ភ្នំពេញ ៖ លោកអធិការរងនគរបាលខណ្ឌកំបូល ១រូប ទទួលផ្នែកចរាចរណ៍ កំពុងជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តតាក់ស៊ី ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត មិនទាន់ អស់ល្បឿន បន្តទៅបុកបង្គោលស្លាកចរាចរណ៍ ១ដើមទៀត ទើបទៅមុខលែងរួច ហើយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទី ព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខបុរីពិភពថ្មី គម្រោងទី១ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

លោកអធិការរង ដែលរងរបួសធ្ងន់ មានឈ្មោះ ហេង គីណាល់ អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកអធិការរង ហេង គីណាល់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-2799 ធ្វើដំណើរតាមផ្លូវបេតុង ពីលិច ទៅខាងកើត និងឆ្លងកាត់ផ្លូវជាតិលេខ៣ ខណៈ នោះ ស្រាប់តែមានរថយន្តតាក់ស៊ី ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-5214 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងល្បឿនយ៉ាងលឿន បានជ្រុលបុកម៉ូតូជនរងគ្រោះ ធ្វើឱ្យប៉ើងខ្ទាតទាំងមនុស្សនិងម៉ូតូ បណ្តាលឱ្យលោកហេង គីណាល់ រងរបួសធ្ងន់ ត្រូវបានរថយន្តក្រុមសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ព្រះកុសុមៈ ភ្លាមៗ។

ចំណែករថយន្ត មិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្គោលផ្លាកចរាចរណ៍ ទើបទៅមុខលែងរួច ហើយអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕


