Thursday, February 5, 2026
Homeទេសចរណ៍នាវាយក្សដឹកអ្នកទេសចរជិត៤ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ

នាវាយក្សដឹកអ្នកទេសចរជិត៤ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេស ខ្នាតយក្ស ១គ្រឿង ឈ្មោះ Costa Serena សញ្ជាតិ ITALY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ជិត៤ពាន់នាក់ បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា។

នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ សរុបចំនួន ៣៩២០នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ២៨៩០នាក់ និងនាវិក ១០៣០នាក់ ក្នុងដំណើរទេសចរណ៍អន្តរជាតិ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ឱកាសឱ្យអ្នកដំណើរបានទស្សនានូវ រមណីយដ្ឋានទេសចរណ៍វប្បធម៌ ការរស់នៅរបស់ប្រជាពលរដ្ឋសហ គមន៍ ការអភិវឌ្ឍ ៘ ការចូលចតរបស់នាវានេះ មានការរៀបចំទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តព្រះសីហនុ ផ្តល់ជូនអ្នកដំណើរនូវក្រមាអនុស្សាវរីយ៍ អមជាមួយរបាំវប្បធម៌ខ្មែរ។ នាវានេះ បានមកពីប្រទេសវៀតណាម ហើយនឹងបន្តចាកចេញពីប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃដដែល។

នៅលើនាវានេះ ភ្ញៀវទេសចរច្រើនជាងគេ គឺជនជាតិអ៊ីតាលី អាល្លឺម៉ង់ និងបារាំង ក្នុងនោះ មានភ្ញៀវទេសចរ ចេញតាមខេត្តសៀមរាប ២នាក់។ នាវាមានលក្ខណៈបច្ចេកទេស បណ្តោយប្រវែងជិត ៣០០ម៉ែត្រ ទទឹងប្រវែងជាង ៣០ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ។

ការចូលចតនាវាទេសចណ៍ បានផ្តល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្តព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប៕

RELATED ARTICLES