ខេត្តពោធិ៍សាត់ ៖ អង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញអន្តរជាតិ បានប្រកាសពីរបកគំហើញនៃពពួកសត្វប្រភេទថ្មីៗ សម្រាប់វិទ្យាសាស្ត្រ ជាច្រើនប្រភេទ ដែលត្រូវបានរកឃើញនៅលើទឹកដីកម្ពុជា។


តាមប្រភពមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា អង្គ ការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើន ដែលជាប្រភេទថ្មី សម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មី ចំនួន៣ប្រភេទ ខ្យង ២ប្រភេទ និងម្រើមព្រះ ២ប្រភេទ ដែលត្រូវបានផ្សាយជាសាធារណៈ ខណៈដែលតុកកែថ្មី ចំនួន៣ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov.) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានពិពណ៌នា។


ការស្រាវជ្រាវនេះ ក៏បានបញ្ជាក់ពីវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនប្រភេទ រួមមាន សត្វ ពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះ ជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ ក្នុងការការ ពារជម្រកទាំងនេះ។


តំបន់ភ្នំថ្មកំបោរ ជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដី ដែលសម្បូរទៅដោយជីវចម្រុះដ៏ពិសេសៗ មានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ។ វាក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនា ចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានឱ្យតម្លៃកាន់តែខ្លាំងឡើងៗ សម្រាប់អេកូទេសចរណ៍ផងដែរ៕

