ខេត្តកំពង់ចាម ៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនគរបាលស្រុកស្ទឹងត្រង់ ទទួលផែនគ្រឿងញៀន ដែលត្រូវបានជនសង្ស័យជាក្រុមក្មេងទំនើង ចាក់នឹងវត្ថុមុតស្រួច ធ្លុះភ្នែក រងរបួសធ្ងន់ រហូតដល់ឈាមកកក្នុងខួរក្បាល ក្នុងពេលចុះបង្ក្រាបក្រុមក្មេងទំនើងឈ្លោះវាយតប់គ្នានៅកន្លែងប្រគំតន្ត្រីប្រដាល់គុនខ្មែរ មួយកន្លែង ក្នុងភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀត ណាម នោះ បានទទួលការសង្គ្រោះពីគ្រូពេទ្យវៀតណាម ដោយបានវះកាត់យកឈាមកកក្នុងខួរក្បាល ចេញដោយជោគជ័យ និងកំពុងតាមដានបន្ត។

លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា គិតរហូតមកដល់វេលាម៉ោងជិត ១២ថ្ងៃត្រង់ ទី២៦មេសា ឆ្នាំ២០២៦ លោកអធិការរងដែលរងរបួសនេះក្រោមការជួយជ្រោមជ្រែងពីសំណា ក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ និងបញ្ជូនបន្តទៅសង្គ្រោះនៅប្រទេសវៀតណាម ក្រោមការជួយសង្គ្រោះពីគ្រូពេទ្យវៀតណាម បានវះកាត់យកឈាមកកក្នុងខួរក្បាលចេញ បានដោយជោគជ័យ និងកំពុងតាមដានបន្ត។

តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ខែមេសា លោក វរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំង ចុះល្បាតក្នុងភូមិសាស្ត្រឃុំព្រែកក់។ លុះរហូតដល់វេលាម៉ោងជាង ១១យប់ ថ្ងៃដដែល នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែរ របស់ទូរទស្សន៍ថោន ចំណុចភូមិបឹងដែង១ មានករណីក្រុមក្មេងទំនើង វាយតប់គ្នា ស្របពេលដែលកម្លាំងចុះទៅដល់ធ្វើការអន្តរាគមន៍ ស្រាប់តែជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួច ចាក់ត្រូវខ្ទង់ច្រមុះនិងភ្នែក របស់លោកអធិការរង ម៉ាប់ សុផាត ចំនួនពីរកន្លែង របួសធ្ងន់ បណ្ដាលឲ្យដួលសន្លប់ទៅលើដី។ រីឯជន សង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ហ៊ី ណៃយី ហៅឃ្នី ភេទប្រុស អាយុ ៣១ឆ្នាំ មានលំនៅ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចាក់ទៅលើលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង ផែន ការងារប្រឆាំងគ្រឿងញៀន ។
ជនសង្ស័យ ត្រូវបានធ្វើតេស្តរកសារធាតុញៀន លទ្ធផល (អវិជ្ជមាន) ។
ក្រោយកើតហេតុ លោកអធិការរងដែលរងរបួសធ្ងន់ សន្លប់ ត្រូវបានកម្លាំងក្រោមឱវាទ នាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបានដឹកតាមរថយន្តសាមុយ មកសង្គ្រោះនៅរាជធានីភ្នំពេញ តែដោយសារស្ថានភាពរបួសធ្ងន់ពេក មានឈាមកកក្នុងខួរក្បាល ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះបន្ត នៅប្រទេសវៀតណាម។
ដោយឡែក តាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទីយប់ នៅចំណុចប្រគំតន្រ្តី មួយកន្លែង ស្ថិតនៅក្នុងភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បង្កឡើងដោយឈ្មោះ ហ៊ី ណៃយី ហៅ ឃ្នី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ លំនៅ ភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ប្រដាប់ដោយអាវុធមុតស្រួច បានធ្វើសកម្មភាពចាក់ទៅលើកម្លាំងនគរបាល ១នាក់ ឈ្មោះ ម៉ាប់ សុផាត អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ត្រូវចំភ្នែកខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ នៅរាជធានីភ្នំពេញ និងបានបញ្ជូនបន្ដទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ប្រទេសវៀតណាម ។ ភ្លាមៗនោះ សមត្ថ កិច្ច បានធ្វើការឃាត់ខ្លួនឈ្មោះ ហ៊ី ណៃយី ហៅឃ្នី នាំយកទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងបន្ដនីតិវិធី ។

ជនសង្ស័យ ឈ្មោះ ហ៊ី ណៃយី ហៅឃ្នី ត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ។
សូមបញ្ជាក់ថា ករណីខាងលើនេះ ក៏បានទទួលការយកចិត្តទុកដាក់ ជួយជ្រោមជ្រែង និងសង្គ្រោះ ពីសំណាក់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ដែលបានដាក់បទបញ្ជាឲ្យអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត លើជនពាក់ព័ន្ធករណីចាក់សមត្ថកិច្ចនេះ ។
លោក រ៉េន រតនៈ អ្នកនៃពាក្យលោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា “ក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំសូមជម្រាបជូនក្រុមគ្រួសារលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសាធារណជន បានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍ ស្ដីពីករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានក្ដីសង្វេគយ៉ាងពន់ពេក ចំពោះលោកវរសេនីយ៍ទោ និងសូមចូលរួមរំលែកការឈឺចាប់របស់លោក វរសេនីយ៍ និងក្ដីទុក្ខព្រួយឥតគណនាបាន ជាមួយក្រុមគ្រួសាររបស់លោក។

ឋិតក្នុងវេលាប្រកបដោយក្ដីក្រៀមក្រំ និងការឈឺចាប់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមថ្នាក់ដឹក នាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសគុណនៃមហាព្រហ្មវិហារធម៌នៃលោកអ្នកមានគុណរបស់លោកវរសេនីយ៍ទោ សូមជួយអភិបាលរក្សា និងប្រោះព្រំសាធុការពរ ឱ្យលោកបានឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ដើម្បីឆាប់បានជាសះស្បើយពីមុខរបួសនិងការឈឺចាប់។

ខ្ញុំក៏សូមជម្រាបជូនដែរថា ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយក្នុងវេលានេះ ខ្ញុំសូមជម្រាបជូនបន្ថែមថា ឯកឧត្តមអភិ សន្តិបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ជាសេនាធិការ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់រួចមកហើយនោះ។ សូមអរគុណ..”៕