Saturday, April 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រាប់បែកចោរសៀម ២៣០គីឡូ កប់ដី១៣ម៉ែត្រ

គ្រាប់បែកចោរសៀម ២៣០គីឡូ កប់ដី១៣ម៉ែត្រ

ភ្នំពេញ ៖ កម្លាំងជំនាញស៊ីម៉ាក់ បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះ ចោរសៀម (ថៃ) ឈ្លានពាន ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម ដែលបានបុកទម្លុះកប់ក្នុងដី ជម្រៅជាង ១៣ម៉ែត្រ ប្រកបដោយជោគជ័យ និងសុវត្ថិភាព។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ប្រ មាណជាង ២៣០គីឡូក្រាម ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ គ្រាប់បែក MK-82 នេះ បានកប់ក្នុងដី ជម្រៅជាង ១៣ម៉ែត្រ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems) និងបានកែ សម្រួល បំពាក់បន្ថែមសម្ភារបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG (Hanwha Corporation) និងបានទម្លាក់លើមាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀម ឈ្លានពាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៤ រសៀល។

អគ្គនាយកស៊ីម៉ាក់ បានកោតសរសើរដោយស្មោះចំពោះកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ជួរមុខទាំងអស់ ដែលបានចូលរួមលះបង់និងធ្វើពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍន៍ឡើងវិញ ក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់សៀមឈ្លានពាន ដែលកប់ជ្រៅក្នុងប្រឹថពី នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាលួចលាក់ខ្លួនជ្រៅក្នុងដីយ៉ាងណា ក៏មិនអាចគេចខ្លួនរួចបានដែរ ដោយកម្លាំងជំនាញស៊ីម៉ាក់ បានរកឃើញ និងដោះបន្សាប កម្ទេចចោល ជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កងកម្លាំងជំនាញអង្គភាព CMAC បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាម ចំនួន២គ្រាប់ ដែលគ្រាប់បែកទាំងនេះ ផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១ ហើយគ្រាប់បែកទាំងនេះ បានទម្លាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមសៀមឈ្លានពានមកលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ សូមរម្លឹកនិងចងចាំថា ព្រះរាជាណាចក្រកម្ពុជា ដ៏កម្សត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុន នៃការទម្លាក់គ្រាប់បែកពីយន្តហោះ ជាង១០ឆ្នាំ ពោលគឺពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទ M និង MK សរុបចំនួនប្រមាណជាង ១លាន ២សែនគ្រាប់៕

RELATED ARTICLES