Friday, May 15, 2026
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ឲ្យចាត់វិធានការច្បាប់ មន្ត្រីកាងទុរេនថៃ ថាទុរេនខ្មែរ

សម្តេចហ៊ុន សែន ឲ្យចាត់វិធានការច្បាប់ មន្ត្រីកាងទុរេនថៃ ថាទុរេនខ្មែរ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានជំរុញឲ្យចាត់វិធានាការតាមផ្លូវច្បាប់់ ទៅលើមន្ត្រីកាងជនខិលខូចលួចនាំចូលទុរេនថៃ ដើម្បីព្រមានមន្ត្រីខិលខូច បន្ទាប់ពីករណីលួចនាំទុរេនថៃ មកលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង រហូតដល់តុលាការ សម្រេចផ្ដន្ទាទោសស្រ្តី ពីរនាក់ ហើយដំបូងឡើយ មន្ត្រី ក.ប.ប ខេត្តបាត់ដំបង បែរទៅជាប្រកាសថា ជាទុរេនខ្មែរ មកពីខេត្តកំពង់ចាម ទៅវិញ ។

 ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក នាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង កាលពីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្ដេច ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលប្រកាសថា ទុរេនថស ជាទុរេនខ្មែរ មកពីខេត្តកំពង់ចាម ខណៈអ្នកនាំចូលនោះ បានសារភាពថា​ជាទុរេនថៃ។ សម្ដេច បានសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះមន្ត្រី ក.ប.ប ផងដែរថា តើមានចំណាត់ការបែបណា?

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា «ហេតុអ្វីមន្ត្រីយើង ទៅកាងជនខិលខូច ខណៈជនខិលខូច បានសារភាពថា បាននាំចូលពីប្រទេសថៃ។…ប្រជាពលរដ្ឋ មិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹង បានមានវិធានការហើយនៅ?“ ។

ជាមួយនឹងការចោទសួរ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច ជាអ្នកខេត្តកំពង់ចាម គឺអាចដឹងបានថា ទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ដល់ខេត្តបាត់ដំបង ទេ យ៉ាងច្រើនមានក្នុងខេត្តកំពង់ចាម និងមកដល់ភ្នំពេញ ប៉ុណ្ណោះ ។ ជុំវិញករណីទុរេនខេត្តកំពង់ចាម នាំចូលទៅបាត់ដំបង នេះ សម្តេច ធ្លាប់បានលើក ឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា នៃខេត្តតាកែវ កាលពីពេលថ្មីៗនេះម្ដងហើយថា ទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅខេត្ត បាត់ដំបង នោះទេ ។

សង្កត់ធ្ងន់លើចំណុចនេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិការនោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ សម្ដេច ត្រូវតែណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ ហើយសម្តេច នឹងសួរនាំរឿងមន្ត្រីកាងជនខិលខូចនាំចូលទុរេនថៃ ព្រោះសម្រាប់មន្ត្រីបែបនេះ មិនគួរចាត់វិធាន ការត្រឹមអនុវត្តវិន័យរបស់មន្ត្រីនោះទេ តែគួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើត មាន ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា «គួរពិនិត្យដកមន្រ្តីកាំកុងត្រូល ដែលកុហករឿងទុរេន នាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន“ ។ 

 ក្រោយបានឃើញការប្រកាសចាត់វិធានការក្ដៅ ពីសំណាក់សម្ដេច ហ៊ុន សែន ដូចខាងលើនេះ មានមជ្ឈដ្ឋានជាច្រើន បានបង្ហាញការគាំទ្រ និងរង់ចាំមើលចំណាត់ការនេះ ដោយក្ដីរីករាយបំផុត ព្រោះគេជឿថា ការដែលបណ្ដាលឲ្យមានការនាំទុរេនថៃ ចូលមកលក់នៅក្នុងប្រទេសកម្ពុជាបាន ដោយសារតែមានមន្រ្តីខិលខូចជួយកាង ទើបអាចជួយសម្រួលដល់ការលួចនាំចូលរបស់ឈ្មួញបាន ។

 លោក ផែង វណ្ណៈ អ្នកកាសែតអនឡាញល្បីឈ្មោះ បានលើកឡើងក្នុងន័យរិះគន់មន្រ្តីខិលខូចទាំងនោះថា «ពាក់ឯកសណ្ឋានមន្ត្រី មានស័ក្ដិនៅលើស្មាហំហួន គួរជាទីគោរព ប៉ុន្តែបែរជាប្រឹងបិទបាំងការពិត ករណីនាំទុរេនពីថៃ តាមច្រកការប៊ីន ខេត្តបាត់ដំបង មកលក់ ហើយភូតកុហកថា ទុរេនកំពង់ចាម ទៅវិញ ខណៈអ្នកលក់ បានសារភាពថា មកពីថៃ រួចទៅហើយ ។ ដូច្នេះក្នុងនាមជាអ្នកសារព័ត៌មាន និងជាអ្នកស្រលាញ់យុត្តិធម៌សង្គម ខ្ញុំសូមគោរពគាំទ្រចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលស្នើឲ្យមានវិធានការចំពោះមន្ត្រី កបប ខេត្តបាត់ដំបង ដើម្បីជាការព្រមានដល់មន្ត្រីផ្សេងទៀត កុំឲ្យចេះភូតភរថ្នាក់ដឹកនាំ ភូតភរប្រជាពលរដ្ឋ»។

ទោះបីជាយ៉ាងណា ជាការកត់សម្គាល់ ក្រោយមានការគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន ពីគ្រប់មជ្ឈដ្ឋាន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែធ្លាយចេញនូវលិខិតបង្គាប់ការ របស់អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.»  សម្រេចដកលោក គឹម ប្រុស ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបង មកបញ្ឈរជើងនៅអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ។

នៅក្នុងលិខិតបង្គាប់ការ របស់អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» ចុះថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាននៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបង្គាប់ ៖  ត្រូវបានចាត់តាំង លោក គឹម ប្រុស អត្តលេខ១៧៣០៥០០០២០ ក្របខ័ណ្ឌ ក.២.២ បច្ចុប្បន្នជាប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង ឱ្យមកជួយការងារពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃធុរកិច្ច នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម  ។ ប្រគល់ភារកិច្ចជូនលោក ចេង ជីវ័ន្ត អត្តលេខ១៦៧០៦០០០១៥ ក្របខ័ណ្ឌ ក.២.២ បច្ចុប្បន្នជាអនុប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងខេត្តបាត់ដំបង ជាប្រធានស្ដីទី សាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង។

គួររំលឹកថា កាលពីពេលថ្មីៗនេះ មានការផ្ទុះប្រតិកម្មរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការដាក់លក់ទុរេន ជាច្រើន ក្នុងផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលសង្ស័យជាទុរេននាំចូលពីប្រទេសថៃ។ ភ្លាមៗ ក្រោយផ្ទុះប្រតិកម្មនោះ ខាងមន្រ្តី ក.ប.ប. សាខាបាត់ដំបង បានចុះទៅត្រួតពិនិត្យ ហើយបានចេញសេចក្ដីប្រកាសព័ត៌ មានថា ក្រោយពីបានសាកសួរក្រុមអាជីវករលក់ទុរេន នៅផ្សារភូពុយ ថាមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារនាគមាស ផ្សារដើមគថ្មី រាជធានីភ្នំពេញ និងពុំមានការទិញពីឈ្មួញ ឬអ្នកនាំចូលទុរេនពីថៃ នោះទេ ។ ប៉ុន្តែខណៈដែលព្រឹត្តិការណ៍ផ្លែទុរេននេះ នៅតែមានភាពចម្រូងចម្រាស សមត្ថកិច្ចនគរ បាលខេត្តបាត់ដំបង  បានស្រាវជ្រាវរកឃើញស្រ្តីម្នាក់ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “អា ឡែន” ។ រហូតមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អា ឡែន” ដែលមានឈ្មោះពិត ព្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានចូលសារភាពថា សារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គម រឿងទិញ-លក់ផ្លែទុរេន ពីប្រទេសថៃ នាប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាសំឡេងរបស់ខ្លួន ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេន ពិតមែន ដោយថែមទាំងបានបញ្ជាក់ថា ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ ខ្លួនបានទំនាក់ទំនងជាមួយជនជាតិថៃ ដែលធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមក ទិញផ្លែទុរេន បានចំនួន ០៣លើក មានចំនួនប្រមាណ ២០០០ គីឡូក្រាម (ពីរពាន់គីឡូក្រាម) ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង ០៣លើកនេះ ខ្លួនបានដាក់រថយន្ត ផ្ញើទៅឱ្យអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាម តាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់ ខ្លួនក៏ទទួល ហើយផ្ញើទៅខេត្តកំពង់ចាម តែម្ដង ។

ចំណែកបុគ្គលឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ដែលជាអ្នកបញ្ជាទិញទុរេន ពីឈ្មោះព្រឿន សាក់ឡែន ហៅអាឡែន ចំនួន ៣លើក តាមច្រកព្រំដែនអូររំដួល ឬកាប៊ីន ក្នុងឃុំរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មិនទាន់បានចូលសារភាពទេ គឺកំពុងតែរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួន តាមដីការបស់តុលាការ ខណៈដែលមជ្ឈដ្ឋានមហាជន បានលើកឡើងថា ជននេះ នឹងមិនអាចរួចខ្លួន ឬរត់ផុតគេច ពីសំណាក់ច្បាប់បានទេ ។ ប៉ុន្តែទន្ទឹមនេះ មជ្ឈដ្ឋានមួយចំនួន បានបង្ហាញក្តីមន្ទិល និងចោទជាសំណួរថា តើទុរេនខុសច្បាប់ ទាំងនោះ អាចនាំចូលប្រទេសកម្ពុជា បានដោយរបៀបណា ប្រសិនបើមិនមានការបើកដៃពីមន្ត្រីពាក់ព័ន្ធ នៅច្រកព្រំដែន? ដូច្នេះគេស្នើឱ្យមានការចាត់វិធានការច្បាប់ ចំពោះឈ្មួញនិងមន្ត្រីដែលគប់គិតលួចនាំចូលទាំងនោះផងដែរ ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភ័ស្តុតាងនានា ក្នុងសំណុំរឿងខាងលើ កាលពីថៃ្ងព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦  តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចធ្វើការចោទប្រកាន់លើស្រ្តីទាំងពីរនាក់ ខាងលើ ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ (គេចខ្លួន) ចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ»  ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ ព្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) និងបក្ខពួក ពីបទ «ការលួចនាំចូលទំនិញគេចពន្ធ» ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧-១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ចូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» បានបញ្ជាក់ជូនព័ត៌មាន ៣ចំណុច គឺ ៖

១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ ជាមួយអាជីវករចំនួន ៧កន្លែង ដែលដាក់លក់ទុរេន នៅផ្សារភួពុយ និងប្រមូលសំណាកគំរូទុរេន ទាំងនោះ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ ពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។

២. នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅធ្វើការស៊ើបអង្កេតដល់ទីកន្លែងនៅខេត្តបាត់ដំបង និងរៀបចំកិច្ចប្រជុំរួមរវាងរដ្ឋបាលខេត្តបាត់ដំបង ដែលមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រធានសាខា ក.ប.ប. និងមន្ត្រីក្រោមឱវាទ ព្រមទាំងអាជីវករពាក់ព័ន្ធនៅផ្សារភួពុយ មួយចំនួនផងដែរ ដើម្បីស្ដាប់អំណះអំណាង និងស្វែងរកដំណោះស្រាយបន្ទាន់សម្រាប់ករណីនេះ។

៣. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចេញលិខិតបង្គាប់ការលេខ ៤៤៣ អ.កបប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។

 ដោយឡែក កាលពីថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានធ្វើលិខិតជម្រាបមកលោក លោកស្រី ប្រធានលេខា ធិការដ្ឋាន នាយកដា្ឋន សាខានិងការិយាល័យគយនិងរដ្ឋាករ ឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ដោយបានលើកឡើងថា ផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសថៃ ជាទំនិញហាមឃាត់ដាច់ខាត លើការនាំចូល ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការនាំចូលដោយខុសច្បាប់ នូវផ្លែទុរេនស្រស់ ត្រូវតាមដាននិងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាម ផងដែរ ។ ចំពោះការនាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេសការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យ ពីប្រទេសនាំចេញ ៕ កុលបុត្រ

RELATED ARTICLES