រាជធានីភ្នំពេញ ៖ អគារ BAOLI INTER CITY ត្រូវបានក្រុមការងារចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សសរុប ចំនួន៤០នាក់ និងដកហូតសម្ភារៈវត្ថុតាងជាច្រើន ដែលពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ ចំនួន៣ករណីផ្សេង គ្នា ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅអគារប៉ោលី (BAOLI INTER CITY) ក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការឆែកឆេរបង្ក្រាបបទល្មើសនេះ ធ្វើឡើងក្រោមការបញ្ជាលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស សរុបចំនួន៤០នាក់ ដកហូតសម្ភារៈវត្ថុតាងជាច្រើន ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ ចំនួន៣ករណីផ្សេងគ្នា ៖
១- ករណីឆបោកអូសទាញឱ្យវិនិយោគ មានជនសង្ស័យ ២២នាក់ (ចិន ២០នាក់ និងរុស្ស៊ី ២នាក់) ដកហូតទូរស័ព្ទដៃ ៥២៨គ្រឿង, កុំព្យូទ័រលើតុ ៣៥គ្រឿង, ធុង CPU ៣០គ្រឿង និងកុំព្យូទ័រយួរដៃ មួយចំនួន។តាមរយៈការធ្វើកោសល្យវិច័យឧបករណ៍អេឡិចត្រូនិក ក្រុមនេះបានធ្វើសកម្មភាពឆបោកក្នុងរូបភាពអូសទាញជនរង គ្រោះឱ្យដាក់ប្រាក់វិនិយោគ។

២-ករណីប្រើប្រាស់រូបភាពនារីស្អាតៗបោកប្រាស់លេងល្បែង មានជនសង្ស័យជាជនជាតិបង់ក្លាដែស ១២នាក់ ដកហូតកុំព្យូទ័រយួរដៃ ៥គ្រឿង និងទូរស័ព្ទដៃ មួយចំនួន ។ ក្រុមនេះប្រើប្រាស់រូបភាពនារីស្អាតៗ ដើម្បីទាក់ ទាញនិងបោកប្រាស់ជនរងគ្រោះ ឱ្យលេងល្បែងលើគេហទំព័រក្លែងក្លាយ។
៣-ករណីស្នាក់នៅខុសច្បាប់ កម្លាំងជំនាញ បានរកឃើញជនបរទេស ចំនួន ៦នាក់ (ថៃ, មីយ៉ាន់ម៉ា, វៀត ណាម និងចិន) ដែលពុំមានលិខិតឆ្លងដែនជាប់ខ្លួន។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ ដើម្បីសាកសួរនិងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះ ដោយគ្មានបង្អង់ដៃឡើយ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ និងឱ្យមានប្រសិទ្ធ ភាព ដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មី ប្រ ពៃណីជាតិ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ៕


