ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាម ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌចម្ការមន ចាប់ឃាត់ ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ ប្រមាណជិត២០គ្រឿង របស់អ្នកដើរកម្សាន្តក្នុងកម្មវិធី «សង្ក្រានទួលទំពូង» តាមផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេ នីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវសេនីយ៍ឯក ម៉ម សាវ៉ន នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌចម្ការមន ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសអំពើលួច (លួចទូរស័ព្ទដៃ) នៅក្នុងកម្មវិ ធីសង្ក្រានទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ CHU THI CHIEN ភេទស្រី អាយ៦៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង កាន់លិខិតឆ្លងដែន លេខ E03786780។ ទី២-ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង កាន់លិខិតឆ្លងដែនលេខ N1577750។ ទី៣-ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង កាន់លិខិតឆ្លងដែនលេខ C8438511 និងទី៤-ឈ្មោះ KIM THI LIEU ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង កាន់លិខិតឆ្លងដែនលេខ C8460685។ចំពោះវត្ថុតាងចាប់យក រួមមាន ១-កាបូបស្ពាយពីក្រោយ ចំនួន១ ពណ៌ខ្មៅ។ ២-ទូរស័ព្ទដៃ ចម្រុះម៉ាក ចំនួន១៧គ្រឿង។ ៣-ក្រដាសអាលុយមីញ៉ូម មួយចំនួន។
ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕