Thursday, April 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយាយហូបមាន់ឈឺ ឆ្លងផ្តាសាយបក្សី

យាយហូបមាន់ឈឺ ឆ្លងផ្តាសាយបក្សី

ភ្នំពេញ ៖ ស្ត្រីចំណាស់ វ័យ៦៦ឆ្នាំម្នាក់ រស់នៅស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានរកឃើញ មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥អ៊ិន១ (H5N1) និងកំពុងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរ បានបង្ហាញថា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺ មានមាន់ឈឺ និងងាប់ ហើយក៏បានយកមកធ្វើម្ហូប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា មានករណីជំងឺផ្តាសាយ បក្សី ចំនួន១ករណី កើតលើស្ត្រីអាយុ៦៦ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥អ៊ិន១ (H5N1) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺ មានលំនៅក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរ បានបង្ហាញថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមេសា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺ មានមាន់ឈឺនិងងាប់ ហើយក៏បានយកមកធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅ តាមវិធីសាស្ត្រនិងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វនិងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូន ឱសថតាមីភ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខ ភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ ក្នុងអំឡុង ១៤ថ្ងៃមុន ថ្ងៃចាប់ផ្តើមមានរោគ សញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពីគ្រោះយោបល់និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លងដូចនឹងជំងឺផ្តាសាយ តាមរដូវ កាលផងដែរ។

របៀបបង្ការ ៖

– កុំប៉ះពាល់ ឬទទួលទានមាន់ទា ឈឺឬងាប់ និងពាក់ស្រោមដៃនិងម៉ាស ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។

– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេស បន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។

– ត្រូវចម្អិនម្ហូបអាហារ ឱ្យបានឆ្អិនល្អ មុនបរិភោគ ជាពិសេសសាច់សត្វបក្សី និងស៊ុត។ កុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅនិងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។

– ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើន នៅផ្ទះឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យ ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES