Wednesday, March 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែងធ្វើលោកសង្ឃ ដើរបិណ្ឌបាត ប៉ូលិសឃាត់ខ្លួន ៧នាក់  

ក្លែងធ្វើលោកសង្ឃ ដើរបិណ្ឌបាត ប៉ូលិសឃាត់ខ្លួន ៧នាក់  

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម បានបែកគំនិតកោរសក់ ស្លៀកស្បង់ ក្លែងបន្លំជាព្រះសង្ឃ រួចនាំគ្នាដើរ បិណ្ឌបាត តាមផ្សារនិងទីប្រជុំជននានា លុះប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានការសង្ស័យ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនបានចំនួន ៧នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្លែងធ្វើលោកសង្ឃ ដើរបិណ្ឌបាតនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យ ទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ៊ុន ព្រឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី២-ឈ្មោះភួន ផានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ។ ទី៣-ឈ្មោះដេង វុត្ថា ហៅវី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ។ ទី៤-ឈ្មោះគង់ រុន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ។ ទី៥-ឈ្មោះភោគ សៀន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ។ ទី៦-ឈ្មោះសឹង សុខនី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៧-ឈ្មោះឡាន់ ឌីណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ចំពោះវត្ថុតាងចាប់យក រួមមាន  ១-ស្បង់ចីវរ ចំនួន៦សម្រាប់។ ២-ថង់យាម ចំនួន៨។ ៣-បាត្រចំនួន៥ (គ្មានគម្រប១)។ ៤-ខ្សែកាត ចំនួន២។ ៥-ទូរស័ព្ទ ចំនួន៤គ្រឿង (ម៉ាក Realme ពណ៌ទឹកសណ្តែក ១គ្រឿង ម៉ាក Oppo ពណ៌ខៀវ ១គ្រឿង ម៉ាក Oppo ពណ៌ទឹកប្រាក់ បែកអេក្រង់ខាងមុខ និងបែកកញ្ចក់ខាងក្រោយ ១គ្រឿង ម៉ាក Tecno spark ពណ៌ស បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ ១គ្រឿង។ ៦-ឆត្រ ចំនួន៣។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះហ៊ុន ព្រឿន ឈ្មោះសឹង សុខនី និងឈ្មោះឡាន់ ឌីណា បាននាំគ្នាដើរបិណ្ឌបាត នៅម្តុំមុខវត្តអន្លង់រមៀត ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង រួចបានបន្តដើរមកបិណ្ឌបាតនៅម្តុំផ្សារកំពុងកន្ទួត ឃុំបារគូ។ លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃដដែល ខណៈជនសង្ស័យទាំង៣នាក់ខាងលើ កំពុងបិណ្ឌបាត នៅម្តុំផ្សារកន្ទួត ត្រូវបានប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានការសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ហើយភ្លាមនោះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអន្លង់រមៀត បានចុះឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ ទាំង៣នាក់ បានឆ្លើយសារភាពថា ពិតជាបានស្លៀកពាក់ក្លែងបន្លំជាលោកសង្ឃ ដើរបិណ្ឌបាត បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីយកប្រាក់ ដើរស៊ីចាយប្រាកដមែន។

បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍ បានបន្តឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ទៀត ឈ្មោះដេង វុត្ថា ឈ្មោះភួន ផានិត ឈ្មោះគង់ រុន ឈ្មោះភោគ សៀន ដែលស្លៀកពាក់បន្លំជាព្រះសង្ឃ ដើរបិណ្ឌបាត ដោយកន្លងមក ជន សង្ស័យខាងលើ ធ្លាប់ក្លែងបន្លំដើរបិណ្ឌបាត ក្នុងមូលដ្ឋានស្រុកកណ្តាលស្ទឹង បាន៣ ទៅ៤លើក រួចមកហើយ។

ជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននៅគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES