ភ្នំពេញ ៖ ក្រោយត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ និងសម្រាលបានកូនភ្លោះរួចមក លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya បានចេញលិខិតសំណូមពរជាសាធារណៈ ស្នើសុំសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការប្រើរូបថតលោកស្រី ក្នុងសភាពមិនសមរម្យ ជាពិសេសអំឡុងពេលនៃការឃាត់ខ្លួន និងឃុំខ្លួន (រូបអ្នកទោស) មកបន្តបង្ហោះ ចែកចាយ និងផ្សព្វផ្សាយជាសាធារណ តាមបណ្តាញសង្គម តទៅទៀត។

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះលិខិតសំណូមពរ ជាសាធារណៈ ១សន្លឹក ដោយមានភ្ជាប់ស្នាមមេដៃលោកស្រីផ្ទាល់ រួមនិងហត្ថលេខានិងត្រាមេធាវីផង ទទូចស្នើសុំចិត្តមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការបង្ហោះរូបភាពមិនសមរម្យរបស់លោកស្រី ពិសេស រូបភាពអំឡុងពេលឃាត់ខ្លួន (ឯកសណ្ឋានអ្នកទោស) តាមបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ជាពិសេសសតិអារម្មណ៍របស់កូនតូចៗលោកស្រី ដែលនៅមិនទាន់ដឹងក្តីនៅឡើយ។លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya បានសរសេរអមជាមួយលិខិតសំណូមពរនោះថា “ក្នុងនាមជាស្ត្រីមេម៉ាយ និងជាម្តាយកូនចំនួន៤នាក់ នាងខ្ញុំសូមស្នើសុំយ៉ាងទទួច ចំពោះបងប្អូនសាធារណៈជន ដែលបានយករូបភាពនាងខ្ញុំ ទោះបីមានចេតនាឬអចេតនាយ៉ាងណាក្តី សូមមេត្តាបញ្ឈប់ការប្រើប្រាស់រូបភាពមិនសមរម្យរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះបំផុត…”។
លិខិតសំណូមពរចំពោះសាធារណជន របស់លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya មានខ្លឹមសារទាំងស្រុងថា «នាងខ្ញុំ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្ថិតភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមគោរពជូន សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ
កម្មវត្ថុ ៖ ស្នើសុំឱ្យបញ្ឈប់ និងប្រើប្រាស់រូបភាពមិនសមរម្យ ជាពិសេសអំឡុងពេលនៃការឃាត់ខ្លួន និងឃុំខ្លួនរបស់នាងខ្ញុំ មកបន្តបង្ហោះ ចែកចាយ និងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមសោតទស្សន៍គ្រប់ប្រភេទ។

តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក/លោកស្រី អ្នកនាងកញ្ញា និងសាធារណជន ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងជាទីរាប់អានថា ៖ នាពេលកន្លងមក នាងខ្ញុំបានទទួលស្គាល់ និងមានវិប្បដិសារីយ៉ាងក្រៃលែង នូវ កំហុសខុសឆ្គងដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោ ជន៍ជាតិ ជាពិសេស ការប៉ះពាល់លើទឹក ចិត្តស្នេហាជាតិមាតុភូមិ របស់បងប្អូនប្រជាពលរដ្ឋ និងវីរកងទ័ពដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលនៃការឈ្លានពានពីសំណាក់កងទ័ពសៀមឈ្លានពាន។ ប៉ុន្តែសកម្មភាពនេះ នាងខ្ញុំក៏បានទទួលស្គាល់រាល់កំហុសឆ្គង និងទទួលចំណាត់ការតាមនីតិវិធីច្បាប់ ដោយទទួលការអនុវត្តទោស និងទទួលបានការអនុគ្រោះពីស្ថាប័នតុលាការ ដោះលែងឱ្យមានសេរីភាព ជាបណ្តោះអាសន្នឡើងវិញហើយ។
ទោះបីជានាងខ្ញុំបានទទួលរាល់កំហុសឆ្គង និងទទួលទណ្ឌកម្មស្របតាមនីតិវិធីច្បាប់ រួចទៅហើយក្តី ក៏នានាថ្មីៗនេះ នៅតែមានក្រុមមនុស្សមួយចំនួនតូច នៅតែបន្តយករូបភាពមិនសមរម្យរបស់នាងខ្ញុំ ជាពិសេស រូបភាពពេលអំឡុងឃាត់ខ្លួន ក្នុងឯកសណ្ឋានជាអ្នកទោស ជាអាទិ៍ យកមកធ្វើការបង្ហោះចែកចាយតាមបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាពិសេសសតិអារម្មណ៍របស់កូនៗដែលពួកគាត់ស្ថិតក្នុងកុមារភាព (អនីតិជន) និងមិនទាន់ដឹងសេចក្តីនៅឡើយ។
ហេតុនេះ នាងខ្ញុំ ក្នុងនាមជាស្ត្រីមេម៉ាយ និងជាម្តាយកូនចំនួន៤នាក់ នាងខ្ញុំសូមស្នើសុំយ៉ាងទទួច ចំពោះបង ប្អូនសាធារណជនដែលបានយករូបភាពនាងខ្ញុំ ទោះបីមានចេតនាឬអចេតនាយ៉ាងណាក្តី សូមមេត្តាបញ្ឈប់ការប្រើប្រាស់រូបភាពមិនសមរម្យរបស់នាងខ្ញុំ ដូចមានខ្លឹមសារ ខាងលើ ដោយក្តីអនុគ្រោះបំផុត។
សូមសម្តេច ឯកឧត្តម លោកជំទាវ លោក/លោកស្រី អ្នកនាងកញ្ញា និងសាធារណជន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ»។
គួរបញ្ជាក់ថា លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឱ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា លោកស្រី Love Riya ត្រូវជាប់ទោស២ឆ្នាំ តែអនុវត្ត ៦ខែ៩ថ្ងៃប៉ុណ្ណោះ។
គួររំលឹកថា លោកស្រីឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ ចំនួន២បទល្មើស រួមមាន “ញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព”។

ការចាប់ខ្លួន ធ្វើឡើងបន្ទាប់ពីអតីតឧកញ៉ាលក់ឡេ ល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្តីនៅលើបណ្តាញសង្គម ដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងពហិការផលិតផលថៃ៕ ដារិទ្ធ