ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សាលាគណខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរធម្មការនិងសាសនា បានរៀបចំពិធីបុណ្យរំឭកព្រះឧបការគុណសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដើម្បីបង្ហា ញការដឹងគុណចំពោះសម្ដេចព្រះសង្ឃរាជ និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំចងក្រងក្បួនខ្នាតអក្សរ សាស្ត្រជាតិ ជំរុញឱ្យប្រជាពុទ្ធបរិស័ទយល់ដឹងកាន់តែច្បាស់អំពីការរៀបចំវចនានុក្រមខ្មែរ និងគម្ពីរសំខាន់ៗ និងបង្កើនមនសិការក្នុងការថែរក្សាកេរដំណែលនិងអត្តសញ្ញាណជាតិ ឱ្យស្ថិតស្ថេរគង់វង្ស។



គួរបញ្ជាក់ថា សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត គឺជាព្រះមហាវីរបព្វជិតដ៏ឆ្នើម ដែលបានបូជាអ្វីៗដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រ ទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ហើយក្នុងមួយព្រះជន្ម របស់ព្រះអង្គ បានចំណាយពេលវេលា ទាំងព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទាំងមូល។ សម្ដេចព្រះសង្ឃរាជ គឺជាអ្នកប្រាជ្ញព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ មួយរូប ល្បីល្បាញបំផុត ក្នុងអំឡុងទសវត្សឆ្នាំ១៩៥០ និង១៩៦០ ដោយព្រះអង្គ បានបង្កើតស្នាដៃនិពន្ធជាច្រើន មានវចនានុក្រមខ្មែរ ជាដើម ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។


អ្វីដែលសំខាន់ទៀតនោះ គឺមរតកដែលយើងរំលឹករាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀងបទ «នគររាជ» សម្រាប់ភ្លេងជាតិខ្មែរ ដែលព្រះអង្គនិពន្ធ នៅខែកក្កដា ឆ្នាំ១៩៤១ និងព្រះរាជនិពន្ធបទសរភញ្ញ ព្រះរាជនិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ ២៥០០។ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គត កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ព្រះវស្សា។ មកដល់ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់ ៥៧ឆ្នាំ នៃការចូលទិវង្គត របស់ព្រះអង្គ។


សូមជម្រាបថា ពិធីបុណ្យរំឭកគុណសម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក ក៏មានរៀបចំពិធីដង្ហែព្រះត្រៃរតន៍ នៅតាមបណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនអង្គ/នាក់៕ ខៀវទុំ


