Monday, May 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះតាយាយ ឆេះមាស១តម្លឹង លុយ១០លាន

ភ្លើងឆេះផ្ទះតាយាយ ឆេះមាស១តម្លឹង លុយ១០លាន

ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ចស្រុកបរសេដ្ឋ បានឱ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការឆាបឆេះមានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង មានម្ចាស់ឈ្មោះគឹម វិតាក់ ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ អ៊ួន សុខខន អាយុ៥៥ឆ្នាំ រស់នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ម្ចាស់ផ្ទះ បានរៀបចំចូលសម្រាកទៅហើយ ស្រាប់តែទុស្សេចរន្តអគ្គិ សនី ក្លាយជាអណ្តាតភ្លើង ឆាបឆេះផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ករណីខាងលើនេះ បានបណ្តាលឱ្យខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង មាស ១តម្លឹង២ជី ស្រូវ៣៥បេ លុយ ចំនួន១០លានរៀល និង៣០០ដុល្លារ កង្ហារ៣គ្រឿង គ្រែ១ ពូក១ អត្តសញ្ញាណប័ណ្ណ សៀវ ភៅស្នាក់នៅ ប្លង់ដី ចំនួន១៣ប្លង់ និងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងអស់ និងឯកសារមួយចំនួន។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដល់ផ្ទះអ្នក ជិតខាងនោះទេ។ ចំណែកមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ ចំពោះប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់កម្លាំង ចំនួន១៥នាក់ រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង របស់អធិ ការដ្ឋានស្រុកបសេដ្ឋ និងប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបភ្លើងបានរលត់ទាំងស្រុង៕

RELATED ARTICLES