Thursday, March 19, 2026
Homeចរាចរណ៍អ្នកចម្រៀងវ័យក្មេង រ៉ន ចាន់ឌីន ជួបទុក្ខធំ ព្រាត់ស្លាប់ប្អូនស្រី រ៉ន ណាវី

អ្នកចម្រៀងវ័យក្មេង រ៉ន ចាន់ឌីន ជួបទុក្ខធំ ព្រាត់ស្លាប់ប្អូនស្រី រ៉ន ណាវី

ភ្នំពេញ ៖ អ្នកចម្រៀងវ័យក្មេង រ៉ន ចាន់ឌីន បានជួបទុក្ខធំ ដោយត្រូវព្រាត់ប្អូនស្រីបង្កើត រ៉ន ណាវី អតីតបេក្ខ ភាព The voice kids Cambodia រដូវកាលទី៣ ជារៀងរហូត ដោយប្អូនស្រីនាង ដែលជាអ្នកចម្រៀងមួយរូបដែរ បានទទួលមរណភាពទាំងវ័យក្មេង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់។

ដំណឹងដ៏សោកសៅនេះ ត្រូវបានតារាចម្រៀង រ៉ន ចាន់ឌីន បញ្ជាក់ឱ្យដឹង កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តាមរយៈសំណេរដ៏ក្រៀមក្រំនៅលើគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “សូមឱ្យវិញ្ញា ណក្ខន្ធប្អូនស្រីរបស់បង នាម រ៉ន ណាវី អាយុ១៥ឆ្នាំ បានទៅកាន់សុគតិភព កុំបីខានឡើយណា។ ដោយគ្រោះ ថ្នាក់ចរាចរណ៍ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១២ៈ៣០នាទី រំលងអធ្រាត្រ ពេលនេះ អូនទៅដល់ស្រុកហើយ អត់មានប្រាប់បងអីមួយម៉ាត់ បងបង អាចទៅលេងអូន ចុងក្រោយផងណា! ជាតិក្រោយ កុំអាយុខ្លី ទៀតណាប្អូនស្រីបង! បើមានជាតិក្រោយ បងសុំជួបប្អូនទៀតណា…”។

បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះ តារាចម្រៀង រ៉ន ចាន់ឌីន បានបង្ហោះរូបថតប្អូនស្រី ១សន្លឹក ដែលត្រៀមដាក់តាំងក្នុងក្រោនរូបថត (កម្រងផ្កាបុណ្យសព) ដោយភ្ជាប់ជាមួយសំណេរថា “ហេតុអីចុងក្រោយ ចែបានត្រឹមរៀបចំរូបថត ស៊ុមផ្កា ឱ្យអូនទៅវិញ? ចែទៅដល់ឥឡូវ ហើយ អូនជិតបានងូតទឹកហើយ…”។

ដោយឡែក នៅរសៀលថ្ងៃដដែល តារាចម្រៀង រ៉ន ចាន់ឌីន បានបង្ហោះសំណេរដ៏សោកសង្រេងមួយ បង្ហាញពីអារម្មណ៍អាឡោះអាល័យប្អូនស្រី ជាទីស្រលាញ់របស់ខ្លួនថា “ប្អូនបងអើយ! ដឹងបងឈឺក្រពះ ប្អូនឱ្យថ្នាំបង ២កញ្ចប់ បងមិនទាន់បានញ៉ាំទេ ឱ្យថ្ងៃអាទិត្យ ថ្ងៃចន្ទ ប្អូនជួបរឿង ទៅចោលបងបាត់ នេះមែន ជាការលារបស់អូន?…”។

បន្ទាប់ពីបានទទួលបានដំណឹងមរណភាពរបស់តារាចម្រៀង រ៉ន ណាវី ដែលជាប្អូនបង្កើតរបស់តាចម្រៀង រ៉ន ចាន់ឌីន បានធ្វើឱ្យមិត្តភក្តិ សាច់ញាតិ អ្នកសិល្បៈ ក៏ដូចជាមហាជនដែលធ្លាប់ស្គាល់និងគាំទ្រទឹកដមសំឡេងតារាចម្រៀង រ៉ន ណាវី ដែលជាអតីតបេក្ខភាពកម្មវិធី The voice kids Cambodia បង្ហាញនូវអារម្មណ៍តក់ស្លុត និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពគ្រប់ៗគ្នា។

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់នាងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា “RIP ក្មួយស្រី អ្នកចម្រៀង “រ៉ន ណាវី” ដែលត្រូវជាប្អូនបង្កើតតារាចម្រៀង (រ៉ន ចាន់ឌីន) មុននេះ បានផុតហើយ។ អាណិតណាស់ បាត់បង់ជីវិតទាំងវ័យក្មេង ដោយគ្រោះថ្នាក់ចរាចរណ៍ សូមក្មួយស្រីបានទៅកាន់ឋានសុខ សោកស្តាយបំផុត គាត់ច្រៀងពីរោះណាស់…”។

តារាចម្រៀង អ៊ុក ណារីម បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា «ខ្ញុំនិងភរិយា ពិតជាមានការរន្ធត់តក់ស្លុតជាខ្លាំង នៅពេលបានដឹងដំណឹងដ៏អកុសល ដែលក្មួយស្រី រ៉ន ណាវី ដែលជាសិល្បការិនីខ្មែរ វ័យក្មេង អាយុទើប ១៥ឆ្នាំ មានទឹកដមសំឡេងពីរោះ មានកេរ្តិ៍ឈ្មោះ ការគាំទ្រពេញ ចិត្តជាច្រើនពីសំណាក់មហាជន ត្រូវបានទទួលមរណភាព ចាកឃ្លាតដោយគ្មានថ្ងៃវិលវិញឡើយ កាលពីម៉ោង ១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ។ ខ្ញុំបាទ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមបំផុតនេះ ជូនដល់ក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធក្មួយ រ៉ន ណាវី បានទៅកាន់ទីស្ងប់សុខ ឋានបរមសុខ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ថា អ្នកចម្រៀងវ័យក្មេង រ៉ន ណាវី ត្រូវជាប្អូនបង្កើតរបស់តារាចម្រៀង រ៉ន ចាន់ឌីន ដែលធ្លាប់ជាបេក្ខភាពប្រឡងកម្មវិធី Cambodia idol Junior និង The voice kids Cambodia រដូវកាលទី៣ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដើម្បីសង្គ្រោះ អស់រយៈពេលជិត ១០ម៉ោង រហូតដល់វេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រោយពីក្រុមគ្រូពេទ្យជំនាញព្យាយាមសង្គ្រោះអស់ពីលទ្ធភាព អ្នកចម្រៀង រ៉ន ណាវី ក៏បានទទួលមរណភាពទាំងវ័យក្មេង៕ ដារិទ្ធ

RELATED ARTICLES