ភ្នំពេញ ៖ ឃ្លាំងជួសជុលរថយន្ត មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារៈមួយចំនួនធំ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៩ឡាន ទើបភ្លើងបានរលត់ ទៅវិញទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចយានដ្ឋាន ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ទីតាំងយានដ្ឋានដែលរងការឆាបឆេះ មានទំហំ ១៣ម៉ែត្រ បណ្តោយ ២០ម៉ែត្រ មានម្ចាស់ឈ្មោះមាស ភក្តី ភេទប្រុស អាយុ៤៧ឆ្នាំ។ ចំពោះសម្ភារៈ និងទ្រព្យសម្បត្តិរងការខូចខាត រួមមាន រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កូរ៉ូលឡា ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-1732 ម៉ូតូចំនួន២គ្រឿង ម៉ាស៊ីនរថយន្ត ចំនួន៣គ្រឿង ប៉ុងជួសជុលរថយន្ត ចំនួន១គ្រឿង និងសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួន ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប និងមានការចូលរួមពីរថយន្តអគ្គិភ័យកងពលតូច ង៧០ ចំនួន៨គ្រឿង ប្រើប្រាស់ ទឹកអសចំនួន ៤ឡាន ស្មើនឹង ៣០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអសចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ សរុបប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ចំនួន៩ឡាន និងបានពន្លត់ភ្លើងបានជាស្ថាពរ នៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃដដែល។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕



