Wednesday, June 3, 2026
Homeសង្គម និងជីវិតបាត់កូនក្រមុំនៅឧត្តរមានជ័យ រកឃើញនៅព្រះវិហារ

បាត់កូនក្រមុំនៅឧត្តរមានជ័យ រកឃើញនៅព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្មេងស្រីម្នាក់ ត្រូវបានក្រុមគ្រួសារ សាច់ញាតិ ប្រកាសតាមបណ្តាញសង្គម ថាបាត់ខ្លួនចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ទីបំផុត ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆែប ខេត្តព្រះវិហារ រកឃើញនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ខណៈក្មេងស្រីរូបនេះ កំពុងសម្ងំធ្វើការនៅក្នុងសិប្បកម្មផលិតទឹកសុទ្ធ ១កន្លែង។

ក្មេងស្រី មានឈ្មោះឈុំ ស្រីនីន អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ រស់នៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ។

តាមប្រភពពីអាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ក្មេងស្រី ឈ្មោះឈុំ ស្រីនីន ត្រូវបានក្រុមគ្រួសារសាច់ញាតិ បង្ហោះដំណឹងស្វែងរក តាមបណ្តាញសង្គម ដោយអះអាងថា នាងបានបាត់ខ្លួនចេញពីផ្ទះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានស្ត្រីវ័យកណ្តាល ២នាក់ និងបុរសម្នាក់ លួងលោមយកទៅធ្វើ ការនៅខេត្តព្រះវិហារ ដោយប្រាប់ថា បានប្រាក់ខែច្រើន។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ អាជ្ញាធរបានធ្វើការស្រាវជ្រាវ និងបានរកឃើញថា ក្មេងស្រី ឈ្មោះឈុំ ស្រីនីន បានមកធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធ របស់ឈ្មោះ ឯក ជា ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

មកដល់ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឃិត សុធារ៉ា អភិបាលស្រុកឆែប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយជាសម្ភារៈមួយចំនួន និងថវិកា ដល់ក្មេងស្រីខាងលើ និងឱ្យកម្លាំងអធិការដ្ឋាននគរ បាលស្រុកឆែប នាំក្មេងស្រីទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរបន្ត និងឱ្យក្មេងស្រី រង់ចាំម្តាយ មកទទួលយកត្រឡប់ទៅផ្ទះវិញ។

បើតាមលោកឃិត សុធារ៉ា អភិបាលស្រុកឆែប ដកស្រង់សំដីក្មេងស្រីនោះថា ក្មេងស្រី មិនត្រូវបានអ្នកណាចាប់ខ្លួន ឬរត់តាមគេនោះទេ គឺគាត់ស្ម័គ្រចិត្តដោយខ្លួនឯង មកធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធ មួយកន្លែង នៅស្រុកឆែប ដោយសារតែកត្តាជីវភាព ហើយស្របពេលដែលស្នាក់នៅធ្វើការទីនេះ នាងក៏បានទូរស័ព្ទប្រាប់ម្តាយផងដែរ៕

RELATED ARTICLES