Wednesday, June 3, 2026
Homeតារាខ្មែរពេជ្រ សោភា ជះលុយជប់លៀងធំ

ពេជ្រ សោភា ជះលុយជប់លៀងធំ

ភ្នំពេញ ៖ ពេជ្រ សោភា បានប្រកាសនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា នាងនឹងធ្វើពិធីជួបជុំអ្នកគាំទ្រ (Fan Meting)​ នៅថ្ងៃទី៦ មិថុនា ២០២៦ នៅ​ Oakwood Premier Phnom Penh ដែលនេះជាលើកទី១ ក្នុងអាជីពចម្រៀង រយៈពេល ២១ឆ្នាំ (២០០៥-២០២៦) ដែលនាងធ្វើកម្មវិធីធំ សប្បាយជាមួយ Fan  ។ សោភា ថានាងចង់ចំណាយពេលជាមួយ Fan  ប៉ុន្ដែមិនបានប្រកាសថា កម្មវិធីនោះ នាងច្រៀងលក់សំបុត្រ ដូចតារាមួយចំនួនទៀតដែលធ្លាប់ធ្វើពិធីដូចគ្នានេះដែរទេ ។​

ប្រសិនបើសោភា គ្មានការច្រៀងលក់សំបុត្រ​ ហើយជប់លៀងផឹកស៊ី Free នោះមានន័យថា នាងជះលុយក្រាស់ហើយឆ្នាំនេះ ព្រោះពិធីនោះ មុនតែ ៣ថ្ងៃប៉ុណ្ណោះ ថ្ងៃខួបកំណើតគម្រប់អាយុ ៤៣ឆ្នាំ របស់នាង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ទើប Fan ខ្លះ ឲ្យយោបល់ដល់នាងថា គួរតែធ្វើកម្មវិធី Fan Meting និងខួបកំណើត បញ្ចូលគ្នាតែម្ដងទៅ ដើម្បីកុំឲ្យពិបាកធ្វើកម្មវិធីធំបែបនេះ ២ដងកៀកគ្នា នាំតែចាយលុយអស់កាន់តែច្រើន ។​ ប៉ុន្ដែបញ្ហាលុយប្រហែលជាគ្មានឧបសគ្គសម្រាប់សោភា ឡើយ នាពេលនេះ ព្រោះក្រោយចេញពីហង្សមាស ជាង២ឆ្នាំ សោភា នៅតែមានទីផ្សារចម្រៀងធម្មតា និងថ្មីៗនេះ ថែមទាំងទើបទិញរថយន្ដទំនើប ម៉ាក Mercedes Benz បន្ថែមពីលើរថយន្ដ Mercedes ដែលមានស្រាប់ទៀតផង ។

គួរបញ្ជាក់ថា ក្រៅពីពេជ្រ សោភា តារាដែលបានធ្វើកម្មវិធី Fan Meting មានដូចជា អ្នកនាងទេព បូព្រឹ្ស និងពេជ្រ សូលីកា ជាដើម ប៉ុន្ដែតារាខ្លះ ឆ្លៀតឱកាសលក់សំបុត្រ ដើម្បីទប់ទល់ការចំណាយ ឬជប់លៀងសប្បាយជាមួយ Fan ផង ចំណេញទាំងលុយទៀត ។ ចំពោះពេជ្រ សោភា ការធ្វើពិធីសប្បាយៗបែបនេះឡើង អាចជាគោលបំណងលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន ជាង២ទសវត្សនេះ និងជាការតេស្ដផងដែរថា Fan មានការប្រែប្រួលយ៉ាងណាដែរ ក្រោយពេលនាងលែងជាតារាហង្សមាស ហើយតារាចម្រៀងរូបនេះ អាចនឹងធ្វើឲ្យអ្នកគាំទ្រនាង ឃើញកាន់តែច្បាស់នៅថ្ងៃនោះថា នាងពិតជាចង់រក្សា Fan របស់ខ្លួន ឲ្យមានភាពស្និទ្ធស្នាលតទៅទៀត។

មានការកត់សម្គាល់ថា ពេជ្រ សោភា ប្រែប្រួលខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាពីតារាម្នាក់ដែលអត់ចេះលេងរថយន្ដទំនើបដូចគេ មកជិះឡាន ១គ្រឿង តម្លៃស្មើផ្ទះវីឡា ១ ហើយកាលពីឆ្នាំមុន នាងបានកែស្លាបច្រមុះ ដើម្បីច្រមុះខ្ពស់និងស្រួចជាងមុនផងដែរ ។ ប៉ុន្ដែគ្មានដំណឹងសោភា ចង់កែពង្រីកដើមទ្រូង ឬកែកន្លែងណាបន្ថែមទៀតនោះទេ ។

មជ្ឈដ្ឋានមហាជន នៅតែចាត់ទុកថា នៅឆ្នាំ២០២៦ ពេជ្រ សោភា ជាតារាជោគជ័យតែលើអាជីពចម្រៀង ប៉ុន្ដែស្នេហា នៅតែមិនច្បាស់លាស់​ ឬបរាជ័យរឿងស្នេហាដដែល ព្រោះសោភា ដែលលុបចោលមង្គលការជាមួយលោក ឆឹម សក្កដា យ៉ាងទាន់ហន់​កាលពីឆ្នាំ២០២៣ ខណៈ ពេលនេះរឿងអាពាហ៍ពិពាហ៍នាង ស្ងាត់សូន្យឈឹង ហើយមានពេលខ្លះ នាងថែមទាំងថា មិនដឹងរឿងរបស់គូដណ្ដឹងខ្លួន លោកសក្កដា ព្រមានធ្វើអត្តឃាត ជាច្រើនលើកច្រើនសានោះទៀតផង។ ទោះជាយ៉ាងណា សោភា ដែលជានារីរឹងមាំម្នាក់ ព្រោះច្រៀងសម្ដែងទាំងខ្លួនមានជំងឺឈាមសស៊ីឈាមក្រហម ក្រោយធ្លាក់ខ្លួនមេម៉ាយ ១០ឆ្នាំ នាងនៅតែគិតគួរទៅលើរឿងគ្រួសារ សំខាន់ជាងរឿងស្នេហាដដែល ។ សោភា ហាក់ដូចជាមិនខ្លាចនឹងបន្ដជីវិតជាស្រ្ដីមេម៉ាយ តទៅទៀតទេ ហើយអ្វីដែលនាងលើកទឹកចិត្តខ្លួនឯង ក្រៅពី Fan នោះគឺជាញឹកញាប់សោភា តែងតែសរសើររូបនាងថា នៅក្មេងនិងស្អាតជានិច្ច ។​ តារាគ្រិស្ទាន ជាង២ទសវត្សរូបនេះ ក៏ធ្លាប់ធ្វើឲ្យ Fan វិលក្បុងជាច្រើនឆ្នាំហើយ ដែលម្ដងសោះ កក្រោះជាមួយលោកឆឹម សក្កដា តែជូនកាល បែរជាស្អិតល្មូតគ្នាដូចស្ករតាំងម៉ែទៅវិញ ៕

RELATED ARTICLES