ខេត្តកំពង់ឆ្នាំង ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈម្តាយ កូននិងចៅតូចៗ សរុប ៦នាក់ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពដន្លង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ក្រុងអរិយ ក្សត្រ ខេត្តកណ្តាល លុះចប់កម្មវិធីបុណ្យសព ឆ្លងកាណូត បាឡាស្មាច់ មកវិញ ដល់ពាក់កណ្តាលទន្លេមេគង្គ ស្រាប់តែកាណូត បានលិច បណ្តាលឱ្យក្រុមគ្រួសារ ទាំង៦នាក់ បានលិចចូលទឹកទន្លេ ស្លាប់ ៤នាក់ ។ហេតុការណ៍គ្រោះថ្នាក់លិចទូក កណ្តាលទន្លេមេគង្គនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាស្ត្រឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ទាំង៦នាក់ រួមមាន ទី១-ឈ្មោះហ៊ឹម សោ ភេទស្រី អាយុ៦០ឆ្នាំ បានស្លាប់ (ស្ត្រីរងគ្រោះរូបនេះ ត្រូវជាដន្លងសពដែលទើបបានធ្វើបុណ្យ)។ ទី២-ឈ្មោះតុន ស្រីសឿន ភេទស្រី អាយុ៤៦ឆ្នាំ បានស្លាប់ (ស្ត្រីរូបនេះ ត្រូវជាកូនរបស់លោកយាយ ហ៊ឹម សោ)។ ទី៣-កុមារឈ្មោះចិត្រា វិច្ឆិកា អាយុ៦ឆ្នាំ (ស្លាប់)។ ទី៤-កុមារី ឈ្មោះចិត្រា បញ្ញា អាយុ៥ឆ្នាំ (ស្លាប់) ក្មេងទាំងពីរនាក់ ត្រូវជាកូនរបស់ស្ត្រីឈ្មោះតុន ស្រីសឿន។ ទី៥-ឈ្មោះចាន់ សុជាតិ ភេទប្រុស អាយុ៥០ឆ្នាំ (រួចរស់ជីវិត) និងទី៦-ឈ្មោះហ៊ឹម ស្រីវន ភេទស្រី អាយុ៤៦ឆ្នាំ (រួចរស់ជីវិត) បុរសស្ត្រី២នាក់នេះ ត្រូវជាប្អូនរបស់លោកយាយ ហ៊ឹម សោ។ ជនរងគ្រោះ ទាំង៦នាក់ មានលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញចុះទៅដល់ផ្ទះជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវទឹក (លិចកាណូតបាឡាស្មាច់) ដែលបានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាស្ត្រឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឱ្យស្លាប់ ចំនួន៤នាក់ នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលក្រុមគ្រួសារ សាច់ញាតិ កំពុងធ្វើបុណ្យសពរួមគ្នា។

លោក សេង វិចិត្រ បានបញ្ជាក់ឱ្យដឹងថា ក្រុមគ្រួសាររងគ្រោះ បានអញ្ជើញទៅធ្វើបុណ្យសពដន្លង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ លុះបញ្ចប់កម្មវិធីបុណ្យសព ក៏នាំគ្នាវិលត្រឡប់មកខេត្តកំពង់ឆ្នាំង វិញ។ ប៉ុន្តែជាអកុសល ពេលជិះទូកបាឡាស្មាច់ ឆ្លងទន្លេ មកដល់ពាក់កណ្តាលទន្លេមេគង្គ ស្រាប់តែកាណូតបាឡាស្មាច់ បានលិចចូលទន្លេ (មិនច្បាស់ពីមូលហេតុ) បណ្តាលឱ្យជនរងគ្រោះ ទាំង៦នាក់ រួមមានម្តាយ កូន និងចៅ បានលិចចូលទន្លេ ស្លាប់៤នាក់ ចំណែក ២ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

សូមបញ្ជាក់ថា ជុំវិញហេតុការណ៍លិចទូក កណ្តាលទន្លេមេគង្គ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាស្ត្រឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គិតត្រឹមវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះ បានបន្តរុករកសពដែលលិចបាត់នៅក្នុងទន្លេមេគង្គ ដោយរកឃើញសពស្ត្រី ពីរនាក់ទៀត។ សរុបសពទាំងអស់ដែលបានរកឃើញ មានចំនួន ៥នាក់ហើយ ដោយក្នុងនោះ បន្ទាប់ពីកើតហេតុភ្លាមៗ រកសពឃើញសពស្ត្រី ២នាក់។ លុះដល់ល្ងាចថ្ងៃដដែល បានរកឃើញសពក្មេងប្រុសម្នាក់ទៀត ហើយនៅវេលាម៉ោងប្រមាណជាង ១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមរករក បានរកឃើញមនុស្សស្រី ចំនួន២នាក់ទៀត និងនៅសល់មនុស្ស ចំនួន ៣នាក់ទៀត កំពុងតែបន្តរុករក។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មានសោកនាកម្មមួយបានកើតឡើង ដោយសារលិចកាណូតបាឡាស្មាច់ ចូលទឹកទន្លេ បណ្តាលឱ្យក្មេងចាស់ប្រុសស្រី ចំនួន៨នាក់ លិចបាត់នៅក្នុងទន្លេ ហើយចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះទាន់៕





