ភ្នំពេញ ៖ នារី ២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាមិនប្រយ័ត្ន ជ្រុលបុកពីក្រោយរថយន្តទំនើប១គ្រឿង ដែលកំពុងចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលឱ្យខូចខាត ចំណែកនារីជាអ្នកជិះម៉ូតូទាំង២នាក់ របួសរលាត់ក្បាលជង្គង់ ចុងក្រោយធ្វើការចរចាសងសំណង ១០០ដុល្លារ ទៅភាគីរថយន្ត ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវឡើងទៅស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក AUDI Q7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6513 ចតស្ងៀមនៅលើចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើ។ លុះបន្តិចក្រោយមក មាននារីរូបស្រស់ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ ស្លាកលេខ ព្រៃវែង 1Z-9150 មកពីក្រោយ រួចជ្រុលបុករថយន្ត បណ្តាលឱ្យខួចខាត ចំណែកស្រីស្អាតទាំង២នាក់ បានរងរបួសរលាត់ក្បាលជង្គង់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌ បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង រួចទុកឱ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីម៉ូតូ បានសម្រេចសងសំណង ១០០ដុល្លារ ទៅម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

