Wednesday, April 22, 2026
Homeសន្ដិសុខសង្គមលួចទូរស័ព្ទលោក គំរាមកូនសេក ជាប់ខ្នោះ១

លួចទូរស័ព្ទលោក គំរាមកូនសេក ជាប់ខ្នោះ១

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទ ១គ្រឿង របស់ព្រះសង្ឃ ១អង្គ ដែលកំពុងសិងលក់ លុះកូនសេកលោកម្នាក់ បានប្រទះឃើញ ត្រូវក្រុមជនសង្ស័យគំរាមមិនឱ្យមាត់ លុះធ្វើសកម្ម ភាពបានសម្រេច ក៏នាំគ្នាគេចខ្លួនបាត់អស់ រហូត២ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ខណៈបក្ខពួក ៣នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីលួចទូរស័ព្ទព្រះសង្ឃនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចវត្តព្រះពុទ្ធលក្ខណារាម ហៅវត្តដំណាក់ពង្រ មានទីតាំងស្ថិតក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លុះមកដល់រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសុង បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានករណីចោរកម្ម លួចទូរស័ព្ទ កើតឡើងនៅក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កដោយឈ្មោះសុង បញ្ញា រួមនិងបក្ខពួក ចំនួន៣នាក់ទៀត បានជិះម៉ូតូចូលមកក្នុងវត្តព្រះពុទ្ធលក្ខណារាម ហៅវត្តដំណាក់ពង្រ រួចហើយក៏បានចូលទៅធ្វើសកម្មភាពលួចយកទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 12Pro Max ដែលមានតម្លៃ ៣៥០ដុល្លារ របស់ព្រះសង្ឃ ព្រះនាម ផល សុខណាង ព្រះជន្ម ១៦វស្សា គង់នៅក្នុងវត្តខាងលើ ខណៈដែលព្រះសង្ឃជាម្ចាស់ទូរស័ព្ទ កំពុងតែសិងលក់។

ប្រភពដដែល បន្តថា នៅពេលដែលជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ព្រះសង្ឃនោះ មានកូនសេកលោកម្នាក់ បានមកទាន់ដែរ ប៉ុន្តែត្រូវបានជនសង្ស័យគំរាម ហើយនិយាយថា “រឿងរបស់អញទេ កុំចេះដឹង” ហើយជនសង្ស័យ រួមជាមួយបក្ខពួក បានឡើងជិះម៉ូតូ ចេញពីវត្តបាត់អស់ទៅ។ ពេលនោះ កូនសិស្សលោក បានរត់ទៅដាស់ព្រះសង្ឃដែលជាម្ចាស់ទូរស័ព្ទ ពេលលោកតើនពីសឹងមក ក្រុមជនសង្ស័យ បានចេញទៅបាត់អស់ហើយ។ ព្រះសង្ឃ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវនិងអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ព្រះសង្ឃដែលជាម្ចាស់ទូរស័ព្ទ នគរបាលជំនាញ បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃ វិហារ បានចុះទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះសុង បញ្ញា បញ្ជូនមកអធិការនគរបាលស្រុកគងពិសី ដើម្បីសាក សួរ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់។

ចំណែកបក្ខពួកជនសង្ស័យ ចំនួន៣នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES