Saturday, May 9, 2026
Homeសេដ្ឋកិច្ចជាតិមេគយកម្ពុជា បញ្ជាគយគ្រប់ច្រក ទប់ស្កាត់ការនាំចូលទុរេនថៃ

មេគយកម្ពុជា បញ្ជាគយគ្រប់ច្រក ទប់ស្កាត់ការនាំចូលទុរេនថៃ

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានដាក់បញ្ជាឱ្យមន្ត្រីគយ តាមច្រកព្រំដែន ទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំង ច្រករបៀង, កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាម ផងដែរ។

 នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស .២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដែល “នគរធំ” ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានជម្រាបមកលោក លោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដា្ឋន សាខា និងការិយាល័យគយនិងរដ្ឋាករ ក្នុងកម្មវត្ថុ : ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំ ចូលផ្លែទុរេនស្រស់ ដោយយោងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

 តបតាមកម្មវត្ថុនិងយោងខាងលើ លោកបណ្ឌិត គុណ ញឹម បានសូមជម្រាបមកប្រធានលេខាធិការដ្ឋាន នាយកដា្ឋន សាខា និងការិយាល័យគយនិងរដ្ឋាករ ជ្រាបថា ផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសថៃ ជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល ។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការនាំចូលដោយខុសច្បាប់ នូវផ្លែទុរេនស្រស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម ៖

 -ត្រូវតាមដាននិងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាម ផងដែរ។

  – ដោយឡែក ចំពោះការនាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេស ការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យ ពីប្រទេសនាំចេញ។

 ទទួលបានសេចក្ដីណែនាំនេះ សូមលោក លោកស្រី ចាត់ចែងផ្សព្វផ្សាយនិងអនុវត្ត ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

  គួរបញ្ជាក់ថា បទបញ្ជារបស់មេគយកម្ពុជា ខាងលើនេះ បានធ្វើឡើងស្របពេលដែលអាជ្ញាធរកំពុងបង្កើនការបង្ក្រាបបទល្មើសលួចនាំចូលទំនិញឆ្លងដែន គេចពន្ធគយ  បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់ស្ត្រី ២នាក់ ពាក់ព័ន្ធនឹងការលួចនាំចូលផ្លែទុរេន ពីប្រទេសថៃ ដោយគេចពន្ធ។

  គួរជម្រាបថា ថ្មីៗនេះមានករណីឈ្មួញខិលខូច បានលួចនាំចូលទុរេនថៃ បន្លំជាផលិតផលខ្មែរ យកមកចរាចរលក់នៅក្នុងផ្សារ ភួពុយ ខេត្តបាត់ដំបង។ ឆ្លើយតបនឹងបញ្ហានេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបង្កើនការការរឹតបន្តឹង ត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែន ដើម្បីរាំងខ្ទប់ការលួចនាំចូលទំនិញហាមឃាត់ ជាពិសេសទុរេន ពីប្រទេសជិតខាង ដែលនាំចូលមកបន្លំជាផលិតផលខ្មែរ ។

 ជាការឆ្លើយតបនឹងបញ្ហានេះ ក្រោយពីមានការណែនាំពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋ កិច្ច សម្រាប់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក៏បានបង្កើនការការរឹតបន្តឹងត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែន ដើម្បីរាំងខ្ទប់ការលួចនាំចូលទំនិញហាមឃាត់ ជាពិសេស ទុរេន ពីប្រទេសជិតខាង ដែលនាំចូលមកបន្លំជាផលិតផលខ្មែរ ។

  យ៉ាងណា ជុំវិញបញ្ហានេះ អ្នកជំនាញបានវាយតម្លៃថា ការគប់គិតគ្នាជាប្រព័ន្ធនៅតាមព្រំដែន គឺជាឫសគល់នៃបញ្ហា។ ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការក្តៅ ដើម្បីធានាថា ទុរេនថៃ មិនអាចបន្តហូរចូលមកកម្ពុជា បានទៀត ។ ជាមួយគ្នានេះ ចំពោះការនាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសដទៃ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេស ការតម្រូវឱ្យមានវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ។

  លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេន បែកអន្លូង បានលើកឡើងថា អាជីវករនាំចូល គួរពិចារណាពីពេលវេលាក្នុងការលក់ដូរ មិនគួរនាំចូលទុរេន ពីប្រទេសជិតខាង ដែលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយ និងមានរឿងអាស្រូវ ការប្រើសារធាតុគីមីហាមឃាត់ មកចែកចាយក្នុងស្រុកយើងនោះទេ។ សម្រាប់អ្នកទទួល ទាន ត្រូវស្វែងរកប្រភពច្បាស់លាស់ដោយទទួលទានទុរេន ក្នុងស្រុក ជំនួសឱ្យទុរេន នាំចូល ។

 លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាល មិនយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ ការដាំដុះទុរេន ក្នុងស្រុក នឹងរងការខាតបង់ និងរងហានិភ័យដួលរលំ ។ ដូច្នេះលោកទទូចឱ្យមន្ត្រីនៅតាមព្រំដែន បញ្ឈប់ការគប់គិតគ្នានាំចូលទុរេន ដោយខុសច្បាប់ ចូលទីផ្សារក្នុងស្រុក ។

លោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា បានធ្វើការកត់សម្គាល់ថា ផ្លែទុរេនក្នុងស្រុក នឹងឈានដល់ការប្រមូលផលខ្ពស់បំផុត ចាប់ពីចុងខែឧសភា ដល់ខែកក្កដា នៅពេលដែលការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក មានគ្រប់គ្រាន់។ ដូច្នេះលោកជំរុញឱ្យពាណិជ្ជករ បញ្ឈប់ការនាំចូលផ្លែទុរេន ពីប្រទេសជិតខាង ក្នុងអំឡុងពេលនេះ ដោយលើកឡើងពីហានិភ័យទាក់ទងនឹងគុណភាពក្រោមស្តង់ដារ និងការប្រើប្រាស់សារធាតុគីមីហួសប្រមាណ ដោយលោកបានព្រមានថា ការអនុវត្តបែបនេះ អាចបង្កហានិភ័យសុខភាពអ្នកទិញ នៅកម្ពុជា ។ ជាមួយនេះ លោកក៏បានណែនាំអ្នកទិញឱ្យផ្ទៀងផ្ទាត់ប្រភពដើមនៃផ្លែទុរេន ដោយប្រុងប្រយ័ត្ន មុនពេលទិញ ទោះបីជាតម្លៃទាប ក៏ដោយ។ លោកពន្យល់ថា ផ្លែទុរេន មកពីតំបន់ផលិតកម្មសំខាន់ៗ រួមទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកសំឡូត ខេត្តបាត់ដំបន់ មិនទាន់ទុំពេញលេញនៅឡើយទេ ហើយផ្លែទុរេន ក្នុងស្រុក ពិតប្រាកដ នឹងចាប់ផ្តើមចូលទីផ្សារនៅចុងខែឧសភា ។ ដូច្នេះអាជ្ញាធរ និងមន្ត្រីត្រួតពិនិត្យព្រំដែន គួរតែពង្រឹងការគ្រប់គ្រង ដើម្បីទប់ស្កាត់ទុរេន នាំចូល ដោយកត់សម្គាល់ថា ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង គឺចាំ បាច់ ដើម្បីចៀសវាងទំនិញដែលមានគុណភាពទាប ធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

  លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ឈ្មួញដែលលួចនាំចូលទុរេនថៃ  ដែលជាទំនិញហាមឃាត់ ចូលមកកម្ពុជានេះ មិនត្រឹមតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ប៉ុណ្ណោះទេ តែក៏ត្រូវទទួលខុសត្រូវជាមួយសាធារណជនផងដែរ ។ បញ្ហានេះ មិនត្រឹមតែបំផ្លាញទំ នុកចិត្ត និងកេរ្តិ៍ឈ្មោះទុរេនខ្មែរ និងការខិតខំប្រឹងប្រែងរបស់អ្នកដាំទុរេន ក្នុងស្រុកនោះទេ ថែមទាំងបំផ្លាញដល់ផលប្រយោជន៍ជាតិ ទាំងមូលផងដែរ តាមរយៈការលួចផ្តល់ដង្ហើមសេដ្ឋកិច្ចដល់ប្រទេសកំពុងមានជម្លោះជាមួយគ្នា។  ដូច្នេះលោកយល់ថា ដើម្បីធានាថា មិនមានទុរេនថៃ អាចបន្តហូរចូលមកកម្ពុជា បាន រាជរដ្ឋាភិ បាល ត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែន ឱ្យបានដិតដល់បន្ថែមទៀត រួមជាមួយការបង្កើតឱ្យមានការបញ្ជាក់អត្តសញ្ញាណកសិផលច្បាស់លាស់ ដើម្បីធានាការពារកសិផលនៅក្នុងស្រុក ។

 ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា បញ្ហាចម្បងជុំវិញករណីឈ្មួញទុច្ចរិត លួចនាំចូលទុរេនថៃ មកកម្ពុជា គឺស្ថិតលើកណ្តាប់ដៃរបស់អាជ្ញាធរនៅតាមច្រកព្រំដែន។ ដូច្នេះប្រ សិនបើមានករណីគប់គិតគ្នាពីសំណាក់អាជ្ញាធរនៅតាមព្រំដែន ជាមួយឈ្មួញលួចនាំចូលមែននោះ រាជ រដ្ឋា ភិបាល ត្រូវតែដាក់ទោសពួកគេ ដោយគ្មានការលើកលែងជាដាច់ខាត ដ្បិតបញ្ហាគប់គិតគ្នាជាប្រព័ន្ធ លើការលួចនាំចូលទំនិញហាមឃាត់ ពីថៃ នេះ មិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ តែវាថែមទាំងក្បត់នឹងមនសិការជាតិ ផងដែរ។ លោកក៏សូមអំពាវនាវដល់ឈ្មួញខិលខូច ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ គួរដល់ពេលបញ្ឈប់សកម្មភាពទាំងនោះហើយ ដ្បិតកម្ពុជា បានរងការប្រមាថ និងឈ្លានពានពីថៃ យ៉ាងធ្ងន់ធ្ងររួចទៅហើយ ហើយអ្វីដែលពលរដ្ឋអាចទប់ស្កាត់បញ្ហានេះបាន គឺការបន្តពហិការផលិតផលថៃ ។

 គួររំលឹកថា មិនមែនទើបតែចេញការណែនាំនៅពេលនេះទេ គឺកាលពីថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានចេ ញលិខិតចុះហត្ថលេខាដោយ លោក ផា អេងវ៉េង អគ្គនាយករង ជម្រាបមកប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយល័យគយនិងរដ្ឋាករថា ដើម្បីចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ ប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ធ្វើការណែនាំបណ្តោះអា សន្ន ចំនួន ៤ចំណុច រូមមាន ៖  ១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដោយការនាំចូលផ្លែទុរេន ត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយ នូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ២. ត្រូវចាត់ចែងការដកសំណាកគំរូ តាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំកិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេស បន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយ រួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ច ឱ្យបានច្បាស់លាស់ នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។ ៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា «ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬខូចគុណភាព» ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្តពី អគរ និង៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រករបៀង ក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ ៕ កុលបុត្រ

RELATED ARTICLES