ខេត្តសៀមរាប ៖ អ្នកគ្រូក្រមុំរូបស្អាត នាដការី សុខគា គីមលាង បានបង្ហាញផ្ទះវីឡាកំពុងសាងសង់បានជាង៥០% ហើយ នៅលើទឹកដីខេត្តសៀមរាប ដែលនាងអះអាងថា ជាការរស់នៅបែបសាមញ្ញ និងលូតលាស់យ៉ាងស្ងប់ស្ងាត់ ហើយទោះជាអ្នកខ្លះមិនឲ្យតម្លៃ ប៉ុន្ដែវាជាសេចក្ដីសុខនិងមនុស្សជុំវិញខ្លួន ។ យ៉ាងណា នេះមិន មែនជាផ្ទះទី១ នោះទេ គឺជាផ្ទះទី២សម្រាប់នាង នៅលើទឹកដីខេត្តសៀមរាប ហើយដោយសាតែដក់ជាប់ទៅនឹងទឹកដីអច្ឆរិយ មួយនេះ ទើបនាងមិនស្ទាក់ស្ទើក្នុងការចំណាយលុយធ្វើផ្ទះវីឡាថ្មី ក្នុងក្ដីស្រមៃមួយនេះ បើទោះ ជានាងមានផ្ទះនៅភ្នំពេញ និងច្រើនតែរស់នៅរាជធានី ច្រើនជាងទៅខេត្តសៀម រាបក្ដី ។

គួរកត់សម្គាល់ថា សុខគា គីមលាង ក្នុងវ័យ២៨ឆ្នាំ នាងជានាដការីលេចធ្លោម្នាក់ វិវឌ្ឍទៅជាតារាសម្ដែងភាពយន្ដ MV និងស្ពតធំៗ ជាបន្ដបន្ទាប់ ។ អ្នកគ្រូរូបស្អាត បង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ រូបនេះ បានខកចិត្ត ព្រោះតែមិនអាចគ្រងមកុដ Miss Universe Cambodia 2025 ដោយសាតែ ថៃ នារីសុជាតា ហៅហ្វីយ៉ាតា យកឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។ ពេលនេះ គីមលាង មិនទាន់ចូលរួមប្រកួតបវរកញ្ញា ជាថ្មីទេ បន្ទាប់ពីខកចិត្តក្នុងការប្រកួតលើកដំបូង ហើយផែនការចង់ទៅប្រកួតបវរកញ្ញាលំដាប់អន្ដរជាតិ នៅប្រទេសឥណ្ឌា Miss Universe 2026 ត្រូវបរាជ័យ។

តាមប្រភពថា គីមលាង ហាក់ស្ទាក់ស្ទើរចិត្តក្នុងការប្រកួតបវរកញ្ញាកម្មវិធីផ្សេងៗទៀត ព្រោះតែរឿងនាងពិបាកគេចជាងគេនោះ គឺវិញ្ញាសារស្លៀកឈុតប៊ីគីនី ដោយសាតែនាងជាគ្រូបង្រៀនផ្នែករបាំបុរាណ ។ ប៉ុន្ដែបើគីមលាង ចង់គេចឈុតបញ្ចេញសាច់គល់ភ្លៅ និងដើមទ្រូងនោះ នាងមិនអាចប្រកួតបវរកញ្ញាបានទេ ។

សុខគា គីមលាង ហៅកូនអាន (Kon Ant) ឬកូនស្រមោច ធ្លាប់ថត MV បទរបស់វណ្ណដា «អាមុំបងអើយ» ចាប់ដៃជាមួយលោក ឆន សុវណ្ណារាជ សម្ដែងខ្សែរឿងស្នេហា កម្មវិធី «សាកស្រលាញ់គ្នាបានទេ?», សម្ដែងភាពយន្ដ ជាតួឯករឿង «សាសនាងងឹត» របស់ LD និងស្ពតធំរថយន្ដទំនើបម៉ាក Range Rover ជាដើម។ គីមលាង ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងប្រកាន់ជំហរមិនថតឈុតស្នេហាស្រើបស្រាលរោលរាលជាដាច់ខាត ប៉ុន្ដែក្នុងវ័យនេះ នាងចង់សន្សំឯកសារផ្ទាល់ខ្លួន នោះគឺថតភាពយន្ដណាដែលនាងស្រលាញ់ ខណៈដែលកាលពីឆ្នាំមុនៗ នាងបានអាក់ខានថតរឿងដុំ និងរឿងភាគ ជាច្រើនរឿង ដែលបញ្ហាដោយសារតែជាប់ រវល់ការងារផ្ទាល់ខ្លួន ។

ក្រៅពីសុខគា គីមលាង តារាដែលធ្លាប់ហាត់របាំបុរាណ ក្លាយទៅជាតារាសម្ដែងនិងចម្រៀង មានដូចជា ឱក សុគន្ធកញ្ញា, សួស វីសា, នី មុនីនាថ, ដួង សុខជា និងចំរើន សុភ័ក្រ្ដ ជាដើម ។ ចំពោះគីមលាង នាងធ្លាប់ចេញទៅសម្ដែងរបាំបុរាណ និងព្រះរាជទ្រព្យ នៅបរទេសជាច្រើនមកហើយ ខណៈកាលពីឆ្នាំ២០២៣ នាងបានយកឈុតរបាំអប្សរាអង្គរ ទៅរាំនៅលើភ្នំទឹកកក នៃប្រទេស New Zealand ល្បីល្បាញដល់បរទេសផងដែរ ។ នាដការីស្រស់សោភារូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់មានគូស្នេហ៍ទេ ហើយក៏មិនអាចកំណត់ថាពេលណាយកប្ដីដែរ ព្រោះគិតថា ក្នុងវ័យនេះ ចង់ផ្ដោតលើការធ្វើការដែលខ្លួនស្រលាញ់បំផុត គឺគ្រូ បង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ ឲ្យបានល្អ ទន្ទឹមគ្នានឹងការប្រឡូកក្នុងវិស័យសិល្បៈ៕


