Saturday, May 9, 2026
Homeនយោបាយកម្ចាត់អំពើពុករលួយ បោសសម្អាតទាំងខ្លា-រុយ មុតស្រួចជាងមេមាន់-កូនមាន់

កម្ចាត់អំពើពុករលួយ បោសសម្អាតទាំងខ្លា-រុយ មុតស្រួចជាងមេមាន់-កូនមាន់

ភ្នំពេញ ៖ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិង និងជាអ្នកវិភាគនយោបាយ-សង្គម លោក សេក សុជាតិ បានលើកឡើងថា ទស្សនៈកម្ចាត់អំពើពុករលួយ របស់ប្រទេសចិន “បោសសម្អាតទាំងខ្លា និងរុយ” ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជីនពីង គឺមានភាពមុតស្រួច និងមានភាពស៊ីជម្រៅជាង “បោសសម្អាតទាំងមេមាន់ និងកូនមាន់” ដែលជាទស្សនៈរបស់កម្ពុជា ព្រោះខ្លា និងរុយ មានន័យស្មើនឹងការបង្រ្កាបទាំងមេធំ ទាំងមន្រ្តីតូចតាច គឺអនុវត្តដើម្បីកែស្ថាប័នដែលធ្លាប់មានបញ្ហា ឲ្យជាសះស្បើយ ។ រីឯ “មេមាន់ និងកូនមាន់” ផ្ដោតសំខាន់ទៅលើទំនាក់ទំនងបណ្ដាញបក្ខពួក ឬក៏ប្រព័ន្ធការពារគ្នាទៅវិញទៅមក បើចង់រកឃើញថ្នាក់ក្រោម ត្រូវសម្លឹងមើលទៅមេខាងលើសិន ហើយបើមេខាងលើ ជាអ្នកការពារ អ្នកខាងក្រោម នឹងមិនត្រូវបានកាត់ ទោសទេ ។ ពោលគឺ “មេមាន់ និងកូនមាន់” ជា “ប្រព័ន្ធអ្នកធំការពារអ្នកតូច” ពីព្រោះអ្នកធំ ទទួលបានផលប្រយោជន៍ពីអ្នកតូច តាមរយៈអំពើពុករលួយ ។

 គួរកត់សម្គាល់ថា មកដល់ពេលនេះ អ្នកអង្កេតការណ៍ផ្នែកសង្គម-នយោបាយ អ្នកជំនាញ និងមជ្ឈដ្ឋានបញ្ញវន្ត បានបន្តលើកឡើងពីភាពខុសគ្នារវាងអំពើពុករលួយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅប្រទេសចិន និងកម្ពុជា ថាមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ទាំងទំហំ យន្តការ និងឥទ្ធិពលនយោបាយ ដោយផ្អែកលើរបបគ្រប់ គ្រង នៃប្រទេសនីមួយៗ ។ ក្នុងនោះ សម្រាប់ប្រទេសចិន ជាយុទ្ធនាការទ្រង់ទ្រាយធំ មជ្ឈដ្ឋានតាមដាន បានធ្វើការកត់សម្គាល់ថា ចិន អនុវត្តគោលការណ៍ «មិនហ៊ានពុករលួយ មិនអាចពុករលួយ មិនចង់ពុករលួយ» ដោយផ្តោតលើមន្ត្រីគ្រប់កម្រិត ចាប់ពី «រុយ» (មន្ត្រីតូចតាច) ដល់ «ខ្លា» (មន្ត្រីជាន់ខ្ពស់) ដែលមានវិសាលភាព បោសសម្អាតគ្រប់វិស័យ រួមមាន ជួរយោធា, រដ្ឋាភិបាល, ហិរញ្ញវត្ថុ, ថាមពល, ថ្នាំជក់, វេជ្ជសាស្ត្រ និងកីឡា តាមរយៈយន្តការប្រើប្រាស់គណៈកម្មការអធិការកិច្ចវិន័យ (CDIC) ដែលមានអំណាចខ្លាំងក្លា និងមានតម្លាភាពសង្គមខ្ពស់ជាងមុន ហើយលទ្ធផល ជារៀងរាល់ឆ្នាំ មានមន្ត្រីរាប់សែននាក់ ត្រូវបានដាក់ពិន័យ ។

សម្រាប់ប្រទេសកម្ពុជា មជ្ឈដ្ឋានអ្នកវិភាគ បានធ្វើការកត់សម្គាល់ថា ជាយន្តការ មានអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ដែលសហការជាមួយចិន ដើម្បីពង្រឹងសមត្ថភាព ដោយផ្តោតសំខាន់ជាទូទៅ ការអនុវត្តច្បាប់ជារឿយៗ ផ្តោតលើមន្ត្រីថ្នាក់ក្រោម ឬការប្រមូលចំណូលពន្ធ ប៉ុន្តែមានការរិះគន់ថា ការគ្រប់គ្រងថ្នាក់លើនៅមានកម្រិត។ ជាពិសេស ទោះបីជាមានការអះអាងពីការប្រយុទ្ធប្រឆាំងក៏ដោយ ក៏កម្ពុជា នៅតែជួបប្រទះបញ្ហាប្រឈមនៃប្រព័ន្ធការិយាធិបតេយ្យ ដែលសូកប៉ាន់ ជាទម្លាប់ ។

បន្ថែមលើការកត់សម្គាល់ អ្នកវិភាគ ក៏បានមើលឃើញពីចំណុចខុសគ្នាគន្លឹះ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើ ពុករលួយ នៅក្នុងប្រទេសចិន និងកម្ពុជា ដោយក្នុងនោះ កម្រិតនៃទណ្ឌកម្ម ចិនដាក់ទោសទណ្ឌធ្ងន់ (អាចដល់ប្រហារជីវិត) លើមន្ត្រីជាន់ខ្ពស់ ខណៈកម្ពុជា ហាក់ដូចជាមានការអនុវត្តទន់ភ្លន់ជាង ចំពោះមុខសញ្ញាមានអំណាច ហើយអ្វីដែលជាចំណុចឯកភាព ការប្រឆាំងពុករលួយ នៅចិន ធ្វើឡើងតាមបញ្ជាមជ្ឈិមបក្ស តែមួយ ឯកភាព និងខ្លាំងក្លា ដើម្បីពង្រឹងអំណាចបក្សកុម្មុយនីស្តទាំងមូល ឯកម្ពុជា ផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ។

សរុបមក អ្នកវិភាគ បានធ្វើការវាយតម្លៃថា ចិន ប្រើវិធានការ «ក្តៅ» និងទូលំទូលាយ ខណៈកម្ពុជា នៅក្នុងដំណាក់កាលពង្រឹងយន្តការនិងច្បាប់ ជាពិសេស នៅមិនព្រមផ្លាស់ប្ដូរទស្សនៈ ផ្នត់គំនិត វប្បធម៌ “ទុកមេមាន់ បង្កើតកូនមាន់” ឲ្យបានច្រើន ដែលជាទស្សនៈពិបាកយកមកអនុវត្តលុបបំបាត់អំពើពុករលួយ ពីថ្នាក់លើ មកក្រោម គឺខុសពីការបោសសម្អាត “ទាំងខ្លា និងរុយ” អនុវត្តមិនលើកលែង ទាំងមន្រ្តីធំ ទាំងមន្រ្តីតូច ។

  ទាក់ទងនឹងភាពខុសគ្នារវាង “មេមាន់ និងកូនមាន់” និង “ខ្លា និងរុយ” នេះ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិង និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ថា ទាក់ទងនឹងភាពខុសគ្នា អាចនិយាយបានថា ខ្លានិងរុយ គឺមុតស្រួចជាងគេ នៅក្នុងការអនុវត្តនីតិវិធីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឈរទៅលើមូលដ្ឋានច្បាប់ ជាគ្រឹះ ដោយមិនមានការយោគយល់ អធ្យាស្រ័យ មិនថាអ្នកធំ អ្នកតូច អ្នកដែលប្រព្រឹត្ត ត្រូវតែទទួលទោសចំពោះមុខច្បាប់ ។ រីឯមេមាន់ និងកូនមាន់ ល្អនៅក្នុងរូបភាពនយោបាយ ក៏ប៉ុន្តែប្រសិនជាផ្ដោតសំខាន់ទៅលើការកែទម្រង់ ឬប្រយុទ្ធប្រឆាំងជាមួយនឹងអំពើ ពុករលួយ គឺជាការរៀបចំបណ្ដាញការពារគ្នាទៅវិញទៅមក ហើយពិបាកនៅក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយ ព្រោះអាចអនុវត្តបានភាគច្រើនតែជាមួយនឹងកូនមាន់ ឯមេមាន់ ទុកបង្កើតកូនមាន់ ប្រើប្រាស់នៅ ពេលក្រោយទៀត ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “ចំពោះខ្ញុំ យល់ថា ទស្សនៈ “បោសសម្អាតទាំងខ្លា ទាំងរុយ” របស់ប្រទេសចិន គឺមានភាពមុតស្រួច ហើយនិងមានភាពស៊ីជម្រៅ ហើយយើងឃើញថា ការអនុវត្តកន្លងមក របស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង គឺអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនេះ គឺស្មើភាពគ្នាច្រើន ជាពិ សេសគឺ ទាំងអ្នកមានឥទ្ធិពល និងអំណាចធំ ហើយនិងមន្រ្តីដែលជាប់ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធពុករលួយ គឺត្រូវបានបោសសម្អាត ហើយត្រូវបានអនុវត្តច្បាប់ តាមនីតិវិធី ហើយវាគឺជាយន្តការមួយ ឬក៏ជាគោលនយោ បាយមួយ ដែលមានភាពច្បាស់លាស់ណាស់ សម្រាប់ប្រធានាធិបតីចិន នៅក្នុងការអនុវត្ត ហើយចំពោះអ្វីដែលយើងមើលឃើញ គឺខ្លា សំដៅទៅលើមន្រ្តីធំៗ ថ្នាក់ធំ ថ្នាក់ខ្ពស់ ថ្នាក់កំពូល រីឯរុយ គឺសំដៅទៅលើមន្រ្តីថ្នាក់ក្រោម ហើយភាពខុសគ្នា យើងអាចមើលឃើញអំពីពាក្យ ឧទាហរណ៍ថា ខ្លា និងរុយ គឺមានន័យស្មើនឹងការបង្រ្កាបទាំងមេធំ ទាំងមន្រ្តីតូចតាច គឺត្រូវបានអនុវត្ត ហើយនៅក្នុងនេះ ក៏គេអាចបង្ហាញឲ្យឃើញអំពីហេតុផលមួយចំនួន ស្ដីអំពីអំពើពុករលួយ ហើយអំពើពុករលួយនេះ វាមិនមែនកើតមានតែនៅថ្នាក់ក្រោមទេ ហើយបើមេធំពុករលួយ ខូច អ៊ីចឹងនឹងបង្កបង្កើតកូនចៅ ឬក៏នឹងអប់រំកូនចៅ ឲ្យដើរតាមផ្លូវខូចហ្នឹងដូចគ្នាដែរ ។ ចំពោះទស្សនៈរបស់កម្ពុជា ពាក់ព័ន្ធនឹងថា “មេមាន់ និងកូនមាន់” គឺជារូបភាពនយោបាយភាគច្រើន ហើយបើសិនជាយើងនិយាយអំពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយវិញ ត្រង់ចំណុចនេះ គឺពិបាកនៅក្នុងអនុវត្តមែនទែន ដោយសារថា ពេលដែលរកឃើញអំពើពុករលួយ នៅថ្នាក់ក្រោម អ៊ីចឹងត្រូវសម្លឹងមើលទៅមេខាងលើសិន ហើយបើសិនមេខាងលើ គាត់ជាអ្នកការពារ អ៊ីចឹងអ្នកខាងក្រោមហ្នឹង គឺនឹងមិនត្រូវបានកាត់ទោសទេ ។ ដូច្នេះត្រង់ចំណុចថា “មេមាន់ និងកូនមាន់” នេះ គឺវាផ្ដោតសំខាន់ទៅលើទំនាក់ទំនងបណ្ដាញ បក្ខពួក ឬក៏ប្រព័ន្ធការពារគ្នាទៅវិញទៅមក“ ។

 លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ចំណុចទី២ ខ្ញុំយល់ថា ពីភាពខុសគ្នារវាងខ្លា និងរុយ គឺវាមុតស្រួចជាង ពីព្រោះវាបញ្ជាក់ពីភាពច្បាស់លាស់ មិនមានការយោគយល់ មិនមានការលើកលែង សូម្បីតែអ្នកដែលមានឋានៈប៉ុនណាក៏ដោយ ហើយបើចាប់អ្នកតូច គឺត្រូវតែស្វែងរកអ្នកធំ ហើយបើសិនជាការជីកឫសនៃអំពើពុករលួយ បានទាំងអស់ នោះប្រជាពលរដ្ឋ នឹងគាំទ្រ ហើយប្រជាពលរដ្ឋនឹងសាទរចំពោះការអនុវត្ត ។ រីឯភាពខុសគ្នារវាងខ្លា និងរុយ ជាមួយនឹងមេមាន់ កូនមាន់នេះ គឺយើងអាចនិយាយថា មេមាន់ និងកូនមាន់ គឺមានន័យស្រាលជាង ក៏ប៉ុន្តែបើចង់អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ទៅលើកូនមាន់ គឺត្រូវតែសម្លឹងមើលទៅលើមេមាន់សិន តើគេឲ្យអនុវត្តឬអត់? ព្រោះទម្រង់នេះ គឺយើងអាចវាយតម្លៃបានថា វាជា “ប្រព័ន្ធអ្នកធំ ការពារអ្នកតូច” ពីព្រោះអ្នកធំ ទទួលបានផលប្រយោជន៍ពីអ្នកតូច តាមរយៈអំពើពុករលួយហ្នឹង ហើយបើ សិនជាយើងផ្ដោតទៅលើគំរូខ្លា និងរុយ គឺវាល្អជាងមេមាន់ និងកូនមាន់ ពីព្រោះល្អនៅត្រង់ថា ខ្លា និងរុយ គឺអនុវត្តដើម្បីកែស្ថាប័នដែលធ្លាប់មានបញ្ហា ឲ្យជាសះស្បើយ ហើយមន្រ្តីទាំងតូច ទាំងធំ គឺត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ ហើយនៅពេលដែលចប់អាណត្តិនីមួយៗ គឺត្រូវធ្វើសវនកម្ម ដោយមានការចូលរួមពីស្ថាប័នឯករាជ្យ ហើយបើសិនជារកឃើញ គឺត្រូវបានអនុវត្តដោយច្បាប់ស្មើភាពគ្នា ។ មានន័យថា តុលាការគេឯករាជ្យ ហើយរដ្ឋខ្លួនឯង គឺជាអ្នកដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីប្រឆាំងជាមួយបុគ្គល មិនថាមានឥទ្ធិពល និងអំណាចប៉ុនណាទេ ហើយរឿងមួយដែលយើងមើលដែរ បើសិនជាគ្រាន់តែការចាប់អ្នកដែលពាក់ព័ន្ធនឹងអំពើពុករលួយ ក៏ប៉ុន្តែមិនអាចអនុវត្តទៅបាន ឬក៏មិនអាចអនុវត្តឲ្យចេញជាផ្លែផ្កា អ៊ីចឹងវាមិនល្អទេ ។ ដូច្នេះទាល់តែបោសសម្អាតពីលើ ចុះមកក្រោម មិនថាអ្នកធំ មិនថាអ្នកតូច គឺត្រូវតែអនុវត្តច្បាប់ ដោយស្មើភាពគ្នា ។ រីឯគំរូមេមាន់ និងកូនមាន់នេះ វាជាការផ្ដល់នូវសញ្ញាមួយ ទាក់ទងនឹងការការពារបណ្ដាញ បក្ខពួក ទៅវិញទៅមក“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងមានន័យថា វាមានប្រយោជន៍ទាំងខាងលើ ទាំង ខាងក្រោម ពីព្រោះវាជាអំពើពុករលួយមួយ ដែលកើតឡើងជាខ្សែចង្វាក់ច្បាស់លាស់ ហើយមន្រ្តីតូចៗ នៅពេ លដែលមានមេដឹកនាំខាងលើ គាំទ្រនៅក្នុងការប្រព្រឹត្តិអំពើពុករលួយ អ៊ីចឹងពួកគាត់នឹងមិនខ្លាចនៅក្នុងការប្រព្រឹត្តិអំពើពុករលួយទេ ហើយចំណុចចុងក្រោយមួយទៀត ខ្ញុំអាចវាយតម្លៃបានថា ខ្លា និងរុយ គឺវាប្រសើរខ្លាំងជាងមេមាន់ និងកូនមាន់ ពីព្រោះវាមានភាពមុតស្រួច ផ្ដោតទៅលើគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយអនុវត្តដោយគ្មានការរើសអើង មិនថាអ្នកធំ មិនថាអ្នកតូចទេ អ្នកធំ ក៏ត្រូវទទួលខុសត្រូវ រីឯអ្នកតូច ក៏ត្រូវទទួលខុសត្រូវ ហើយវាផ្ទុយពីមេមាន់ និងកូនមាន់ គឺវាមានប្រសិទ្ធភាពខ្លះដែរ ក៏ប៉ុន្តែបើអនុវត្តចាប់ផ្ដើមពីមេ មាន់ អ៊ីចឹងយើងអាចថា នឹងបាត់កូនមាន់ ។ មានន័យថា មេមាន់ គឺគាត់នៅមានសេរីភាព គាត់នៅមានឱកាសនៅក្នុងការគេចវេះពីការអនុវត្តច្បាប់ រីឯកូនមាន់ ឬក៏មាន់ថ្មីៗ ទើបកើតផ្សេងៗទៀត អ៊ីចឹងគាត់អាចយកទៅបង្កើត ដើម្បីជំនួសកូនមាន់ចាស់ៗហ្នឹងបាន ដែលត្រូវបានគេអនុវត្តច្បាប់ ហើយមេមាន់ គឺមិនត្រូវបានអនុវត្តច្បាប់ ។ អ៊ីចឹងវានៅតែបង្កើតអំពើពុករលួយបានបន្តទៀត នៅពេលខាងមុខអ៊ីចឹង ។ សរុបមកវិញ យើងអាចនិយាយបានថា ខ្លានិងរុយ គឺមុតស្រួចជាង នៅក្នុងការអនុវត្តនីតិវិធីប្រយុទ្ធប្រឆាំងជាមួយនឹងអំពើពុករលួយ ដោយឈរទៅលើមូលដ្ឋានច្បាប់ ជាគ្រឹះ ដោយមិនមានការយោគយល់ អធ្យាស្រ័យ មិនថាអ្នកធំ ឬអ្នកតូចទេ អ្នកដែលប្រព្រឹត្ត ត្រូវតែទទួលទោសចំពោះមុខច្បាប់ រីឯមេមាន់ និងកូនមាន់ វាល្អនៅក្នុងរូបភាពនយោបាយ ក៏ប៉ុន្តែប្រសិនជាផ្ដោតសំខាន់ទៅលើការកែទម្រង់ ឬក៏ប្រយុទ្ធប្រឆាំងជាមួយនឹងអំពើពុករលួយ គឺជាការរៀបចំបណ្ដាញការពារគ្នាទៅវិញទៅមក ហើយពិបាកនៅក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ហើយមេមាន់ និងកូនមាន់នេះ គឺអាចអនុវត្តបានភាគច្រើនតែជាមួយនឹងកូនមាន់ទេ បើមេមាន់ គឺមិនអាចអនុវត្តទៅបានទេ ពីព្រោះទុកមេមាន់ ដើម្បីបង្កើតកូនមាន់ ប្រើប្រាស់នៅពេលក្រោយទៀត អីអ៊ីចឹងជាដើម“ ។

 គួរបញ្ជាក់ដែរថា នៅដើមឆ្នាំ២០២៦ រដ្ឋាភិបាលចិន បានបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលមានរយៈពេលមួយទសវត្សរ៍មកហើយ ដោយបង្ហាញថា ការងារនេះនៅតែជាអាទិភាពចម្បង ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង។ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មការមជ្ឈិមបក្ស សម្រាប់អធិការកិច្ចវិន័យ (CCDI) ក្នុងខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំចិន បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺជា «សមរភូមិដែលបក្សមិនអាចចាញ់បានឡើយ» ។ ក្នុងឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់ ចំនួន៦៥នាក់ (កម្រិតរដ្ឋមន្ត្រី ឬខ្ពស់ជាងនេះ) ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេត។ ក្នុងនោះរួមមានឥស្សរជនលេចធ្លោ ដូចជា អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកតាំង រេនចៀន (Tang Renjian) ដែលត្រូវបានកាត់ទោសប្រហារជីវិត (ដោយព្យួរទោស) ពីបទសូកប៉ាន់ ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីថ្នាក់ទាបជាង ៥៣៦ ០០០នាក់ ត្រូវបានដាក់វិន័យ ពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យអប់រំ សុខាភិបាល និងសន្តិសុខសង្គម។ ទន្ទឹមនោះ ប្រតិបត្តិការ «Sky Net» របស់ចិន នៅតែបន្តទទួលបានជោគជ័យ ដោយបានបញ្ជូនជនភៀសខ្លួន ៧៨២នាក់ ត្រឡប់ទៅ វិញ និងដកហូតទ្រព្យសម្បត្តិខុសច្បាប់ បានប្រហែល ២៣.៦៦ពាន់លានយ័ន (ប្រហែល ៣.៣៨ពាន់លានដុល្លារ) ក្នុងរយៈពេលត្រឹមតែ ១១ខែ នៃឆ្នាំ២០២៥។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងច្បាប់ថ្មី ការកែសម្រួលច្បាប់ត្រួត ពិនិត្យ ដែលបានចូលជាធរមានក្នុងខែមិថុនា ឆ្នាំ២០២៥ បានពង្រីកអំណាចបន្ថែមទៀតដល់ស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់រាល់ឧបសគ្គផ្នែកស្ថាប័ន។

  លោកប្រធានាធិបតី ស៊ី ជីនពីង បានព្រមានថា ស្ថានភាពនៅតែមាន «ភាពធ្ងន់ធ្ងរ និងស្មុគស្មាញ» ដោយប្តេជ្ញា «លុបបំបាត់ឫសគល់ និងលក្ខខណ្ឌ» ដែលបង្កឲ្យមានអំពើពុករលួយ ខណៈដែលប្រទេសចិន ចាប់ផ្តើមអនុវត្តផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦–២០៣០) របស់ខ្លួន ជាមួយទស្សនៈកម្ចាត់អំពើពុករលួយ “បោសសម្អាតទាំងខ្លា និងរុយ” ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជីនពីង។

 ដោយឡែក នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៥ ស្តីពីស្ថានភាពអំពើពុករលួយ និងការគោរពលទ្ធិប្រជាធិប តេយ្យក្នុងលោក ដែលចេញផ្សាយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការតម្លាភាពអន្តរជាតិ (CPI) បានដាក់ ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២។ ចំណាត់ថ្នាក់ក្នុងឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជា បានធ្លាក់ដុនដាបខ្លាំងជាងឆ្នាំ២០២៤ ដែលកម្ពុជា ឈរនៅលេខរៀងទី១៥៨ ក្នុងចំណោម ១៨០ប្រទេស។

អ្នកតាមដានសង្គមនានា បានទទួលស្គាល់ថា ប្រទេសកម្បុជា នៅតែបន្តរួបរឹតដោយអំពើពុករលួយ ជាពិសេស ការចាក់ឫសយ៉ាងជ្រៅនៃបក្ខពួកនិយម ទៅក្នុងស្ថាប័នសាធារណៈ។ តួលេខនេះ មិនមែនគ្រាន់តែជាលេខសម្រាប់វាស់វែងប្រព័ន្ធនីតិរដ្ឋធម្មតានោះទេ ប៉ុន្តែវាជាសញ្ញាអាសន្ន ដែលបង្ហាញថា បញ្ហាអំពើពុករលួយ នៅកម្ពុជា លែងជាបញ្ហាបុគ្គលទៀតហើយ ប៉ុន្តែវាបានក្លាយជាជំងឺជាប្រព័ន្ធ ដែលចាក់ឫសយ៉ាងជ្រៅតាមរយៈបណ្តាញបក្ខពួកនិយម។ ប្រព័ន្ធបែបនេះ ជួយសម្រួលដល់ការប្រមូលផ្តុំទ្រព្យសម្បត្តិ និងអំណាច ទៅក្នុងដៃក្រុមអ្នកមានអំណាច មួយក្តាប់តូច ដែលបង្កើតជាមហាកំពែងរារាំងអ្នកវិនិយោគបរទេសដែលមានគុណភាព និងមានតម្លាភាព មិនឱ្យចង់មកបណ្តាក់ទុននៅកម្ពុជា ដោយសារពួកគេបារម្ភពីភាពមិនច្បាស់លាស់នៃច្បាប់ និងដំណើរការសម្រេចចិត្ត ដែលធ្វើឡើងដោយសម្ងាត់ នៅក្រោយខ្នង ៕កុលបុត្រ

RELATED ARTICLES