សហរដ្ឋអាមេរិក ៖ អតីតតារាសម្ដែង អម្ពរ ទេវី បានធ្វើឲ្យម្ដាយក្មេក លោកស្រី ហ៊ឹម ប៊ុនហូ (Bunho Him) ដែលកំពុងរស់នៅសហរដ្ឋអាមេរិក សប្បាយចិត្តខ្លាំង តាមរយៈការទិញទូរទស្សន៍ ម៉ាក Samsung ៧៥ ជូនម្តាយក្មេក នៅថ្ងៃ «ទិវាអ្នកម្ដាយ» (Mother’s Day)។ លោកស្រី ហ៊ឹម ប៊ុនហូ ម្ដាយក្មេកលោកស្រី អម្ពរ ទេវី ថ្លែងសារអរគុណទៅកូនប្រសាស្រី ដែលបានជូនទូរទស្សន៍ ដល់គាត់ ក្នុងទិវាអ្នកម្ដាយ។ លោកស្រីថា គាត់រំភើបខ្លាំងណាស់ និងជូនពរកូនប្រសា ជួបតែក្ដីសុខចម្រើន រហូតអស់មួយជីវិត។

អ្នកនាងអម្ពរ ទេវី និង ម្ដាយក្មេក
ចំណែកលោកស្រី អម្ពរ ទេវី ថាម្ដាយ ជាអ្នកបង្កើតស្វាមីលោកស្រី ហេតុនេះលោកស្រី តាំងចិត្តថា នឹងស្រ លាញ់ម្ដាយក្មេក អស់មួយជីវិត ។ លោកស្រី អម្ពរ ទេវី ថ្លែងទៅម្ដាយក្មេកដោយក្ដីគោរពថា «កូនសូមគោរពស្រលាញ់ ដឹងគុណចំពោះអ្នកម្ដាយ ដែលបានផ្ដល់កំណើតដល់ស្វាមីរបស់កូនៗ និងចៅ គុណដ៏មហាធំធេង នេះ កូននិងចៅ ពិតជាគោរពស្រលាញ់អ្នកម្ដាយ អស់មួយជីវិត»។

អម្ពរ ទេវី បានបោះបង់អាជីពសិល្បៈ ដោយបានចេញទៅរស់នៅសហរដ្ឋអាមេរិក ក្រោយលែងលះជាមួយអតីតប្ដី លោក ពេជ្រ ភិរុណ បន្សល់ចំណងដៃកូនប្រុសស្រី ពីរនាក់។លោកស្រ អម្ពរ ទេវី បានរៀបការស្វាមី ជាអា ណិកជនខ្មែរ នៅអាមេរិក លោក Pauly Hap កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ និងមានកូនស្រីម្នាក់ អាយុជាង១០ឆ្នាំ ។ កាលពីឆ្នាំ២០១៧ លោកស្រី ទេវី បានចុះមកស្រុកខ្មែរ ជាលើកដំបូង ថតភាពយន្ដឲ្យលោកស្រី ពាន់ ភួងបុប្ផា រឿង «ទឹកចិត្តម្ដាយសម័យថ្មី» និងរឿងរបស់ LD «ឆន្ទា»។ ចំណែកភាពយន្ដដែលអតីតតារាសម្ដែងល្បីល្បាញទសវត្សឆ្នាំ១៩៨០-១៩៩០ រូបនេះ ថតចុងក្រោយ នៅឆ្នាំ២០២៥ គឺរឿង «អប្សរាមហាអង្គរ» ដឹកនាំដោ យលោក ហ្វៃ សំអាង ។

តាមប្រភពថា លោកស្រី អម្ពរ ទេវី នៅតែអាចចុះមកថតភាពយន្ដ នៅស្រុកខ្មែរ បានទៀត ប្រសិនបើរឿងនោះ លោកស្រីស្រលាញ់ ហើយបានតម្លៃខ្លួនមួយ ដែលអាចទទួលយកបាន បើទោះជានៅអាមេរិក លោកស្រីមមាញឹកខ្លាំង ទៅលើការគ្រប់គ្រប់ហាងអាហារផ្ទាល់ខ្លួន មួយក្ដី ។

ក្រៅពីលោកស្រី អម្ពរ ទេវី តារាដែលចេញទៅរស់នៅតាមស្វាមី នៅអាមេរិក ហើយនៅតែអាចចុះមកថតភាពយន្ដនៅស្រុកខ្មែរ បាន ដោយប្ដីមិនហាមឃាត់ មានដូចជា នារី រ័ត្នគន្ធា, សុគន្ធ និសា និងសារ៉ាយ សក្ខណា ជាដើម ។

តាមប្រភពថា ការរស់នៅសហរដ្ឋអាមេរិក ជាច្រើនឆ្នាំ លោកស្រី អម្ពរ ទេវី ត្រូវបានស្វាមីថ្មី និងម្ដាយក្មេក ស្រលាញ់និងពេញចិត្តណាស់ ។

តាមព័ត៌មានថា អម្ពរ ទេវី នឹងត្រូវបានទស្សនិកជនចាប់អារម្មណ៍ស្នាដៃសម្ដែងសាជាថ្មីមិនខាន នៅពេលដែលរឿង «អប្សរាមហាអង្គរ» ត្រូវបានដាក់បញ្ចាំង នាពេលខាងមុខនេះ ព្រោះ Fan ចង់ដឹងថា ការសម្ដែងរបស់អតី តតារាល្បីកំពូលនេះ ពីមុន និងពេលនេះ ទេពកោសល្យនៅតែខ្លាំងដដែល ឬមានការប្រែប្រួល? ប៉ុន្ដែកន្លងមក លោកហ្វៃ សំអាង ធ្លាប់ប្រាប់អ្នក «នគរធំ» ថា អម្ពរ ទេវី នៅតែសម្ដែងបានល្អដូចមុន ហើយតួអង្គដែលលោក ស្រីសម្ដែង ក្នុងរឿង «អប្សរាមហាអង្គរ» ស័ក្តិសមនឹងលោកស្រី ពិបាករកតួផ្សេងជំនួស ។ ប៉ុន្តែលោក សំអាង ថាពេលរឿង «អប្សរាមហាអង្គរ» សម្ពោធដាក់បញ្ចាំងជាផ្លូវការ លោកមិនដឹងថា អម្ពរ ទេវី នឹងមកចូលរួមដែរឬយ៉ាងណាទេ ព្រោះលោកស្រី រវល់មុខរបររកស៊ីនៅអាមេរិក ហើយការអញ្ជើញមកថតរឿងឲ្យលោក អាចមកពីលោកស្រី មានការយោគយល់ការរាប់អានជមួយលោក ច្រើនឆ្នាំកន្លងមក ៕