Tuesday, February 3, 2026
Homeតារាខ្មែរ សឹម ស្រីនិច្ច ហូរទឹកភ្នែកឯកា

 សឹម ស្រីនិច្ច ហូរទឹកភ្នែកឯកា

ភ្នំពេញ ៖ បើកឆាកចូលដល់ខែថ្មី ខែកុម្ភៈ ឆ្នាំ២០២២៦ ភ្លាម ស្រីស្អាត សឹម ស្រីនិច្ច បង្ហូរទឹកនេត្រានៅក្រៅឆាក ជាលើកដំបូង ដែលម្ដងនេះ មិនមែនជាការសម្ដែងភាពយន្ដ ឬDrama ឲ្យគេចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ដូចគេទេ ប៉ុន្ដែគឺយំមែនទែន ។ ការធ្វើបែបនេះ នាំឲ្យស្រីនិច្ច អាចធូរទ្រូង ព្រោះរឿងអ្វីដែលនាងចង់និយាយ គឺបានបញ្ចេញអស់ហើយ លែងលាក់ទុកក្នុងទ្រូងម្នាក់ឯងទៀតហើយ ។

សឹម ស្រីនិច្ច ប្រាប់មូលហេតុដែលនាងមិនអាចទប់ទឹកភ្នែកជាប់នោះថា នាងជាមនុស្សម្នាក់ដែលស្លាប់មនោ សញ្ចេតនាបាត់ទៅហើយ ។ នាងថា ក្រៅពីប្រឹងធ្វើការរកលុយ នាងតែងតែ «ឯកោ» ដែលរឿងនេះ កើតមានតាំងពីនាងនៅកុមារភាព ហើយបទពិសោធន៍នោះ នាំឲ្យទឹកភ្នែកនាងតែងតែហូរដោយឯកឯង ។ នាងថា មិនបានពិបាកចិត្តដោយសាតែអ្នកណាទេ ប៉ុន្ដែទឹកភ្នែកហូរនេះ គឺដោយសារតែខ្លួនឯងរឹងមាំពេក។ យ៉ាងណា នាងបង្ហើបថា បេះដូង ផ្លូវចិត្ត ពេលវលា ត្រូវបានកាប់ចិញ្ច្រាំពីមនុស្សដែលធ្លាប់ផ្ដល់ពេលវេលាឲ្យគ្រប់ទំនាក់ ទំនង។ ស្រីនិច្ច ទទួលស្គាល់ថា កំហុសដ៍ធំបំផុត មាន៣ចំណុច គឺទី១ នាងជានារីធ្លាប់ «ឆ្នាសពេក» ទី២ «ចិត្តល្អពេក»  និងទី៣ «ត្រង់ពេក» ។ នាងថា ជានារីដែលគ្មានអ្នកទូន្មាន រៀនមិនបានចប់ដូចគេ នឹងមិនយល់ទេថា តើត្រូវរៀបចំជីវិតបែបណា បើសិនជាគ្មានបទពិសោធន៍ទាំងអស់នោះ? ហេតុនេះហើយ បានជានាងអរគុណខ្លួនឯងដែលរឹងមាំរហូតមកដល់សព្វថ្ងៃ ។

 អ្នកដឹកនាំសម្ដែងរឿង តារារួមអាជីព និង Fan បានព្យាយាមលួងលោម សឹម ស្រីនិច្ច និងខ្លះបារម្ភខ្លាចនាងកើតជំងឺបាក់ទឹកចិត្ត (depression) ទៀតផង។ ប៉ុន្ដែតាមការរៀបរាប់របស់នាង គ្រាន់តែស្រីនិច្ច មានអារម្មណ៍ឯកោ ពេលមកពីធ្វើការវិញ ហត់ នៅម្នាក់ឯងប៉ុណ្ណោះ ។

លោកពិធីករ សុខ សាន់នី ជាបុរសដែលស្និទ្ធស្នាលស្រីនិច្ច ជាងគេ រហូតគេសង្ស័យថាជាគូស្នេហ៍នោះ គ្មានប្រតិកម្មអ្វីទាំងអស់ ទាក់ទងដៃគូលោក បង្ហូរទឹកនេត្រាជោកថ្ពាល់នេះ តែលោកបែរជាបង្ហាញសកម្មភាពសប្បាយៗនៅលើទឹកដីប្រទេសចិន តែម្នាក់ឯងទៅវិញ ។

គួរបញ្ជាក់ថា ស្រីស្រស់ សឹម ស្រីនិច្ច បានចែកផ្លូវជាមួយអតីតសង្សារ ជាអ្នករកស៊ីវិស័យអចលនទ្រព្យ ជាង២ឆ្នាំមកហើយ ដែលក្រៅពីលោក សុខ សាន់នី នាងមិនដែលកៀកកើយជាមួយប្រុសណាទេ ។ ប៉ុន្ដែអ្វីដែលមហាជនភ្ញាក់ផ្អើល នៅពេលដែលទាំងអ្នកក្នុងនិងក្រៅសិល្បៈ ជំរុញឲ្យស្រីនិច្ច-លោកសាន់នី គួរតែហ៊ានសារភាពស្នេហ៍ ជាសាធារណៈ ព្រោះពួកគេសមគ្នាខ្លាំង ស្រីស្អាត ប៉ះប្រុសសង្ហា ស្រាប់តែកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្រីនិច្ច ប្រកាសថា នាងនឹងមិនយកប្ដី រហូតទៅវិញ ។ សារនេះ វាហាក់ដូចជាប្រហារបេះដូងលោកសាន់នី ព្រោះនៅក្បែរគ្នាជាយូហើយ ខំយកចិត្តគេយូរ ប៉ុន្ដែគេអត់ចាប់អារម្មណ៍លើលោកទេ ទើបពេលនេះ ប្រុសស្អាត ទៅដើរលេងនីប្រទេសចិន តែម្នាក់ឯងបែបនេះ ។ យ៉ាងណាសម្រស់ដូចស្រីនិច្ច ឲ្យតែនាងប្ដូរចិត្ត ដកចេញវិញពាក្យថា «អត់យកប្ដី» នោះច្បាស់ជាមានបុរសទាំងក្នុងនិងក្រៅស្រុក មិនតិចឡើយ ដែលចង់ក្លាយជាម្ចាស់បេះដូងនាង ។ គេថាបើសិនជាស្រីនិច្ច ព្រមភ្ជាប់ស្នេហាថ្មី នោះនាងនឹងលែងឯកោដូចពេលនេះជាមិនខាន ហើយពេលនោះ នឹងឈប់សម្រក់ទឹកភ្នែកម្នាក់ឯងទៀតហើយ ។

មានការកត់សម្គាល់ថា សឹម ស្រីនិច្ច តែងតែចូលចិត្តលេងសើច កំប្លែង ធ្វើឲ្យគេសប្បាយៗ ទាំងពេលសម្ដែងភាពយន្ដ និងក្រៅឆាក ទើបអ្នករួមអាជីព ចាត់ទុកនាង ជាតារារួសរាយម្នាក់ ស្រាប់តែពេល នាងចេះហូរទឹកភ្នែកនិងតូចចិត្តបែបនេះ អ្នកខ្លះនៅតែសង្ស័យថា នាងសម្ដែងទៀតផង ។ ស្រីនិច្ច ជាតារាភាពយន្ដលេចធ្លោ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងនៅសល់ស្នាដៃធំមួយទៀត មិនទាន់បញ្ចេញ គឺតួឯករឿង «អប្សរាមហាអង្គរ» ដែលនាងសម្ដែងជាតួឯក លេងតួដល់ទៅ៣ ផ្សេងគ្នា ក្នុងរឿងតែមួយ។ នៅពេលភាពយន្ដដែលដឹកនាំដោយលោក ហ្វៃ សំអាង នេះ ដាក់បញ្ចាំង ស្រីនិច្ច នឹងលេចធ្លោថែមទៀតជាមិនខាន ៕

RELATED ARTICLES