ក្មេងទំនើង ចំនួន២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ និងដំបងដែកទីប បានដេញវាយកាប់ចាក់គ្នាយ៉ាងប្រសាច នៅមុខ ផ្សារទំនើប ជីបម៉ុង២៧១ បណ្តាលឱ្យរងរបួសរៀងខ្លួន លុះប្រជាពលរដ្ឋរាយការណ៍ប្រាប់កម្លាំងជំនាញអាវុធហត្ថ ចុះអន្តរាគមន៍ចាប់វាយខ្នោះក្រុមក្មេងទំនើងទាំងសងខាង បានសរុបចំនួន៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបករណីក្មេងទំនើងវ៉ៃកាប់ចាក់គ្នានេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង៥៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើប ជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង៥៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយ ចេតនា បង្កឡើងដោយក្រុមក្មេងទំនើង ចំនួន២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ និងដំបងដែកទីប ដែលបានធ្វើសកម្មភាពវាយកាប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង នៅចំណុចមុខផ្សារទំនើប ជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំង២ភាគី បានសរុបចំនួន៨នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំពោះវត្ថុតាងចាប់បាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-4857 បំពង់ទីបដែក ១ដើម កាំបិតប៉័ងតោ ១ដើម រួមនិងសម្ភារៈមួយចំនួនទៀត។
ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង៨នាក់ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា (ដេញកាប់ចាក់គ្នា) ប្រាកដមែន។

ក្មេងទំនើងទាំង ៨នាក់ខាងលើ រួចមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕