Tuesday, May 26, 2026
Homeសន្ដិសុខសង្គមចាប់ដុតចោល សាច់បង្កក២ឡាន ៣តោន

ចាប់ដុតចោល សាច់បង្កក២ឡាន ៣តោន

ខេត្តតាកែវ ៖ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងរឹតបន្តឹងលើការនាំចូលសាច់បង្កក គ្មានគុណភាព កម្លាំងចម្រុះនៃរដ្ឋបាលស្រុកអង្គរបុរី បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ចាប់បានរថយន្ត ចំនួន ០២គ្រឿង ដែលលួចដឹកជញ្ជូនសាច់បង្កកខុសច្បាប់ សរុបជាង ៣តោន យកទៅដុតកម្ទេចចោលភ្លាមៗ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក កង អាណាន់ អភិបាលស្រុកអង្គរបុរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក នួន ប៉ិន អធិការនគរបាលស្រុក ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត និងការិយាល័យគយនិងរដ្ឋាករបាក់ដៃ បានដេញស្ទាក់និងឃាត់រថយន្តសង្ស័យ ចំនួន ០២គ្រឿង។

ជាលទ្ធផល បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារចម្រុះ បានរកឃើញសាច់បង្កកនាំចូល ដោយខុស ច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអនាម័យត្រឹមត្រូវ សរុបចំនួន ៣៨៥កេស ដែលមានទម្ងន់ស្មើនឹង ៣០៤២គីឡូក្រាម។

ក្រោយពីបានរកឃើញបទល្មើសជាក់ស្តែង និងដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបាន សម្រេចដឹកជញ្ជូនវត្ថុតាងសាច់បង្កកអត់ច្បាប់ទាំងនោះ យកទៅដុតកម្ទេចចោលភ្លាមៗ នៅទីតាំងរណ្តៅសំរាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីចៀសវាងការហូរចូលទៅក្នុងទីផ្សារ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលស្រុកអង្គរបុរី ក៏ដូចជាគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាក់ថា នឹងបន្តរឹតបន្តឹងយន្តការត្រួតពិនិត្យនិងបង្ក្រាបរាល់ការនាំចូលទំនិញខុសច្បាប់ ជាពិសេសគ្រឿងឧបភោគ បរិភោគខូចគុណភាព ឬគ្មានប្រភពច្បាស់លាស់ ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានជាដាច់ខាត៕

RELATED ARTICLES