Wednesday, April 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស្រវឹង ខឹងអស់ទឹកកក ទាញកែវស្រាគប់ស្រី រយះមុខ

ប៉ូលិសស្រវឹង ខឹងអស់ទឹកកក ទាញកែវស្រាគប់ស្រី រយះមុខ

ខេត្តកំពត ៖ មន្ត្រីនគរបាលម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខឹងអស់ទឹក ហៅនារីចាប់ទឹកកក បន្ថែមទឹកកកឲ្យ យឺតយូរពេក ក៏គប់កែវស្រាទៅលើនារីចាប់ទឹកកកម្នាក់ ត្រូវចំកណ្តាលមុខ បណ្តា លឱ្យរងរបួស រយះមុខ បែកក្បាល ដែលករណីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា មន្ត្រីបង្កហេតុ នឹងត្រូវអនុវត្តច្បាប់ ដោយគ្មានការលើកលែង។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានករណីអំពើហិង្សាមួយបានកើតឡើង ដោយស្ត្រីម្នាក់ ឈ្មោះ ថា ទិត្យធូ ជាអ្នកស៊ីឈ្នួលចាប់ទឹកកកឱ្យភ្ញៀវ តាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ ឈ្មោះទេព សុខផេង បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត បានគប់កែវស្រា ចំកណ្តាលមុខ បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបានក្រុមការងារ បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ជុំវិញករណីខាងលនេះ តាមប្រភពប្រជាពលរដ្ឋ ឲ្យដឹងថា ជនរងគ្រោះ បានមកស៊ីឈ្នួលចាប់ទឹកកក ក្នុងកម្មពិធីមួយ ស្ថិតនៅបុរីកុសល្យ ម៉ីរៀល អ៊ីស្ទេត ឯ.ក. ដែលគេស្គាល់ថា ម្ចាស់បុរីជារបស់ឪពុកម្ដាយជនបង្កហេតុតែម្ដង ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ លុះនៅពេលជិតចប់កម្មវិធីទៅហើយ ស្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួន អស់ទឹកកក ហៅជនរងគ្រោះ មកចាប់ទឹកកកឲ្យ យឺតយូរពេក ក៏ទាញកែវស្រា គប់ចំកណ្ដាលមុខស្ត្រីរងគ្រោះតែម្ដង បណ្ដាលរបួសក្បាល ហូរឈាម និងរយះមុខ ក្រោមភ្នែកខាងឆ្វេង ត្រូវបានក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប្រភពដដែល បន្តថា ជុំវិញករណីនេះ ភាគីជនរងគ្រោះ ត្រូវបានជនបង្កហេតុ សម្របសម្រួល ឱ្យទទួលសំណង ដើម្បីបញ្ចប់រឿង ចំនួន ២លាន ៥០ម៉ឺនរៀល តែជនរងគ្រោះមិនព្រមទេ ដោយសុំឲ្យអនុវត្តតាមច្បាប់។

ក្រោយកើតហេតុ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ទើបកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ឃាត់ខ្លួនមន្ត្រីនគរបាលបង្កហេតុខាងលើ យកមកចាត់ការតាមច្បាប់ ដោយគ្មានការលើកលែង។

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា “មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបម្រើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនា នុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយ បានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោស ដោយគ្មានការលើកលែងជាដាច់ខាត”៕

RELATED ARTICLES