ភ្នំពេញ ៖ ហេង ផាន់ណា ហៅហេង កែវនីតា បានសម្រាលកូនស្រី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោយពិធីការិនី រូបនេះ ទើបភ្ជាប់ពាក្យបានជាង ៤ខែ ជាមួយលោក កែ កុសល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ តារារួមអាជីពជាច្រើន បានផ្ញើសារអបអរសាទរដល់ ផាន់ណា និងស្វាមី ហើយជូនពរឲ្យនាងនិងកូនស្រី មានសុខភាពល្អ ទាំងម្ដាយនិងកូន ខណៈដែលមុននិងក្រោយសម្រាលកូន កែវនីតា បង្ហាញទឹកមុខរីករាយ ដោយភាពកក់ក្ដៅ ព្រោះស្វាមីនាង បាននៅក្បែកាយានិងមើលថែទាំនាងនិងកូន ដោយផ្ទាល់។

ប្រភពថា ផាន់ណា ត្រូវសម្រាកថែទាំសុខភាព ក្រោយសម្រាលកូន យ៉ាងតិច ៣ខែ ទើបវិលរកឆាកតន្រ្ដី កាន់ក្បាលមីក្រូសាជាថ្មី និងចេញមុខធ្វើជា MC តាមបណ្ដាកម្មវិធីនានាឡើងវិញ អាចនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០២៦ ខាងមុខ ។

ហេង ផាន់ណា អតីតកញ្ញាឯកសាប៊ូលុច្ស និងពិធីការិនីប៉ុស្ដិ៍លេខ៣ មកទើរនៅប៉ុស្ដិ៍បាយ័ន ជាច្រើនឆ្នាំ និងលែងផ្ដោតទៅលើការថតខារ៉ាអូខេ និងMV ទៀត ព្រោះពង្រឹងតែលើMC មួយមុខប៉ុណ្ណោះ។ ប្រភពថា ស្វាមីរបស់ផាន់ណា លោកកុសល ក៏ជាបុគ្គលិកប៉ុស្ដិ៍បាយ័នដែរ ហើយអ្នកទាំងពីរ បានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ ទើបឈានមកភ្ជាប់ពាក្យ ហើយជ្រើសយកការយកកូន មុនរៀបការ។ យ៉ាងណា សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់ផាន់ណា នឹងកើតឡើងនៅពេលណាឲ្យប្រាកដនោះ លែងច្បាស់លាស់ទៀតហើយ បន្ទាប់ពីធ្លាប់មានដំណឹងថា នាងអាចរៀបការនៅចុងឆ្នាំ២០២៥ តែបានស្ងាត់ទៅវិញ ដោយសារតែផ្ទៃពោះកាន់តែធំ ។

គួរបញ្ជាក់ថា ហេង ផាន់ណា ស្ថិតក្នុងចំណោមពិធីការិនីលេចធ្លោរបស់ទូរទស្សន៍បាយ័ន ដូចជា ស៊ឹម សូលិកា, ហ៊ិន ច័ន្ទនីរ័ត្ន, សុខ សោម៉ាវត្តី, កែវ ផល្លីកា និងទេពី ជាដើម ។ នាងត្រូវបានមហាជនចាត់ទុកថា មានស្ទីលនិយាយ MC សំឡេងស្រដៀងអ្នកនាង គង់ សុជាតិ ហើយថែមទាំងអាចនិយាយជាភាសាអង់គ្លេស បានយ៉ាងល្អទៀតផង។ គិតត្រឹមឆ្នាំ២០២៦ ពិធីការិនីបាយ័ន មានកូន១ ស្មើគ្នា ដល់ទៅ ៣ដួង គឺសុខ សោម៉ាវត្តី, ហ៊ិន ច័ន្ទនីរ័ត្ន និងហេង ផាន់ណា ។ ប្រភពខ្លះថា ផាន់ណា អាចនឹងគិតគួររឿងរៀបការ នៅចុងឆ្នាំ២០២៦ ប៉ុន្ដែអ្នកស្និទ្ធ នាងថា កែវនីតា អាចយកកូនថែមមួយទៀត ទើបចង់រៀបការទៅវិញ ។


ក្រៅពីហេង ផាន់ណា តារាដែលយកកូនមុនរៀបការ មានដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, នៅ សុនិតា, ឌុច លីដា, ទេព បូព្រឹក្ស, ពេជ្រ សូលីកា, កែវ ពេជ្រពិសី, ផាត់ ផាន់ណា, សាត រស្មី, ឡោម លក្ខិណា និងសុន ស្រីពេជ្រ ជាដើម ។ ចំពោះផាន់ណា តាំងពីនាងភ្ជាប់ពាក្យ រហូតបានកូនស្រី១ នេះ នាងផ្ដាច់ខ្លួនសឹងតែទាំងស្រុងពីអាជីពសម្ដែង ពោលគឺមុនសម្រាលកូន នៅតែចាប់អាជីព MC មួយច្រកប៉ុណ្ណោះ ។ ប្រភពថា ស្វាមីរបស់ផាន់ណា បានឲ្យនាងបន្ដលេងសិល្បៈ តាមចិត្តចង់ ព្រោះលោកយល់ច្បាស់ពីជីវិតអ្នកសិល្បៈ ពោលគឺមិនចេះប្រចណ្ឌឬហួងហែងនាងផ្ដេសផ្ដាសឡើយ៕


