ភ្នំពេញ ៖ បុរសម្នាក់ បានបើកម៉ូតូកង់បី ១គ្រឿង គេចចេញម៉ូតូ ១គ្រឿង និងសត្វឆ្កែ ១ក្បាលដែលឆ្លងកាត់ផ្លូវពីមុខ រេចង្កូតទៅបុកខឿនចម្លាក់នាគ ពេញទំហឹង បណ្តាលឱ្យបែកក្បាលសន្លប់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
បុរសរងគ្រោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ ចំណែកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ កំពង់ ចាម 1U-9769 ខូចខាត ១កំណាត់មុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បើកបរម៉ូតូកង់បី ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿនគួរសម លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកខឿនចម្លាក់នាគ ស្លាកគល់ស្ពានសម្តេចហ៊ុន សែន ព្រែកជ្រៃ ពេញទំហឹង បណ្តាលឱ្យសន្លប់ ហើយបើគ្មានខឿនស្លាកគល់ស្ពាន ជួយទប់ទេ ប្រហែលទាំងម៉ូតូកង់បី និងបុរសនោះ ធ្លាក់ចូលក្នុងទឹកស្ទឹង មិនខាន។

ប្រភពដដែល បន្តថា ខណៈនោះ ខ្លួន ក្បាលនិងដៃទាំង២របស់ជនរងគ្រោះ បានធ្លាក់មកដី ចំណែកជើងទាំង២ គាបជាប់នឹងចង្កូតម៉ូតូកង់បី មើលទៅដូចគេចងព្យួរ ហើយខឿនស្លាកគល់ស្ពាន រងការបាក់បែកធ្លុះធ្លាយ ។ រីឯម៉ូតូកង់បី ខូច១កំណាត់មុខ។ ភ្លាមៗនោះ គេស្មានថាបុរសនេះស្លាប់បាត់ទៅហើយ ប៉ុន្តែបន្ទាប់ទៅមើលជិត ទើបដឹងថា នៅមានដង្ហើម ក៏នាំគ្នាជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ហើយមួយសន្ទុះក្រោយមក ទើបបុរសនោះដឹងខ្លួនវិញ ។
បុរសរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខណៈដែលខ្លួនកំពុងបើកបរម៉ូតូកង់បី ទៅដល់ត្រង់ចំណុចជិតស្ពានព្រែកជ្រៃ ស្រាប់តែមានម៉ូតូ ១គ្រឿង និងឆ្កែ ១ក្បាល ត់ឆ្លងផ្លូវកាត់ពីមុខ។ ដោយខ្លាចបុកម៉ូតូនិងឆ្កែ ទើបខ្លួនបានកាច់ចង្កូតគេចចេញ ហើយក៏ជ្រុលទៅបុកខឿនស្លាកគល់ស្ពានខាងលើ បែបនេះតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្ពានថ្ម និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកាន់កន្លែងកើតហេតុ រួចបានយកម៉ូតូកង់បី និងអ្នកបើកបរ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយ៕