ខេត្តបន្ទាយមានជ័យ : ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីនាំចូលសាច់បង្កកខុសច្បាប់ ពីប្រទេសចោរ សៀម (ថៃ) តាមច្រករបៀងស្រុកម៉ាឡៃ ។

កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ អៀម សហការជាមួយមន្ត្រីបសុព្យាបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានដេញស្ទាក់ឃាត់រថយន្ត Toyota Camry មួយគ្រឿង នៅចំណុចផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំអូរស្រ ឡៅ ស្រុកម៉ាឡៃ។ សមត្ថកិច្ច រកឃើញវត្ថុតាងក្នុងរថយន្តនោះ មាន ស្លាបមាន់បង្កក ចំនួន ៥២៨គីឡូក្រាម ដែលលួចលាក់នាំចូលពីប្រទេសថៃ តាមច្រករបៀងខុសច្បាប់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសា លាដំបូងខេត្ត សមត្ថកិច្ចចម្រុះ បានយកសាច់បង្កកទាំងអស់ ទៅដុតកម្ទេចចោល នៅចំណុចដីឡូត៍ ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីការពារសុខភាពសាធារណៈ៕


