Saturday, May 9, 2026
Homeព័ត៌មានជាតិក្រសួងធម្មការ ណែនាំរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

ក្រសួងធម្មការ ណែនាំរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧៣ យាងចូល៧៤ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

ក្រសួងធម្មការ បានបញ្ជាក់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះ រាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើង ដើម្បីសម្តែងនូវកតញ្ញុតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រ និងដើម្បីថ្វាយព្រះរាជសព្ទសាធុការពរ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ សម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។

ឆ្នាំនេះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងធម្មការនិងសាសនា បានណែនាំដល់គ្រប់មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម ៖

– ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការវត្ត ផ្សព្វផ្សាយអំពីព្រះរាជពិធី បុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានទូលំទូលាយ ស្របតាមប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។

– ណែនាំគ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតុបតែងលម្អនិងដាក់តម្កល់ក្នុងកន្លែងសមរម្យ បំផុត ដើម្បីឱ្យពុទ្ធបរិស័ទដែលជាប្រជារាស្ត្ររបស់ព្រះអង្គ បានថ្វាយអភិវន្ទនកិច្ច និងគោរពសក្ការៈ។

ទទួលបានសេចក្តីណែនាំនេះ លោកប្រធានមន្ទីរធម្មការនិងសាសានារាជធានី ខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅអធិការគ្រប់វត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់…៕

RELATED ARTICLES