ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា យោងតាមបញ្ជាដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថ.ធ ភេទស្រី ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ឆបោកជនរងគ្រោះឲ្យផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារ។

តាមការស្រាវជ្រាវ សមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យ បានបម្រើការងារនៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបានផ្តល់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួន ឱ្យទៅក្រុមជន ល្មើស ដើម្បីធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកខាងលើ។ បន្ថែមពីនេះ ជនសង្ស័យ បានជួយដកសាច់ប្រាក់ដែលបានមកពីអំពើឆបោក ប្រគល់ឱ្យបក្ខពួក ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃជើងសារ។
ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រ យ័ត្នខ្ពស់ និងចៀសវាងដាច់ខាតនូវការផ្តល់ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន ឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង៕