Monday, May 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ក្នុងអគារព្រីសន៍ ឃាត់ខ្លួន១០៤នាក់

បង្ក្រាបឆបោកអនឡាញ ក្នុងអគារព្រីសន៍ ឃាត់ខ្លួន១០៤នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើ ធ្វើឡើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោកប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ គ.ប.ឆ.ប និងចូលរួមសហការដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកហ៊ុន សុរិទ្ធី អភិបាលរង លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ លោកឧត្តម សេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្សចំនួន១០៤នាក់ និងសម្ភារៈវត្ថុតាង ដូចខាងក្រោម ៖

ទី១- ជនបរទេស សរុបចំនួន៨៣នាក់ (ស្រី៥នាក់) មាន២សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអន ឡាញ Online Scams) រួមមាន ៖ ជនជាតិចិន ចំនួន៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាម ១នាក់។

ទី២- ជនបរទេស សរុបចំនួន២១នាក់ (ស្រី២នាក់) មាន៥សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។

ចំពោះសម្ភារៈវត្ថុតាង ដកហូតរួមមាន កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧គ្រឿង កុំព្យូទ័រយួរដៃ (Laptop) ចំនួន៣៦គ្រឿង iPad ចំនួន៥គ្រឿង ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង និងធុង CPU ចំនួន៦គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឱ្យវិនិយោគ (Investment Scams)។

ក្រុមជនសង្ស័យ ទាំង១០៤នាក់ បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES