក្រោយពីគណបក្សមួយនេះ បានធ្វើលិខិតគោរពជូនសម្ដេច ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ប្រឆាំងទៅនឹងទង្វើរបស់ថៃ បង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា និងដោះលែងអ្នកជាប់ឃុំមនសិការ ។

លិខិតរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ជា មុនី ប្រធានគណបក្ស បានជម្រាបជូននាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ក្នុងអំឡុងពេលដែលយោធាថៃ បើកការវាយប្រហារមកលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទាំងពីរលើកនេះ ជាលក្ខណៈសង្គ្រាមឈ្លានពានទាំងកំរោល ដោយមិនគោរពគោលការណ៍ច្បាប់អន្តរជាតិសោះឡើយ។ ការបង្កសង្គ្រាមដ៏មហន្តរាយយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតាមបណ្ដោយព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា រាប់សែននាក់ ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបង្កឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម យ៉ាងអមនុស្សធម៌ ដោយមិនអាចប្រកែកបាន។ ការឈ្លានពានរបស់យោធាថៃ បានបើកការវាយប្រហាមិនរើសមុខ ដូចជា ៖ បាញ់ផ្លោងដោយសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ និងប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ធ្វើឱ្យខូចខាតផ្លូវថ្នល់ ស្ពាន សាលារៀន មណ្ឌលសុខភាព អគារប៉ុស្តិ៍នគរបាល អគារទីស្នាក់ការគយនិងរដ្ឋាករកម្ពុជា ប្រាសាទបុរាណខ្មែរ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល រាប់រយខ្នង ជនស៊ីវិលបានបាត់បង់ជីវិត ចំនួន ៣១នាក់ និងរងរបួស ជាង៩០នាក់។ លើសពីនេះទៅទៀត កងកម្លាំងយោធាថៃ បន្តរំលោភឈ្លានពានចូលទន្ទ្រានកាន់កាប់ និងឈរជើងក្នុងអធិបតេយ្យកម្ពុជា ជាក់ស្ដែង លើ១៤តំបន់ នៅតាមបណ្តាខេត្តចំនួន៤ ដូចមានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។

លិខិតរបស់ប្រធានគណបក្សកម្លាំងជាតិ បានបញ្ជាក់ក្នុងន័យស្នើជូននាយករដ្ឋមន្រ្តី ថា ជាបទពិសោធន៍ដែលរាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ត្រូវចងចាំនិងរៀនសូត្រ ចំពោះករណីថៃ ឈ្លានពានកម្ពុជា ហើយប្រទេសកម្ពុជា មានជម្រើសតែមួយគត់ ដែលអាចការពារនូវអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពីការឈ្លានពាន និងបណ្តេញយោធាថៃ ឱ្យចេញពីទឹកដីកម្ពុជា ទៅវិញបាន រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាគោល និងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការសាមគ្គីភាព ឯកភាពជាតិ គ្រប់ភាគីនិន្នាការនយោបាយ គឺខ្មែរតែមួយ ខ្មែរសាមគ្គី ខ្មែរខ្លាំង ។ ពោលគឺគណបក្សកម្លាំងជាតិ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការ មានដូចខាងក្រោម ៖

១. ត្រូវដាក់ពាក្យប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងទាមទារសងសំណងការខូចខាត ឱ្យភាគីថៃ ទទួលខុសត្រូវលើទង្វើរបស់ខ្លួន។

២. ត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឱ្យកោះប្រជុំជាបន្ទាន់ ចំពោះករណីថៃ ឈ្លានពានលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

៣. សូមឱ្យដោះលែងអ្នកនយោបាយ សកម្មជននយោបាយ សកម្មជនសង្គម ក្រុមយុវជនមាតាធម្មជាតិ មេសហជីព សមាគម សកម្មជនដីធ្លី យុវជនបរិស្ថាន សកម្មជន២៣តុលា និងអ្នកជាប់ឃុំមនសិការ ដែលកំពុងជាប់ឃុំទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ។

ដោយឡែក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានបញ្ជាក់ថា បើប្រៀបធៀបសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកសង្ឃឹមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកចំហជាងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការទទួលយកពាក្យបណ្តឹង ពីភាគីណាមួយ ដើម្បីឲ្យតំណាងអយ្យការនៃតុលាការ ICC បើកការស៊ើបអង្កេតបន្ថែម ។ ដូច្នេះដូចការគ្រោងទុក គណបក្សកម្លាំងជាតិ នឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងការឈ្លានរបស់ថៃ ដើម្បីឲ្យថៃ សងការខូចខាតមកប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺគណបក្ស ត្រូវការស្នាមមេដៃគាំទ្រពីពលរដ្ឋខ្មែរ នៅលើពាក្យបណ្តឹង ដោយមិនគិតពីនិន្នាការនយោបាយ ។

គួរកត់សម្គាល់ដែរថា ក្រៅពីគណបក្សកម្លាំងជាតិ ប្រកាសមូលស្នាមមេដៃ ក្នុងការប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលនេះ បើតាមការអះអាងរបស់លោក ពេជ្រ  មូន  (ពេជ្រ ចន្ទ្រា) តំណាងក្រុមបញ្ញវន្តខ្មែរ នៅក្រៅប្រទេស បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីពេលថ្មីៗនេះ បានទទួលយកពាក្យបណ្តឹងដែលរូបលោកជាតំណាងប្រជាជនកម្ពុជាទូទាំងពិភពលោក ប្តឹងថៃ ពីការប្រើប្រាស់កម្លាំងយោធា វាយប្រហារមិនរើសមុខ មកលើកម្ពុជា នោះហើយ។

ទោះបីជាយ៉ាងណា លោក សុក សំអឿន ទីប្រឹក្សាច្បាប់អមរិន្ទ បញ្ជាក់ថា ការដាក់ពាក្យប្តឹងឲ្យថៃ សងការខូចខាតក្នុងសង្គ្រាមឈ្លានពានកម្ពុជា គឺអាចធ្វើទៅបាន ទាល់តែរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ថៃ ជាអ្នកឈ្លានពាន។ បានន័យថា ក្នុងករណីគណបក្សមួយ ឬក្រុមមួយ ជាអ្នកចេញមុខប្តឹងថៃ ប្រហែលជាពិបាកនឹងឲ្យតុលាការអន្តរជាតិ ទទួលបណ្តឹងរបស់ពួកគេ។ លោកបន្តថា ប្រជាពលរដ្ឋម្នាក់ៗ ក៏អាចធ្វើបណ្តឹងជាឯកជនក្តី ឬជាក្រុមក្តី មកក្រុមការងាររបស់រដ្ឋាភិបាល បន្ទាប់មក រដ្ឋាភិបាល ប្រមូលភ័ស្តុតាងទាំងនោះ ដាក់ពាក្យបណ្តឹងទៅយន្តការអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិ ៕ កុលបុត្រ

RELATED ARTICLES