Friday, January 23, 2026
Homeព័ត៌មានជាតិក្រុមប្រឹក្សាសន្តិភាព ដូណាល់ ត្រាំ ហៅកម្ពុជា ចូលជាសមាជិកស្ថាបនិក

ក្រុមប្រឹក្សាសន្តិភាព ដូណាល់ ត្រាំ ហៅកម្ពុជា ចូលជាសមាជិកស្ថាបនិក

ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារលិខិតជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជា ចូលរួមជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព ដែលលោកទើបបង្កើតឡើង ដើម្បីពង្រឹងសន្តិភាពនៅមជ្ឈិមបូព៌ា ។ នៅក្នុងចំណោម ៦០ប្រទេសផ្សេងទៀត កម្ពុជា និងថៃ គឺជាប្រទេសដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ។ 

លិខិតរបស់លោក ដូណាល់ ត្រាំ ធ្វើនៅសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលបានផ្ញើជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (បកប្រែក្រៅផ្លូវការ) មានខ្លឹមសារថា “សូមគោរពលោកនាយករដ្ឋមន្ត្រី!

នេះជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ខ្ញុំ ដែលបានអញ្ជើញលោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាមួយខ្ញុំ ក្នុងកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រ និងដ៏អស្ចារ្យ ដើម្បីពង្រឹងសន្តិភាពនៅមជ្ឈិមបូព៌ា និងក្នុងពេលតែមួយ ដើម្បីចាប់ផ្តើមវិធីសាស្រ្តថ្មីដ៏ក្លាហាន ក្នុងការដោះស្រាយជម្លោះសកល!

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានប្រកាសអំពីផែនការដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា ដែលជាផែនទីបង្ហាញផ្លូវ ២០ចំណុចដ៏អស្ចារ្យ ដែលមេដឹកនាំពិភពលោកទាំងអស់ រួមទាំងប្រមុខរដ្ឋធំៗ នៅទូទាំងពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប បានទទួលយកយ៉ាងឆាប់រហ័ស។ ក្នុងការបន្តផែនការនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តយ៉ាងលើសលប់នូវដំណោះស្រាយលេខ ២៨០៣ ដោយស្វាគមន៍និងគាំទ្រដល់ចក្ខុវិស័យនេះ។

ឥឡូវនេះ វាដល់ពេលដែលត្រូវប្រែក្លាយសុបិនទាំងអស់នេះ ទៅជាការពិត។ នៅចំកណ្តាលនៃផែនការ គឺក្រុមប្រឹក្សាសន្តិភាព ដែលជាក្រុមប្រឹក្សាដ៏គួរឱ្យចាប់អារម្មណ៍ និងជាលទ្ធផលដែលមិនធ្លាប់មាន ដែលនឹងត្រូវបានបង្កើតឡើង ជាអង្គការអន្តរជាតិថ្មី និងរដ្ឋបាលគ្រប់គ្រងអន្តរកាល។

កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងប្រមូលផ្តុំក្រុមប្រទេសដ៏ល្បីល្បាញមួយ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបន្ទុកដ៏ថ្លៃថ្លានៃការកសាងសន្តិភាព ។ វាជាកិត្តិយសមួយ ដែលបានបម្រុងទុកសម្រាប់អ្នកទាំងនោះ ដែលបានរៀបចំដើម្បីដឹកនាំជាគំរូ ហើយជាការវិនិយោគយ៉ាងត្រចះត្រចង់ក្នុងអនាគត ដែលមានសុវត្ថិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ ។ យើងនឹងកោះប្រជុំដៃគូដ៏អស្ចារ្យ និងប្តេជ្ញាចិត្តរបស់យើង ដែលភាគច្រើនជាមេដឹកនាំពិភពលោក ដែលមានការគោរពយ៉ាងខ្ពង់ខ្ពស់ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិភាព ខ្ញុំសូមអញ្ជើញព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ ឱ្យចូលរួមក្នុងនាមជារដ្ឋសមាជិកស្ថាបនិក ហើយក្លាយជាភាគីនៃធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព ដែលតំណាងដោយឯកឧត្ដម ។ ក្រុមប្រឹក្សានេះ នឹងក្លាយជាប្រភេទមួយដែលមិនធ្លាប់មានពីមុនមក! រដ្ឋសមាជិកនីមួយៗ អាចចាត់តាំងតំណាងដែលមានការអនុញ្ញាត ឱ្យចូលរួម និងចូលរួមក្នុងកិច្ចប្រជុំក្នុងនាមខ្លួន។ មានភ្ជាប់ជាមួយនូវផែនការទូទៅ និងធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព ដែលឥឡូវនេះ ត្រូវបានបើកសម្រាប់ការចុះហត្ថលេខា និងការផ្តល់សច្ចាប័នរបស់ឯកឧត្ដម ។ 

ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្ដម ក្នុងរយៈពេលយូរ ទៅអនាគត ឆ្ពោះទៅរកគោលបំណងចុងក្រោយ នៃការបង្កើតសន្តិភាពពិភពលោក, ភាពរុងរឿង និងភាពអស្ចារ្យ សម្រាប់អ្នកទាំងអស់គ្នា! (WORLD PEACE , PROSPERITY, AND GREATNESS  FOR ALL!)…” ។

ជុំវិញសារលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូននាយករដ្ឋមន្រ្តីកម្ពុជា ខាងលើនេះ សម្រាប់អ្នកនយោបាយក្រៅរដ្ឋាភិបាល អ្នកវិភាគតាមដានស្ថានការណ៍នយោបាយ និងអ្នកជំនាញភូមិសាស្រ្តនយោបាយមួយចំនួន បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាចូលរួមនៅក្នុង “ក្រុមប្រឹក្សាសន្តិភាព” ឲ្យបានល្អិតល្អន់ ដោយបែងចែកឲ្យបានច្បាស់ រវាងឥទ្ធិពលមហាអំណាច ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ តើមួយណាមានប្រយោជន៍ជាងដល់សន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ជាពិសេសសម្រាប់កម្ពុជា តើអាចធានាបាននូវសន្តិភាព និងការពារអធិបតេយ្យ ពីការរំលោភឈ្លានពានពីប្រទេសថៃ ដែលជាប្រទេសជិតខាង បានឬយ៉ាងណា? 

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា លោកមិនជំទាស់ទេ បើកម្ពុជា មានលទ្ធភាពរកថវិកា ១០០០លានដុល្លារ ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដើម្បីប្រយោជន៍ជាតិ ជាជាងប្រយោជន៍បក្ខពួក និងនិន្នាការនយោបាយ ។ ដូច្នេះកម្ពុជា ត្រូវពិចារណាអំពីតម្លៃនៃការចូលរួមនេះ ហើយលោកជឿថា កម្ពុជា អាចមានលទ្ធភាពធ្វើជាដងរែក ដើម្បីរែកទឹកនៅលើស្មា ឲ្យបានស្មើគ្នា រវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន ១៩៣ប្រទេស ជាសមាជិក និងក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងអញ្ជើញ ៦០ប្រទេស ចូលរួម ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា នេះជាស្នៀតនយោបាយ ដូចយើងមើលចបជីក និងចបកាប់ គឺថាស្នៀតនយោបាយ គឺទ្រូមួយ ប្រើសពីរ ។ អ៊ីចឹងនេះជារឿងដែលកម្ពុជា ត្រូវឆ្លាតវាងវៃទៅនឹងដំណោះស្រាយនៃភូមិសាស្រ្ត ទៅនឹងដំណោះស្រាយនៃប្រទេសជិតខាង ដែលកំពុងតែមានសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពសៀម មកលើប្រទេសកម្ពុជា ហើយដំណោះស្រាយមួយ ដែលយើងឃើញថា មហាអំណាច កំពុងតែឈានទៅរកការបន្សាប ហើយប្រើឥទ្ធិពលនៃអតីតកាលរាប់រយឆ្នាំមក គឺក្នុងនយោបាយ «សក់អ្នកណា ក្បាលអ្នកហ្នឹង» នៃដំណោះស្រាយ គឺថា ត្រីធំ ស៊ីត្រីតូច ហើយបើត្រីតូច មិនខ្លាំង គឺថា យើងមើលនយោបាយនៃធម្មជាតិ គឺខ្លា ទៅនឹងសត្វកាំប្រមា ។ អ៊ីចឹងយើងងាកមកកម្ពុជា វិញ ហើយយើងមើលឥទ្ធិពលនៃស្ថាប័នអង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាសន្តិសុខ ទាំង១៥ប្រទេស ជាអ្នកដោះស្រាយវិបត្តិសង្រ្គាម វិបត្តិមនុស្សធម៌ វិបត្តិអ្វីដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រល័យមនុស្សជាតិ ឧក្រិដ្ឋកម្មមនុស្សធម៌អន្តរជាតិ ក៏ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បនប្រល័យពូជសាសន៍អីអ៊ីចឹង ជាដើម ។ អ៊ីចឹងនិយាយជារួម គឺកម្ពុជា បានរងគ្រោះទៅហើយ នូវភាពអយុត្តិធម៌ ដោយប្រទេសថៃ បានរំលោភបំពាននូវអធិបតេយ្យ បូរណភាពទឹកដីប្រទេសកម្ពុជា វាពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិ នូវអ្វីដែលមហាអំណាច ក៏ដូចក្រុមប្រឹក្សាសន្តិសុខ បានធ្វើកិច្ចការ កាលពីសង្រ្គាមខែកក្កដា ឆ្នាំ២០២៥“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ងាកមកបញ្ហាថា តើឥទ្ធិពលនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង១៥ប្រទេស រួមទាំងមហាអំណាចទាំង៥ នេះ បានងាកតាមរយៈមហាអំណាចធំគ្មានពីរ នៃយោធានិងសេដ្ឋកិច្ច សហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ហ្នឹង លោកបានបង្កើតនូវក្រុមប្រឹក្សាសន្តិភាពមួយ ដែលជាឯកជនមួយ មិនមែនជាស្ថាប័ននៃប្រទេសមហាអំណាចក្ដី ប្រទេសតតិយលោក ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសអភិវឌ្ឍន៍ហើយក៏ដោយ នៅក្នុងចំណោមអង្គការសហប្រជាជាតិ ១៩៣នោះ តើបានធ្វើឲ្យស្ថាប័នមួយកំពូលនៃឥទ្ធិពលពិភពលោកហ្នឹង ចុះខ្សោយ ឬក៏គ្មានប្រសិទ្ធភាពក្នុងការរកដំណោះស្រាយនៃសន្តិភាព ហើយបែរជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក នេះ មកចាប់បង្ខំ ឬបង្កើតក្រុមប្រឹក្សាសន្ដិភាព ដើម្បីទៅដោះស្រាយមជ្ឈិមបូព៌ា នៃប្រទេសអ៊ីស្រាអែល ដែលកំពុងមានជម្លោះគ្នាជាមួយរដ្ឋប៉ាឡេស្ទីន ហើយឥឡូវកំពុងតែច្របូកច្របល់នៅក្នុងការត្រៀមទៅរកការប្រយុទ្ធ ការធ្វើសង្រ្គាមបែបណា រកសន្តិភាព ហើយនិងមានជម្លោះជាមួយនឹងប្រទេសអ៊ីស្រាអែល? អ៊ីចឹងដំណោះស្រាយទាំងអស់ហ្នឹងហើយ ដែលដូណាល់ ត្រាំ គាត់មានគំនិតបង្កើត ហើយមានថៃ ជាប់ពាក់ព័ន្ធ ហើយនិងបានអញ្ជើញប្រទេស៦០ នៅលើពិភពលោក រួមទាំងមហាអំណាចកុម្មុយនីស្ត មានរុស្ស៊ី ឬក៏អាចថា មានចិន ឬក៏មានប្រទេសណាផ្សេងហ្នឹង គឺដើម្បីទៅចូលរួមស្វែងរកសន្តិភាពទាំងអស់គ្នា ។ អ៊ីចឹងការដោះវិបត្តិសន្តិភាព តើអំណាចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអំណាចដែលមានក្រុមប្រឹក្សាសន្តិភាព ដែលដឹកនាំដោយលោកដូណាល់ ត្រាំ មួយជីវិតហ្នឹង តើអាចដោះស្រាយបែបណា ទៅនឹងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី សង្រ្គាមរវាងកម្ពុជា ជាមួយនឹងថៃ ថៃ ជាមួយនឹងភូមា ហើយសង្រ្គាមនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់ អ៊ីស្រាអែល ក៏ដូចជាវិបត្តិនៃភូមិសាស្រ្តនយបាយសមុទ្រខាងត្បូង ទៅនឹងកោះតៃវ៉ាន់ អីជាដើម ។ អាហ្នឹងហើយដែលកម្ពុជា ត្រូវមានភាពឆ្លាតវៃថា តើអាចចូលជាសមាជិកជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដូចជាប្រទេសថៃ? ប្រទេសថៃ យល់ព្រម មិនព្រម វាជារឿងបន្តទៅមុខទៀត ហើយកម្ពុជា នៅគម្លាតនៃភូមិសាស្រ្តមហាអំណាចចិន និងសហរដ្ឋអាមេរិក ហើយកម្ពុជា រងផលប៉ះពាល់នៃសេដ្ឋកិច្ច និងសង្រ្គាម ភាពទន់ខ្សោយទាំងសេដ្ឋកិច្ច កម្លាំងយោធាបែបណាៗ គឺនៅក្នុងគំនាបនៃប្រទេសខាងលិច គឺប្រទេសសៀម និងភាគខាងកើត នៃប្រទេសយួន ។ អ៊ីចឹងអាហ្នឹងហើយ ជាការរងគ្រោះ បើសិនជាយើងមានបញ្ហាងាកក្នុងយថាហេតុណាមួយ ឬក៏យើងខ្វះចន្លោះ ឬក៏យើងអត់មានភាពឆ្លាតវៃក្នុងការកែច្នៃបែបណា គឺយើងគ្រោះថ្នាក់មែនទែន ព្រោះយើងឃើញថា ភូមិសាស្រ្តនយោបាយនៅលើពិភពលោក អ្វីៗមានការប្រែប្រួល“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ យើងប្រទេសតូចទន់ខ្សោយ គឺយើងត្រូវកែច្នៃបែបណា ដើម្បីនៅក្នុងលំនឹងមួយ ដូចជាប្រទេសសាំងហ្គាពួរ ដូចជាប្រទេសអ៊ីស្រាអែល ឬក៏កូរ៉េខាងត្បូង ឬក៏ប្រទេសណាផ្សេងទៀត ដែលគេឯករាជ្យ គេម្ចាស់ការ ហើយគេខ្លាំងសេដ្ឋកិច្ច គេសាមគ្គីផ្ទៃក្នុងជាតិ គេខ្លាំងខាងទំនើបកម្មយោធា ។ អ៊ីចឹងខ្ញុំថា កម្ពុជា នឹងពិចារណាពីបញ្ហាជាមួយនឹងក្រុមប្រឹក្សាសន្តិភាព របស់លោកដូណាល់ ត្រាំ ឬក៏នៅបន្តជាសមាជិកអង្គការសហប្រជាជាតិ គឺបន្តអ៊ីចឹងទៅ ដើម្បីយកនូវឥទ្ធិពលនៃច្បាប់អន្តរជាតិ ។ ប៉ុន្តែច្បាប់អន្តរជាតិ ទៅនឹងប្រទេសខ្លាំង ប្រទេសខ្សោយ ការដោះស្រាយមានពេលវេលា យុត្តាធិការបែបណាៗ ។ អ៊ីចឹងខ្ញុំថា កម្ពុជា ជាជម្រើសចុងក្រោយ ដែលកម្ពុជា អាចជម្រាលធ្លាក់ទៅក្នុងជ្រោះរំអិលនៃភូមិសាស្រ្តនយោបាយ ឬក៏កម្ពុជា អាចប្រឹងលទ្ធភាពដើម្បីឆ្លៀតចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាព របស់ដូណាល់ ត្រាំ ហើយកម្ពុជា នៅចន្លោះនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិភាព របស់ដូណាល់ ត្រាំ តើយើងមានលទ្ធភាពទេក្នុងថវិកា ដើម្បីប្រយោជន៍ជាតិ ជាជាងប្រយោជន៍បក្ខពួក ហើយនិន្នាការនយោបាយ ហើយនៅតែបន្តឲ្យខ្មែរ បែកបាក់គ្នា អត់មានសាមគ្គី ឯកភាពផ្ទៃក្នុង បង្រួបបង្រួម ផ្សះផ្សាជាតិ និងឯកភាព ដើម្បីទៅរកសន្តិភាពពិតទេ? អ៊ីចឹងហើយកម្ពុជា ត្រូវពិចារណាអំពីតម្លៃនៃការចូលរួមជាសមាជិក បង់លុយ ១ឆ្នាំ ១ពាន់លានដុល្លារ តើកម្ពុជា មានលទ្ធភាពដើម្បីទប់កម្ពុជា ឲ្យមានសន្តិសុខតំបន់ ដែលមិនមានសង្រ្គាមរាំងជល មិនមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង ខ្ញុំថា កម្ពុជា អាចមានលទ្ធភាពធ្វើជាដងរែក ដើម្បីរែកទឹក រវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងទឹកម្ខាង គឺក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក ហើយទៅតាមកាលៈទេសៈនយោបាយបច្ចុប្បន្ន ដែលពិភពលោក នឹងឈានទៅរកអស្ថិរភាពសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក“ ។

ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកជំនាញកិច្ចការអន្តរជាតិ និងជាអ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ថា តាមការស្ទង់មតិនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក មានមតិជាច្រើនចង់ឲ្យកម្ពុជា ចូលរួមជាសមាជិកចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសនិ្តភាព រហូតដល់ពួកគេហ៊ានរៃអង្គាសប្រាក់គ្នា ដើម្បីធ្វើជាមូលនិធិជួយមកដល់រដ្ឋាភិបាលកម្ពុជា ទៀតផង ។ ដូច្នេះលោកយល់ថា ក្នុងបរិបទនេះ កម្ពុជា យើងត្រូវដើរគ្រប់យន្តការអន្តរជាតិទាំងអស់ គឺក្រៅពីយន្តការរបស់អង្គការសហប្រជាជាតិ ក៏ត្រូវប្រើយន្តការក្រុមប្រឹក្សាសន្តិភាព នេះផងដែរ ព្រោះនៅក្នុងធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពនេះ បានផ្ដល់នូវសិទ្ធិអំណាចដល់សមាជិកអចិន្រ្តៃយ៍ ក៏ដូចជាការពារបាននូវសនិ្តសុខ និងបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងរឹងមាំ ។

លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍ថា “ កម្ពុជា យើងប្រើប្រាស់នូវយន្តការទាំងអស់ ទាំងក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោក ដូណាល់ ត្រាំ នេះ គឺយើងមានលទ្ធភាព គឺយើងអាចចូលជាសមាជិកអចិន្រ្តៃយ៍តែម្ដង គឺដូចខ្ញុំបានជម្រាបជូននៅក្នុងសារព័ត៌មានសង្គមរបស់ខ្ញុំហើយ គឺមានបងប្អូនច្រើនណាស់ ដែលខម្មិនមក មានឆន្ទៈនៅក្នុងការចូលរួម ទាំងតិច ទាំងច្រើន មានអ្នកខ្លះជាប្រជាពលរដ្ឋសាមញ្ញ មាន ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ មានរហូតដល់រាប់ពាន់ដុល្លារឯណោះ ក្នុងការចូលរួមដើម្បីប្រមូលថវិកាចូលជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិភាព នេះ ហើយនៅពេលដែលយើងចូល គឺយើងនឹងមានអំណាច យើងមានសិទ្ធិច្រើននៅក្នុងការការពារអធិបតេយ្យ ទឹកដីរបស់កម្ពុជា សន្តិសុខរបស់កម្ពុជា ពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជា ហើយនិងទំនាក់ទំនងស្អិតល្មួតជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាការទទួលបាននូវការគាំទ្រ ទិញនូវសម្ភារៈយោធា ការផ្ទេរនូវបច្ចេកវិទ្យា ក៏ដូចជារួមជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងនូវសព្វាវុធ ហើយនិងយោធារបស់កម្ពុជា ។ តែប្រសិនបើកម្ពុជា មិនអាចមានលទ្ធភាពទេ គឺកម្ពុជា អាចចូលជាសមាជិកធម្មតា ដែលមិនតម្រូវឲ្យមានការបង់ប្រាក់ទេ តែសម្រាប់បរិបទកម្ពុជា បច្ចុប្បន្ននេះ ដែលកំពុងតែមានការឈ្លានពានពីខាងប្រទេសថៃ ហើយនិងការឈ្លានពានពីខាងលិច ខាងកើត ខាងជើងនេះ គឺយើងត្រូវតែដើរឲ្យទាន់នៃបរិបទនៃភូមិសាស្រ្តនយោបាយពិភពលោកហើយ ។ នៅពេលដែលយើងចូលរួមជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិភាពនេះ គឺយើងមានសិទ្ធិ មានអំណាច ហើយនៅក្នុងធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពនេះទៀតសោត គឺផ្ដល់នូវសិទ្ធិអំណាចដល់សមាជិកអចិន្រ្តៃយ៍នេះ ក៏ដូចជាការពារបាននូវសនិ្តសុខ និងបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងរឹងមាំ“ ។

លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍បន្តថា “ជារួមមកវិញ កម្ពុជា យើងក្នុងបរិបទនេះ គឺយើងត្រូវដើរនូវគ្រប់យន្តការអន្តរជាតិទាំងអស់ រួមទាំងយន្តការរបស់អង្គការសហប្រជាជាតិ ប៉ុន្តែយើងមើលមិនឃើញច្រើនទេ ពាក់ព័ន្ធទៅនឹងលទ្ធភាពរបស់អង្គការសហប្រជាជាតិ ក្នុងការជួយអន្តរាគមន៍ ក្នុងការជួយទប់ស្កាត់ការឈ្លានពានពីបណ្ដាប្រទេសជិតខាងនេះ មកលើអធិបតេយ្យរបស់កម្ពុជា នេះ ។ ដូច្នេះការបង្កើតនូវក្រុមប្រឹក្សាសន្តិភាពនេះ គឺមានលក្ខណៈផ្លូវច្បាប់ ក៏ដូចមានលក្ខណៈបង្ខំរឹងមាំខ្លាំងជាងយន្តការរបស់អង្គការសហប្រជាជាតិ ។ តែទោះជាយ៉ាងណា យើងត្រូវដើរឲ្យគ្រប់យន្តការទាំងអស់ យើងមិនទាត់ចោលនូវយន្តការអង្គការសហប្រជាជាតិ ឬក៏ទាត់ចោលនូវយន្តការក្រុមប្រឹក្សាសន្តិភាព ដែលជាអង្គភាពរក្សានូវសណ្ដាប់ធ្នាប់នៃភូមិសាស្រ្តនយោបាយថ្មីនេះទេ“ ។

ទោះបីយ៉ាងណា សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលមានជំនាញភូមិសាស្រ្តនយោបាយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា ការបង្កើតក្រុមប្រឹក្សាសនិ្តភាព របស់លោក ដូណាល់ ត្រាំ វាជាយន្តការមួយនៅក្រៅពីអង្គការសហប្រជាជាតិ (UN) នៅដោយឡែកពីណាតូ ដូច្នេះវាអត់មានស្ថិរភាពទេ ។ ម្យ៉ាងទៀត ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ សម្រាប់ការចូលជាសមាជិកអចិន្រ្តៃយ៍ ការផ្សងនឹងបញ្ហាមិនមានស្ថិរភាព និងការផ្សងនឹងបញ្ហាប្រឈមនឹងភូមិសាស្រ្តនយោបាយ វាពិតជាពិបាកសម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ ការបង្កើតក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ របស់លោកដូណាល់ ត្រាំ នេះ វាជាយន្តការមួយនៅក្រៅពី UN នៅដោយឡែកពីណាតូ ។ នេះជារបៀបធ្វើការផ្ទាល់របស់លោក ដូណាល់ ត្រាំ ។ អ៊ីចឹងខ្ញុំគិតថា អត់មាននិរន្តរភាពទេ នៅពេលដែលចប់អាណត្តិលោកដូណាល់ ត្រាំ វាទៅជារឿងផ្សេងទៀត ។ ឧទាហរណ៍ថា កាលជំនាន់លោកអូបាម៉ា ក៏គាត់បង្កើតប្រតិបត្តិការឆ្លងសមុទ្រ មហាសមុទ្រប៉ាស៊ីហ្វិក អីអ៊ីចឹងទៅ ខ្ញុំភ្លេចពាក្យហ្នឹង ។ ដល់ពេលលោកត្រាំ ឡើងមក គាត់លុបអាហ្នឹងចេញវិញ ។ អ៊ីចឹងវាអត់មានស្ថិរភាពទេ យន្តការក្រៅអង្គការសហប្រជាជាតិ និងក្រៅណាតូ ទៅទៀត ។ បើយើងនិយាយពីពិភពបស្ចិមប្រទេស គឺមានណាតូ មួយទៀត ហើយលោក ដូណាល់ ត្រាំ គាត់បង្កើតអាហ្នឹង ក្រៅណាតូ ។ អ៊ីចឹងវាអត់មានស្ថិរភាពទេ ដែលយើងចង់បញ្ជាក់អ៊ីចឹង ។ ទី២ កម្ពុជាគ្មានលទ្ធភាពតែម្ដង ទំហំទឺកប្រាក់ ១ពាន់លានដុល្លារ ហើយវាផ្សងនឹងបញ្ហាមិនមានស្ថិរភាពទៀត វាផ្សងនឹងបញ្ហាប្រឈមនឹងភូមិសាស្រ្តនយោបាយ ។ អ៊ីចឹងវាពិបាកសម្រាប់កម្ពុជា ក្នុងការចូលរួម អានេះគឺជាការយល់ឃើញរបស់ខ្ញុំ គឺអ៊ីចឹង…” ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព (The Board of Peace) គឺជាអង្គការមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង “លើកកម្ពស់ស្ថិរភាព ស្តារអភិបាលកិច្ចដែលអាចទុកចិត្តបាន និងស្របតាមច្បាប់ និងធានាបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ឬគំរាមកំហែងដោយជម្លោះ”។ ក្រុមប្រឹក្សាសន្តិភាព ត្រូវបានស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានប្រកាសដោយលោក ត្រាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានប្រកាសថា អង្គការសហប្រជាជាតិ មិនដែលជួយដល់សន្តិភាពពិភពលោកទេ ដែលជាហេតុផលសម្រាប់ការបង្កើតក្រុមប្រឹក្សាសន្តិភាព របស់លោក ដោយអះអាងថា ក្រុមប្រឹក្សាសន្តិភាព របស់លោក មានសិទ្ធិជំនួស UN ។ ក្រុមប្រឹក្សាសន្តិភាព ត្រូវបានកំណត់ដោយលោក ដូណាល់ ត្រាំ តែម្នាក់ឯង ដែលមានបំណងគិតថ្លៃអាសនៈ ចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសដែលចូលជាសមាជិកអចិន្រ្តៃយ៍ ។ មានប្រទេសប្រមាណ៦០ បានទទួលការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមជាសមាជិកស្ថាបនិក។ ប្រទេសដែលចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិភាព ត្រូវបង់ប្រាក់ ចំនួន ១ពាន់លានដុល្លារអាមេរិក ទៅក្នុងមូលនិធិដែលគ្រប់គ្រងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

រដ្ឋដែលបានបញ្ជាក់ពីការចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាព រួមមាន សហរដ្ឋអាមេរិក (ប្រធាន) អាល់បានី អាហ្សង់ទីន អាមេនី បេឡារុស ហុងគ្រី អ៊ីស្រាអែល កាហ្សាក់ស្ថាន កូសូវ៉ូ ម៉ារ៉ុក ប៉ារ៉ាហ្គាយ អេមីរ៉ាតអារ៉ាប់រួម អ៊ូបេគីស្ថាន និងវៀតណាម ។

ចំណែករដ្ឋដែលត្រូវបានអញ្ជើញឱ្យចូលរួម រួមមាន កម្ពុជា អូស្ត្រាលី អូទ្រីស បារ៉ែន ប្រេស៊ីល ប្រទេសកាណាដា ចិន ក្រូអាត ស៊ីប អេហ្ស៊ីប ហ្វាំងឡង់ អាល្លឺម៉ង់ ក្រិក ឥណ្ឌា ឥណ្ឌូនេស៊ី អៀរឡង់ អ៊ីតាលី ជប៉ុន ហ្ស៊កដានី ហូឡង់ នូវែលសេឡង់ អូម៉ង់ ប៉ាគីស្ថាន ប៉ូឡូញ ព័រទុយហ្គាល់ កាតា រ៉ូម៉ានី រុស្ស៊ី អារ៉ាប៊ីសាអូឌីត សិង្ហបុរី ស្លូវេនី កូរ៉េខាងត្បូង ស្វីស ថៃ ទួរគី ចក្រភពអង់គ្លេស អ៊ុយក្រែន សហភាពអឺរ៉ុប ។

ចំពោះប្រទេសដែលបានបដិសេធការអញ្ជើញឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាព រួមមាន បារាំង ន័រវែស ស៊ុយអែត ៕ កុលបុត្រ

RELATED ARTICLES