Thursday, May 14, 2026
Homeសង្គម និងជីវិតកូនប្រុសស្រី ចុះលេងទឹកស្រះ លង់ស្លាប់ ២នាក់ ម៉ែយំឱបសព

កូនប្រុសស្រី ចុះលេងទឹកស្រះ លង់ស្លាប់ ២នាក់ ម៉ែយំឱបសព

ខេត្តព្រៃវែង ៖ ក្មេងប្រុសស្រីតូច ២នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នា ឆ្លៀតពេលក្រុមគ្រួសារ ឪពុកម្តាយ រវល់ការងារភ្លេចខ្លួន បាននាំគ្នាដើរលេងទៅក្បែរស្រះទឹក ១កន្លែង រួចចុះលេងទឹកបណ្តាលឱ្យលង់ស្លាប់ ទាំង២នាក់ ធ្វើឱ្យក្រុមគ្រួសារ ទួញសោកបោកខ្លួនយ៉ាងខ្លាំង។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ក្បែរវត្តព្រៃខ្លា ស្ថិតក្នុងភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

ក្មេងប្រុសស្រី ទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះ ប្រុក សុខលាភ ហៅប្រើស ភេទប្រុស អាយុ៥ឆ្នាំ និងទី២-ក្មេងស្រីតូច មានអាយុជាង ៣ខួប។ ក្មេងប្រុសស្រីរងគ្រោះ ទាំង២នាក់ មានលំនៅក្នុងភូមិព្រៃចេក ឃុំព្រៃ រំដេង ស្រុកមេសាង ខេត្តព្រៃវែង ជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលឪពុកម្តាយ ក្រុមគ្រួសារ រវល់ការងារភ្លេចខ្លួន ក្មេងតូច ទាំង២នាក់ បាននាំគ្នាដើរលេង ដូចសព្វដង រួចក៏ដើរទៅដល់មាត់ស្រះទឹកកើតហេតុខាងលើ បន្ទាប់មក ក្មេងតូចទាំងពីរនាក់ បាននាំគ្នាចុះលេងទឹក បណ្តាលឱ្យលង់ស្លាប់ ទាំង២នាក់តែម្តង។ក្រោយពីបាត់កូនយូរ ទើបក្រុមគ្រួសារ បាននាំគ្នាដើររក និងសង្ស័យកូនលង់ទឹកស្រះ ខាងលើ ក៏នាំគ្នាចុះមុជ ទឹករាវរក រហូតប្រទះឃើញក្មេងរងគ្រោះ ទាំង២នាក់ ក៏ស្រង់ឡើងមកលើគោក ជួយធ្វើចលនាសង្គ្រោះបឋមដែរ តែយឺតពេលទៅហើយ ដោយក្មេងតូច ទាំង ២នាក់ បានស្លាប់បាត់អស់ទៅហើយ ធ្វើឱ្យឪពុកម្តាយ ទួញ សោកបោកខ្លួន ឱបសពកូនមិនលែង ដោយក្តីស្តាយស្រណោះជាពន់ពេក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសស្រី ទាំង២នាក់ ពិតជាស្លាប់ ដោយសារលង់ទឹក ប្រាកដមែន។

សាកសពក្មេងប្រុសស្រីរងគ្រោះ ទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES