ខេត្តស្វាយរៀង ៖ ក្មេងទំនើង ១ក្រុម មានគ្នា៤នាក់ បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះ យ៉ាងអនាធិបតេយ្យ នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត និងត្រូវបានកម្លាំងសមត្ថកិច្ចក្រុងបាវិត ចុះអន្តរាគមន៍ឃាត់ខ្លួនទាំង៤នាក់ យកមកអប់រំណែនាំនិងកោរសក់ព្រមាន។

ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រុមក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ឡ.ម.ហ ភេទប្រុស មុខរបរសិស្ស មានលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ជាម្ចាស់ម៉ូតូហុងដា ឌ្រីម សេ១២៥ ពាក់ស្លាក លេខ ភ្នំពេញ 1KR-3380)។ ទី២-ឈ្មោះ ន.ថ.វ ភេទប្រុស មុខរបរសិស្ស មានលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ជាម្ចាស់ម៉ូតូហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1U-6817)។ ទី៣-ឈ្មោះ ស.ស.វ.រ ភេទប្រុស មុខរបរសិស្ស មានលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ រៀង និងទី៤-ឈ្មោះ ហ.ស.ភ ភេទប្រុស មុខរបរសិស្ស មានលំនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ សន្តិសុខតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បានរាយការណ៍មកសមត្ថកិច្ចថា បានឃាត់ខ្លួនក្មេងៗបង្ហោះម៉ូតូ នៅផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤នាក់ (ប្រុស) និងម៉ូតូ ២ គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥។
ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងដែលក្មេងៗបង្ហោះម៉ូតូ និងនាំខ្លួនពួកគេ ទាំង៤នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៤នាក់ បានឆ្លើយសាភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូបង្ហោះ នៅលើផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ប្រាកដមែន។

ក្មេងទំនើងទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអបរំ កោរសក់ រួចអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ទាំង២គ្រឿង ត្រូវបានដកហូតជាបណ្តោះអាសន្ន រយៈពេល៣ខែ៕