Tuesday, May 26, 2026
Homeនយោបាយច្បាប់កាតព្វកិច្ចយោធា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ជាការប្រញាប់

ច្បាប់កាតព្វកិច្ចយោធា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ជាការប្រញាប់

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ជាការប្រញាប់ បន្ទាប់ពីច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័ត និងព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង ។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់រូប មានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា ។ ការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។

ព្រះរាជក្រម លេខ នស/រកម/០៥២៦/ ០០៨ ចុះថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសឱ្យប្រើច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភា លើកទី៥ នីតិកាលទី៥ មានសេចក្តីទាំងស្រុង ដូចតទៅ ៖

          ជំពូកទី១

          បទប្បញ្ញត្តិទូទៅ

មាត្រា១ –

ច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេ ហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។

មាត្រា២ –

 ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់រូប មានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។

  ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

 ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋខ្មែរ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

ជំពូកទី២

រយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធា និងលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង

មាត្រា៣ —

ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខៃ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធា អាចបន្តបាន ដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់រាជរដ្ឋាភិបាល។

ចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗ រៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

មាត្រា៤ .-

 យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយ ត្រូវអនុញ្ញាតឱ្យទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុង រហូតដល់អាយុ ៤៥ (សែសិបប្រាំ) ឆ្នាំ។ យោធិននេះក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្តទៅទៀតបាន ទៅតាមតម្រូវការរបស់ក្រសួងការពារជាតិនិងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ក្នុងស្ថានភាពជាយោធិនបម្រុងនេះ សាមីជន ត្រូវមកបំពេញភារកិច្ចក្នុងកងយោធពលខេមរភូមិន្ទ តាមការអញ្ជើញគ្រប់ពេលវេលា តាមការចាំបាច់របស់ប្រទេសជាតិ តាមគ្រប់រូបភាព និងតាមកាលៈទេសៈតម្រូវ តាមការកំណត់របស់រាជរដ្ឋាភិបាល។

មាត្រា៥

 លក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។

          ជំពូកទី៣

  ការចុះបញ្ជី ការអញ្ជើញ ការពន្យារពេល និងការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា

មាត្រា៦ –

 ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធា ត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីជំរឿនកាតព្វកិច្ចយោធា។ ការធ្វើជំរឿន ត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៧ (ដប់ប្រាំពីរ) ឆ្នាំឡើងទៅ។

 ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវការជូនដំណឹងអំពីកាលបរិច្ឆេទនិងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។

លក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ និងការអនុវត្តកាតព្វកិច្ចយោធា ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា៧ –

ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា អាចដាក់ពាក្យសុំពន្យារពេល១ (មួយ) ឆ្នាំម្តងៗ។

 លក្ខខណ្ឌនិងបែបបទនៃការពន្យារពេល ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា៨ –

 ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះ ៖

  – ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការនិងសាសនា

  – ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច

 – អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់ ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធា ដូចមានកំណត់ក្នុងច្បាប់នេះ

 – ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ស្របតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន

 – ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង ពីគណៈកម្មការសុខាភិបាល។

ជំពូកទី៤

កាតព្វកិច្ចនិងអត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចយោធា

មាត្រា៩ –

 ក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូប ត្រូវទទួលបានប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងៗ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។

យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។ ក្នុងករណីយោធិនពលី មរណៈ ឬពិការ ដោយសារបុព្វហេតុជាតិមាតុភូមិ ពេលបំពេញបេសកកម្ម ក្នុងអំឡុងពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិន ត្រូវទទួលបានគោលរបបផ្សេងៗ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។

យោធិនដែលបានបង្កើតស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធា ត្រូវបានលើកទឹកចិត្តនិងសរសើរ ដូចយោ ធិនអាជីព។

មាត្រា១០ –

ក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូប ត្រូវគោរពតាមបទវិន័យទូទៅសម្រាប់កង យោធពលខេមរភូមិន្ទ ស្របតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

មាត្រា១១ –

 យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវទទួលបានការលើកទឹកចិត្ត ដែលត្រូវកំណត់ដោយអនុក្រឹត្យ។ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈឬឯកជននានា និងអង្គការសង្គមស៊ីវិល ត្រូវទទួលឱ្យប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធានោះ ចូលបម្រើការងារវិញក្នុងក្របខ័ណ្ឌដើម ដោយរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា ហើយផ្តល់អាទិភាពក្នុងការពិចារណាដំឡើងមុខតំណែង ឬថ្នាក់ ឬឋានន្តរស័ក្ដិ។ រយៈពេលនៃការបំពេញកាតព្វកិច្ចយោធា ត្រូវបានរាប់បញ្ចូលក្នុងអតីតភាពសម្រាប់ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ឬការចូលនិវត្តន៍របស់សាមីជនផងដែរ។

គ្រឹះស្ថានសាធារណៈឬឯកជននានា ត្រូវទទួលឱ្យសិស្ស និស្សិតដែលបានបញ្ចប់កាតព្វកិច្ចយោធានោះ បន្តការសិក្សាវិញ ដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមករបស់សាមីជន។

 បែបបទនិងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារ ឬបន្តការសិក្សាវិញ ត្រូវកំណត់ដោយអនុក្រឹត្យ។

          ជំពូកទី៥

          សមត្ថកិច្ចតុលាការ

មាត្រា១២ –

  បទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់នេះ ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការយោធា។

          ជំពូកទី៦

          ទោសប្បញ្ញត្តិ

មាត្រា១៣ –

ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះ ពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។

          ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដូចខាងក្រោម ៖

 – ដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តចប់ក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព

 – ដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីកម្លាំងបរទេស។

 បញ្ញត្តិនៃកថាខណ្ឌទី២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះជនណាដែលគេចវេះក្នុងអំឡុងពេលនៃការអនុវត្តកាតព្វកិច្ចយោធា ដែលបានកំណត់ក្នុងច្បាប់នេះ។

ក្នុងករណីជនល្មើសទទួលកំហុសរបស់ខ្លួន ហើយសុខចិត្តចូលមកបំពេញកាតព្វកិច្ចយោធាវិញ នៅមុនពេលដែលមានសេចក្តីសម្រេចជាស្ថាពរពីតុលាការ ជននោះត្រូវទទួលបានការអនុគ្រោះពីការផ្តន្ទាទោស ប៉ុន្តែត្រូវបញ្ជូនជននោះទៅអនុវត្តទណ្ឌកម្មវិន័យ។ បែបបទនិងនីតិវិធីនៃការអនុវត្តទណ្ឌកម្មវិន័យ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

មាត្រា១៤ –

ការញុះញង់ឱ្យគេចវេះពីការបំពេញកាតព្វកិច្ចយោធា ត្រូវផ្ដន្ទាទោសដូចគ្នានឹងបទល្មើសគេចវេះពីកាតព្វកិច្ចយោធា ដូចមានចែងក្នុងមាត្រា១៣ នៃច្បាប់នេះ។

អ្នកផ្ដើមគំនិតឬសមគំនិតនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោសដូចគ្នានឹងចារីដែរ។

មាត្រា១៥ –

ជនណាដែលឆ្លៀតយកឋានៈនិងតួនាទី ដើម្បីរាំងស្ទះមិនឱ្យប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល។

មាត្រា១៦ –

ចំពោះជនណាដែលប្រព្រឹត្តបទល្មើសដែលមានចែងក្នុងមាត្រា១៣ មាត្រា១៤ និងមាត្រា១៥ នៃច្បាប់នេះ តុលា ការ អាចប្រកាសទោសបន្ថែម មួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

 បែបបទនិងនីតិវិធីសម្រាប់ការអនុវត្តទោសបន្ថែមទាំងនេះ ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។

មាត្រា១៧ –

 ការអនុវត្តទោសប្បញ្ញត្តិនៃជំពូកទី៦ នៃច្បាប់នេះ មិនរារាំងដល់ការអនុវត្តច្បាប់ព្រហ្មទណ្ឌផ្សេងទៀត ក្នុងករណីដែលអំពើដែលកំណត់ថាជាបទល្មើសដែលមានចែងក្នុងច្បាប់នេះ ជាបទល្មើសដែលបានបញ្ញត្តក្នុងច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។

          ជំពូកទី៧

          អន្តរប្បញ្ញត្តិ

មាត្រា១៨ –

លិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

          ជំពូកទី៨

          អវសានប្បញ្ញត្តិ

          មាត្រា១៩ –

 ច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។

          មាត្រា២០ –

          ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់៕

RELATED ARTICLES